គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​ថា ចង់​សងសឹក​បឹង​កេត​ថ្ងៃ​អាទិត្យ​នេះ

លោក សែម សំណាង ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​បាន​បញ្ជាក់​ថា​លោក​មាន​បំណង​ចង់​យក​ឈ្នះ​ក្លឹប​បឹង​កេត​អង្គរ​ក្នុង​ការ​ជួប​គ្នា​ជើង​ទី​២​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា សប្ដាហ៍​ទី​១៦​ខាង​មុខ​នេះ ដើម្បី​ជា​ការ​សងសឹក​ជើង​ទី​១​វិញ។

 

គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​ថា ចង់​សងសឹក​បឹង​កេត​ថ្ងៃ​អាទិត្យ​នេះ

 

កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ភ្នំពេញ​ក្រោន​បាន​រង​បរាជ័យ​ម្ដង​មក​ហើយ​ក្នុង​ដី​ខ្លួន​ឯង ​ដោយ​កាល​នោះ​បឹង​កេត​ឈ្នះ​ក្នុង​លទ្ធផល ១-០ ។ ខណៈ​ដែល​ប៉ះ​គ្នា​ជើង​ទី​២ ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន ​មាន​បំណង​ចង់​សងសឹក​វិញ បើ​ទោះ​បី​ជា​ខ្លួន​អស់​ឱកាស​ប្រជែង​យក​ពាន​រង្វាន់​ហើយ​ក៏​ដោយ ក៏​ប្រឹងលេងដើម្បី​ជ័យជម្នះ​ដែរ។

 

លោក សែម សំណាង ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​ទើប​តែ​ឈ្នះ​ស៊ីម៉ាក់ ៤-០ ​ដែល​ប្រកួត​នេះ​យើង​ឃើញ​ចំណុច​ល្អ​ខ្លះ និង​មិន​ល្អ​ខ្លះ​សម្រាប់​ក្រុម​របស់​យើង។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​កែ​តម្រូវ ហើយ​ប៉ះ​ជាមួយ​ក្រុម​បឹង​កេត​នៅ​ចុង​សប្ដាហ៍​នេះ យើង​នឹង​ត្រៀម​ខ្លួន ដើម្បី​យក​ជ័យជម្នះ”៕

 

ភ្នំពេញ​ក្រោន​នៅ​ចុង​សប្ដាហ៍​នេះ អាច​នឹង​អវត្តមាន​ខ្សែ​ប្រយុទ្ធ កែវ សុខងន ​ដោយសារ​តែ​មាន​របួស​អំឡុង​ពេល​លេង​ទល់​និង​ក្រុម​ស៊ីម៉ាក់។ ចំណែក​ឯ​ខាង​បឹង​កេត​អង្គរ​វិញ ខ្សែ​ការពារ ហុង ផេង ​ច្បាស់​ណាស់​ថា​មិន​អាច​ចូល​ជួយ​ក្រុម​បាន​នោះ​ទេ ប៉ុន្តែ​អ្នក​ចាំ​ទី ស៊ូ យ៉ាទី ​អាច​មក​លេង​វិញ​បាន​ហើយ ព្រោះ​លែង​ជាប់​ពិន័យ​៕

 

អត្ថបទ៖ មុន្នី រម្យ