ពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​និង​ដី​សហគមន៍​នៅ​ខេត្ត​ស្ទឹងត្រែង

ពលរដ្ឋ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អះអាង​ថា ព្រៃ​ស្រោង​រាប់​ពាន់​ហិកតារ​ជា​គម្រប​ព្រៃ​ឆ្នាំ​២០០២ និង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ រង​ការ​កាប់​ទន្ទ្រាន​រាប់​ពាន់​ហិកតារ ធ្វើ​អាជីវកម្ម​ដោយ​អ្នក​មាន​ឥទ្ធិពល​នៅ​ពី​ក្រោយ​ខ្នង។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ទ្រង់ទ្រាយ​ធំ​នេះ កំពុង​ក្លាយ​ជា​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​របស់​អ្នក​មាន​ប្រាក់ និង​មាន​អំណាច រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ នៅ​ថ្ងៃ​ទី​៧ សីហា អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ក្រសួង​កសិកម្ម ស៊ើប​អង្កេត​បន្ទាន់​ពី​កាតព្វកិច្ច​អភិរក្ស​ព្រៃ​ឈើ និង​ការ​ទទួល​ខុស​ត្រូវ ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​នៅ​ខេត្ត​ស្ទឹងត្រែង។

ការ​អំពាវនាវ​នេះ បន្ទាប់​ពី​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ឈើ និង​កាប់​រាន​ដី​ព្រៃ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ និង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន អស់​រាប់​ពាន់​ហិកតារ ពុំ​ឃើញ​មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ឡើយ។

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង លោក ឆន ចាន់វាសនា កត់​សម្គាល់​ថា អ្នក​មាន​ឥទ្ធិពល និង​ឈ្មួញ បាន​សម្រុក​ដណ្ដើម​កាន់​កាប់​ដី​ព្រៃ​ដោយ​បាញ់​ថ្នាំ​ហ៊ុមព័ទ្ធ​តំបន់​ព្រៃ​ស្រោង​រាប់​រយ​ហិកតារ​ច្រើន​កន្លែង ហើយ​បាន​ជួល​កម្មករ​ច្រើន​ក្រុម​កាប់​ទន្ទ្រាន​ព្រៃ​នោះ ដើម្បី​យក​ដី​ធ្វើ​អាជីវកម្ម និង​ប្រើប្រាស់​ជា​សម្បត្តិ​បុគ្គល។ លោក​ថា ករណី​នេះ​ឋិត​នៅ​ចំណុច​អូរ​តាលាស អូរ​តាន័យ និង​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់។ លោក​ថា ឈ្មួញ​មាន​អំណាច​ទាំង​នោះ​យក​ពលរដ្ឋ​ជា​ខែល ដើម្បី​បិទ​បាំង​សាធារណជន ហើយ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​កាប់​ទន្ទ្រាន​ព្រៃ​នោះ៖ «គាត់​ធ្វើ​ហ្នឹង​មិន​ចេញ​មុខ​ទេ។ គាត់​ឲ្យ​អ្នក​ផ្សេង​ចេញ​មុខ​ដើម្បី​ថា​គាត់​ចោទ​ទម្លាក់​កំហុស​ឲ្យ​ពលរដ្ឋ។ តែ​តាម​ការ​ពិត ពួក​គាត់​មួយៗ ម្នាក់​ដី​ក្បាល​២ ទៅ ៣០០​ម៉ែត្រ ហើយ​យក​ពលរដ្ឋ​ឲ្យ​កាប់»

