ប្រការ​​សំខាន់​ៗ​ដែល​បេក្ខជន​បាក់ឌុប មិន​​ត្រូវ​​ធ្វើ​​ដាច់​ខាត​​នៅ​ពេល​​ប្រលង​

ការ​ប្រលង​បាក់​ឌុប​​ទូ​ទាំង​ប្រទេស​​ឆ្នាំ​២០១៦​​នេះ​ កាន់​តែ​ខិត​ជិត​មក​ដល់​ ​ដើម្បី​ជា​ការ​ក្រើន​រម្លឹក​​​​​ ក្រសួង​អប់​រំ​បាន​​ផ្សព្វ​ផ្សាយ​​ពី​ប្រការ​​​មួយ​ចំនួន​ដែល​​បេក្ខជន​​មិន​ត្រូវ​អនុវត្ត​នៅ​ក្នុង​ថ្ងៃ​ប្រលង​​។ គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​​​ប្រលង​បាក់​ឌុប​២០១៦​ ចំពោះ​បេក្ខជន​ណា​ដែល​យក​គ្រឿង​អេឡិចត្រូនិក​​ចូល​​ក្នុង​​បន្ទប់​ប្រលង​​នឹង​ត្រូវ​ធ្លាក់​ស្វ័យ​ប្រវត្តិ​ នេះ​បើ​តាម​​ប្រសាសន៍​ពី​រដ្ឋ​មន្ត្រី​ក្រសួង អប់​រំ ឯកឧត្ដម ហង់​ ជួន​ណារ៉ុន។ ដោយ​ឡែក​ប្រការ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​បេក្ខជន​ត្រូវ​ស្វែង​យល់​មាន​ដូច​ខាង​ក្រោម៖

 

ប្រការ​​សំខាន់​ៗ​ដែល​បេក្ខជន​បាក់ឌុប មិន​​ត្រូវ​​ធ្វើ​​ដាច់​ខាត​​នៅ​ពេល​​ប្រលង​

១. មិន​ត្រូវ​មក​ដល់​មណ្ឌល​ប្រលង​​ក្រោយ​ជួង​ទី​២
២. មិន​ត្រូវ​ស្លៀក​ពាក់​ឯកសណ្ឋាន​​កង​កម្លាំង​ប្រដាប់​អាវុធ​​ចូល​ក្នុង​មណ្ឌល​ប្រលង
៣. មិន​ត្រូវ​​យក​សៀវភៅ​ និង​សំណៅ​គ្រប់​រូប​ភាព​ចូល​ក្នុង​មណ្ឌល​ប្រលង

ប្រការ​​សំខាន់​ៗ​ដែល​បេក្ខជន​បាក់ឌុប មិន​​ត្រូវ​​ធ្វើ​​ដាច់​ខាត​​នៅ​ពេល​​ប្រលង​

៤. មិន​ត្រូវ​យក​ចូល​ក្នុង​មណ្ឌល​​ប្រលង ឬ​បន្ទប់​ប្រលង​នូវ​អាវុធ​ ជាតិ​ផ្ទុះ ទូរសព្ទ​ដៃ ឧបករណ៍​​​​អេឡិចត្រូនិក​គ្រប់​ប្រភេទ សៀវភៅ សំណៅ​ឯកសារ ប្រដាប់​គិត​លេខ នាឡិកា​​ដៃ​ដែល​មាន​ប្រដាប់​គិត​លេខ កាតាប កាបូប​យួរ​ដៃ ថង់ សំពៀត កញ្ចប់​ផ្សេង​ៗ និង​ទឹក​លុប​​ពណ៌​ស

 

