ឃាត់ខ្លួន​ជន​3​នាក់ ពី​បទ​ឆបោក​លុយ​ពលរដ្ឋ​ជាង​20​ម៉ឺន​ដុល្លារ

ឃាត់ខ្លួន​ជន​3​នាក់ ពី​បទ​ឆបោក​លុយ​ពលរដ្ឋ​ជាង​20​ម៉ឺន​ដុល្លារ



ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​ដែល​មានឈ្មោះ​ដល់​ទៅ​២​គឺ វើ​ល​ឡាយ ខូ​អិ​ល​ធី​ឌី ឬ វី វ័ន​វើ​ល បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ ឆបោក​ឱ្យ​ដាក់​ប្រាក់​បញ្ញើ​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់ ហើយ​មិន​ទាន់​សង​ប្រាក់​ប្រជាពលរដ្ឋ​វិញ​ចំនួន​ជាង​២០​ម៉ឺន​ដុល្លារ ។

ការ​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៥ ខែសីហា នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​វើ​ល​ឡាយ ខូ​អិ​ល​ធី ឌី ស្ថិត​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប  ។

លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ថ្លែង​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ និង​មានការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វើ​ល​ឡាយ ខូ​អិ​ល​ធី​ឌី ឬ​ក្រុមហ៊ុន វី វ័ន​វើ​ល ពី​ករណី ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដាក់​ប្រាក់​បញ្ញើ​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់​ហើយ​មិន​ទាន់​សង​ប្រាក់​ប្រជាពលរដ្ឋ​វិញ ទើប​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ នាំ​យក​មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ជំនាញ ។

ជន​ទាំង​៣​នាក់​នេះ​មាន ៖
១-​ឈ្មោះ ម៉ូ​វ សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខងារ​ជា​អនុប្រធាន​ក្រុមហ៊ុន មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ក្រុមហ៊ុន
២-​ឈ្មោះ លាន សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខងារ​ជា​លេខា​របស់​ក្រុមហ៊ុន មានស្រុក​កំណើត​នៅ​ភូមិ​ជី​អោ​ក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។
៣-​ឈ្មោះ ឡាញ់ សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខងារ​ជា​ជំនួយការ​ក្រុមហ៊ុន  បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប និង​មានស្រុក​កំណើត​នៅ​ភូមិ​ពពេច ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់​រួច​មក កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដកហូត កុំព្យូទ័រ​ឡេ​ប​ថប​ចំនួន​៤​គ្រឿង ម៉ាស៊ីន​ព្រី​ន​ចំនួន​៣​គ្រឿង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ក្រូ​ណូ​ដាក់​ឯកសារ​ចំនួន​៧ និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ចំនួន ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យបណ្តឹង​មាន ឈ្មោះ ឡេ​ង ឡា​ត់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​ឈ្មោះ ស៊ា​ច័ន្ទ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ដែល​បាន​ចាញ់បោក​អស់ប្រាក់​សរុប​ជាង​២២.៥០០​ដុល្លារ ។

លោកនាយ​ការិយាល័យ ថ្លែង​ទៀត​ថា តាម​ចម្លើយ​របស់​ជន​ទាំង​៣​នាក់​សារភាព​ថា ពួក​គេ​ពិតជា​បាន​ដើរ​ផ្សព្វផ្សាយ​ឱ្យ​អតិថិជន​សរុប​ទាំងអស់​ប្រហែល​ជាង​១០០​នាក់ មក​ដាក់​ប្រាក់​បញ្ញើ​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ ដូច​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​មែន ដោយ​បាន​យក​ប្រាក់​នោះ​ដាក់​ក្នុង​គណនី​ក្រុមហ៊ុន ។ ជន​ទាំង​៣​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