ពលរដ្ឋ​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ចិន​ធ្វើ​របង​បិទ​ផ្លូវ​នៅ​ចំណុច​ដី​ទំនាស់

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ខ្លាច​ភាគី​ក្រុមហ៊ុន​ចិន ធ្វើ​របង​បិទ​ផ្លូវ​មិន​ឲ្យ​ពួក​គាត់​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ចំណុច​ដី​កំពុង​មាន​វិវាទ​បាន។ ក្តី​បារម្ភ​នេះ កើត​ឡើង​ក្រោយ​ពេល​អ្នក​ភូមិ​ប្រមាណ ៣០​នាក់ នាំ​គ្នា​ទៅ​ឃាត់​កម្មករ​ក្រុមហ៊ុន​ចិន មិន​ឲ្យ​ដឹក​ជញ្ជូន​ថ្ម​ទៅ​រក្សា​ទុក​នៅ​ចំណុច​ដី​មាន​ទំនាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា។ អាជ្ញាធរ​មូលដ្ឋាន​សន្យា​ថា នឹង​រាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​ចាត់​វិធានការ​លើ​ករណី​នេះ។

ប្រជា​សហគមន៍​ស្នើ​ឲ្យ​អាជ្ញាធរ ជួយ​ពិនិត្យ​ករណី​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវិន អ៊ិនវេសម៉ិន (Hamenivent Investment) ដែល​បាន​ដឹក​ថ្ម​យក​ទៅ​រក្សា​ទុក​នៅ​ក្បែរ​ផ្លូវ​ធ្វើ​ដំណើរ​របស់​អ្នក​ភូមិ ត្រង់​ចំណុច​ស្ទឹង​កំបុត ក្នុង​ភូមិ​បុស្នោរ។

ពលរដ្ឋ​យល់​ថា ក្រុមហ៊ុន​ចិន អាច​នឹង​ធ្វើ​ផ្លូវ​សម្រាប់​តែ​ក្រុម​បក្ខពួក​របស់​ខ្លួន​ធ្វើ​ដំណើរ ហើយ​ធ្វើ​របង​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនោះ​បាន។

ប្រជា​សហគមន៍​នៅ​ភូមិ​បុស្នោរ លោកស្រី ភឹម ខេមា ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ប្រមាណ ៣០​នាក់​ទៅ​ហាម​ឃាត់​កម្មករ​ក្រុមហ៊ុន​ចិន មិន​ឲ្យ​យក​ថ្ម​ទៅ​ទុក​នៅ​តំបន់​ដី​មាន​ទំនាស់​បន្ត​ទៀត។ ពលរដ្ឋ​នាំ​គ្នា​ទប់ស្កាត់ ព្រោះ​ជាច្រើន​ថ្ងៃ​មក​ហើយ​ឃើញ​ខាង​ក្រុមហ៊ុន​ចិន ដឹក​ថ្ម​ប្រហែល ២០​ម៉ែត្រ​គូប​ទៅ​រក្សា​ទុក​នៅ​តំបន់​ដី​សហគមន៍​ដែល​ជា​ចំណុច​ដី​កំពុង​មាន​វិវាទ។ លើស​ពី​នេះ កាល​ពី​ឆ្នាំ​២០១៥ អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ស្រុក បាន​ចេញ​បម្រាម​មិន​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ ពោល​គឺ​ទាំង​ក្រុមហ៊ុន និង​អ្នក​ភូមិ​ធ្វើ​សកម្មភាព​ខុស​ប្រក្រតី​នៅ​ចំណុច​ដី​មាន​ទំនាស់​ឡើយ៖ «បារម្ភ​ខ្លាច​ធ្វើ​អ៊ីចឹង​ទៀត មិន​ឲ្យ​ពលរដ្ឋ​ដើរ​តាម​ហ្នុង ហើយ​ប្រជាពលរដ្ឋ​ដឹក​ដំឡូង​ដឹក​អី​តាម​ហ្នឹង​សម្រាប់​ចេញ​ចូល ហើយ​វា​ធ្វើ​អ៊ីចឹង​ពលរដ្ឋ​ព្រួយ​បារម្ភ​អ៊ីចឹង​លោកគ្រូ»