ប្រការ​​សំខាន់​ៗ​ដែល​បេក្ខជន​បាក់ឌុប មិន​​ត្រូវ​​ធ្វើ​​ដាច់​ខាត​​នៅ​ពេល​​ប្រលង​

៥. មិន​ត្រូវ​ចូល​ក្នុង​បន្ទប់​ប្រលង មុន​ពេល​អនុរក្ស​ហៅ​ឈ្មោះ
៦. មិន​ត្រូវ​​ប្រើ​ពាក្យ​សម្ដី អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​មណ្ឌល​ប្រលង ឬ​បង្ក​ជម្លោះ​នៅ​ក្នុង​មណ្ឌល​ប្រលង ឬ​ក្នុង​បន្ទប់​ប្រលង​ ដោយ​គំរាម​កំហែង​លើ​បេក្ខជន​ដទៃ
៧. មិន​ត្រូវ​បដិសេធ ប្រឆាំង​​តប​ត ឬ​បង្ក​បាតុភាព​ដោយ​ពាក្យ​សម្ដី ដោយ​កាយ​វិការ​​ចំពោះ​ការ​ត្រួត​ពិនិត្យ​ របស់​អ្នក​មាន​សមត្ថកិច្ច ឬ​មេ​ប្រយោគ​ក្នុង​ការ​ពិនិត្យ​ ស្រាវជ្រាវ​រើ​រក​សំណៅ​ឯកសារ​ និង​សម្ភារ​ផ្សេង​ៗ ដែល​ត្រូវ​ហាម​ឃាត់​ មិន​ឲ្យ​យក​ចូល​ក្នុង​មណ្ឌល​ប្រលង​
៨. មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា​ នៅ​លើ​សន្លឹក​កិច្ចការ​ណា​ ដែល​គ្មាន​ហត្ថលេខា​របស់​អនុរក្ស​
៩. មិន​ត្រូវ​ចម្លង​ប្រធាន​វិញ្ញាសា​ចូល​ក្នុង​ក្រដាស​ដទៃ និង​មិន​ត្រូវ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រលង​ឡើយ
១០. មិន​ត្រូវ​ងើប​ឈរ ងាក​ឆ្វេង​-ស្ដាំ អើត​ឈ្ងោក​ទៅ​មុខ​ បែរ​ទៅ​ក្រោយ ឬ​ដើរ​ចេញ​ពី​កន្លែង​អង្គុយ​​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុរក្ស​។ មិន​ត្រូវ​សរសេរ​កិច្ចការ​ហើយ​អាន​ខ្លាំង​ៗ​ឮ​ដល់​អ្នក​ជិត​ខាង​ ឬ​ឆក់​អូស​ទាញ​យក​សន្លឹក​កិច្ចការ​របស់​អ្នក​ដទៃ​ដាក់​ពី​មុខ ឬ​ដាក់​ពី​ក្រោម​សន្លឹក​កិច្ចការ​របស់​ខ្លួន​ឡើយ
១១. មិន​ត្រូវ​ប្ដូរ​គ្នា​នូវ​សន្លឹក​កិច្ចការ​ ឬ​ក្រដាស​ព្រាង​ ឬ​ផ្ទៀង​ផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា និង​មិន​ត្រូវ​ដាក់​សន្លឹក​កិច្ចការ​ឆ្ងាយ​ពី​មុខ​របស់​ខ្លួន​ បង្ក​ឲ្យ​អ្នក​ដទៃ​មើល​ ឬ​អូស​ឆក់​យក​បាន​

 

ប្រការ​​សំខាន់​ៗ​ដែល​បេក្ខជន​បាក់ឌុប មិន​​ត្រូវ​​ធ្វើ​​ដាច់​ខាត​​នៅ​ពេល​​ប្រលង​

១២. មិន​ត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ​ ដូច​ជា​សរសេរ​ អក្សរ​ប្លែក​ពី​តួ​អក្សរ​​ទាំង​អស់​ក្នុង​កិច្ចការ​ ធ្វើ​សញ្ញា​ផ្សេង​ៗ ឬ​គូស​បន្ទាត់​ខុស​ប្រក្រតី ឬ​លុប​ទឹក​ស ឬ​សរសេរ​​រំលង​បន្ទាត់​ជា​ដើម
១៣. មិន​ត្រូវ​លាក់​ ឬ​ហែក​សន្លឹក​កិច្ចការ​របស់​ខ្លួន និង​មិន​ត្រូវ​ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នក​ដទៃ
១៤. មិន​ត្រូវ​បំផ្លាញ​ ឬ​ធ្វើ​ឲ្យ​ខូច​ខាត​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ប្រលង ដូច​ជា​ដោះ​ទ្វារ​ បង្អួច ធ្វើ​ឲ្យ​របើក​ជញ្ជាំង​ក្ដារ ធ្វើ​ឲ្យ​បាក់​បែក​តុ កៅអី​ ឬ​ក្ដារ​ខៀន​ជា​ដើម
១៥. មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ប្រលង​ជំនួស ឬ​សរសេរ​​បំពេញ​បន្ថែម​ លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​ជា​ដាច់​ខាត​
១៦. មិន​ត្រូវ​ប្រើ​ពាក្យ​សម្ដី និង​អាកប្បកិរិយា​ ដែល​នាំ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់ របៀប​រៀប​រយ​​នៃ​ការ​ប្រលង​ ឬ​ប៉ះ​ពាល់​​កិត្តិយស​របស់​មេ​ប្រយោគ​។

 

ចុចអាន៖  ៣​ទី​តាំង​សំខាន់​ៗ​​​​​ សិស្ស​​​​​​​​ថ្នាក់​ទី១២​និយម​​ទៅ​ទិញ​​​វិញ្ញាសា​​​​ត្រៀម​​បាក់​ឌុប​

 

អត្ថបទ៖ មាន រតនា
​​​​​