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​ឆ្វាំង លោក អ៊ុក ម៉ៅ សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​រដ្ឋាភិបាល បើ​ទោះ​បី​ជា​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ និង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ត្រូវ​កម្មករ​ច្រើន​ក្រុម​សម្រុក​កាប់​ទន្ទ្រាន​អស់​រាប់​ពាន់​ហិកតារ​ក្តី។ លោក​ថា ក្រុម​កម្មករ​ចំណូល​ថ្មី និង​ពលរដ្ឋ​នៅ​មូលដ្ឋាន បាន​ប្រើ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យ​ប្រវត្តិ ឬ​ត្រង់ស៊ីន័រ​កាប់​រំលំ​ដើម​ឈើ​ធំៗ រួច​ដាំ​ដំឡូងមី និង​ស្វាយចន្ទី ហើយ​ក្រុម​កម្មករ​ទាំង​នោះ​មាន​អាជ្ញាធរ និង​ឈ្មួញ​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង៖ «អាជ្ញាធរ​ដែនដី​គាត់​ព្រងើយ​កន្តើយ​អស់​ហើយ​ឥឡូវ។ ដី​សហគមន៍​ជាង ៤​ពាន់​ហិកតារ បើ​មិន​គ្រប់គ្រង​ទេ វា​ប្រហែល​ជា​អស់​ឆ្នាំ​ក្រោយ​ហ្នឹង»

អនុប្រធាន​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ លោក ជ្រោង គង់ និយាយ​ថា លោក​បាន​រាយការណ៍​ករណី​នេះ​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ឃុំ​ច្រើន​សា​មក​ហើយ តែ​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​មាន​ការ​ទប់ស្កាត់។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល រឹត​បន្តឹង​ច្បាប់​ព្រៃ​ឈើ និង​ដាក់​ទោស​ចំពោះ​ជន​ល្មើស​ណា​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ ដើម្បី​សង្គ្រោះ​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ដែល​នៅ​សេសសល់​ចុង​ក្រោយ៖ «ទន្ទ្រាន​ដី​ព្រៃ​ភ្នំ និង​សហគមន៍​អស់​ហើយ ទន្សោង ប្រើស ខ្ទីង ជ្រូក វា​បែក​បាក់​រត់​ចេញ​គ្មាន​ទី​ជម្រក»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈៀង តុលា ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៧ សីហា។

មេ​ឃុំ​សំអាង លោក ញៀន ផុន និយាយ​ថា បន្ទាប់​ពី​លោក​ទទួល​ព័ត៌មាន​ថា ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ រង​ការ​កាប់​ទន្ទ្រាន លោក​បាន​ចាត់​ឲ្យ​សមត្ថកិច្ច​ចុះ​ពិនិត្យ ហើយ​បាន​រុះរើ​ខ្ទម​ស្នាក់នៅ​របស់​កម្មករ​មួយ​ចំនួន​កាល​ពី​ចុង​ខែ​កក្កដា។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​បាន​ធ្វើ​របាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក​រួច​ហើយ​ដែរ៖ «ទៅ​ផ្ទាល់​ឃើញ​សម្ភារៈ​រើ​ចេញ​តែ​ម្តង រក​មនុស្ស​មិន​ឃើញ មាន​តែ​រើ​ចេញ»

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​មតិ​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​អនុវត្ត​ផែនការ​សកម្មភាព​ស៊ី​ជម្រៅ​ពី​ការ​ដក​ហូត​ដី​ដែល​ឈ្មួញ​កាប់​ទន្ទ្រាន​នោះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ។ លោក​ថា តំណាង​អយ្យការ​គួរ​តែ​ចុះ​ស៊ើប​អង្កេត​ពី​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ដ៏​ធំ​នេះ ដើម្បី​ដាក់​ទោស​ជន​ល្មើស និង​អ្នក​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់ និង​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា៖ «យើង​ឃើញ​ថា មិន​ចំពោះ​តែ​ស្រុក​ថាឡាបរិវ៉ាត់ ទេ យើង​ឃើញ​តែ ៤​ស្រុក និង​ក្រុង​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​តែ​មាន​ការ​កើន​ឡើង។ ចឹង​អាជ្ញាធរ​គួរ​រឹត​បន្តឹង​ឲ្យ​បាន​មែន​ទែន កុំ​ចាំ​តែ​យក​លុយ​នៅ​លើ​ថ្នល់​ចឹង​ទៅ»

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ និង​គំរាម​កំហែង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឬ​រារាំង​កិច្ចការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ គឺ​ចាត់​ទុក​ជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ១០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។