ដី​មាន​ជម្លោះ​នៅ​ភូមិ​បុស្នោរ ជាង ២០០​ហិកតារ​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១ បន្ទាប់​ពី​ក្រុមហ៊ុន​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើរ​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ដោយ​គ្រាន់​តែ​ផ្ដិត​មេដៃ​ប្រគល់​ប្រាក់ ស្រប​ពេល​ដី​នោះ​ជា​ប្រភេទ​ដី​ព្រៃ​លិច​ទឹក​របស់​ប្រជា​សហគមន៍​នៅ​ទីនោះ ហើយ​កាលណោះ​ពលរដ្ឋ​យល់ព្រម​លក់​ដី​ចំនួន ១៧៥​ហិកតារ​ក្នុង​ចំណោម​ដី​សរុប​ជាង ៤០០​ហិកតារ (៤៤៥​ហិកតារ)

អាស៊ីសេរី មិន​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន​បាន​ទេ​នៅ​ថ្ងៃ​ទី​៧ សីហា។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ត្រពាំងព្រីង លោក មុំ សាប៊ុន មាន​ប្រសាសន៍​ថា ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា លោក​នឹង​ទាក់ទង​ទៅ​អាជ្ញាធរ​ស្រុក​ចំពោះ​ករណី​នេះ៖ «អត់​ទេ ចាំ​មើល​ខ្ញុំ​ទាក់ទង​ទៅ​ស្រុក ក្រែង​លោក​ខាង​ស្រុក​គាត់​មាន​វិធានការ​យ៉ាង​ម៉េច​អ៊ីចឹង​ណា»

កាល​ពី​ឆ្នាំ​២០១៥ ផ្លូវ​មួយ​ខ្សែ​ឆ្លង​កាត់​ក្បែរ​ស្នាក់ការ​ក្រុមហ៊ុន ហាមិនីវិន អ៊ិនវេសម៉ិន ដែល​ជា​ផ្លូវ​កសាង​ឡើង​ដោយ​ក្រុមហ៊ុន​ចិន មួយ​នេះ​កាល​ពី​ឆ្នាំ​២០១១ លើ​ផ្លូវ​ចាស់​របស់​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​រក​ត្រី​សាច់ និង​ធ្វើ​ស្រែ​ចម្ការ​នៅ​ភូមិ​ជីទ្រុន ចំណុច​បឹង​ឆ្លាំង។ ក្រោយ​ពេល​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​រឿង​ក្រុមហ៊ុន​រំលោភ​យក​ដី​សហគមន៍ កាល​ពី​ឆ្នាំ​២០១៥ ភាគី​ក្រុមហ៊ុន​សម្រេច​បិទ​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​កាត់​ទៀត​ឡើយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ពិសេស​ពលរដ្ឋ​ដែល​ធ្លាប់​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ពួក​គេ​កន្លង​មក។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា ករណី​នេះ អាជ្ញាធរ​ត្រូវ​ចុះ​ពិនិត្យ​ភាព​ជាក់ស្តែង និង​ចាត់​វិធានការ​ជា​បន្ទាន់ ព្រោះ​ដី​ទំនាស់​ក្នុង​ច្បាប់ គឺ​ត្រូវ​រក្សា​ស្ថានភាព​ដើម ដោយ​មិន​អនុញ្ញាត​ឲ្យ​ភាគី​ជម្លោះ​ធ្វើ​អ្វី​មួយ​ខុស​ពី​ប្រក្រតី​បាន​ទេ៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​ស្រុក អាជ្ញាធរ​ឃុំ គប្បី​ឃាត់ឃាំង​សិន​ទៅ វា​គ្មាន​ពិបាក​អី ថា​កុំ​អាល​ធ្វើ​ដឹក​ចេញ​វិញ​ទាំងអស់​សិន​ទៅ ព្រោះ​អី​ធ្វើ​ទៅ​នាំ​ឲ្យ​មាន​ទំនាស់​ទេ»

បញ្ហា​ដីធ្លី​នៅ​តំបន់​មួយ​នេះ អាជ្ញាធរ​ចេះ​តែ​ពន្យារពេល​ក្នុង​ការ​ដោះស្រាយ ស្រប​ពេល​ពលរដ្ឋ​ចេះ​តែ​ទន្ទឹង​រង់ចាំ​លទ្ធផល​រហូត​មក។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​មើល​ឃើញ​ថា ស្ទើរ​តែ​គ្រប់​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី គណៈកម្មការ​មួយ​ចំនួន រួម​មាន​ថ្នាក់​ស្រុក ខេត្ត ថ្នាក់​ជាតិ ព្រម​ទាំង​មន្ត្រី​សុរិយោដី គឺ​គ្មាន​ដំណើរ​ការ​ឡើយ ប្រសិន​បើ​គ្មាន​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។