តស៊ូ​ពី​តួ​រាយរង​រហូត​បាន​តួឯក

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​តារា​មួយ​ចំនួន​មុន​នឹង​ល្បីឈ្មោះ​ឆ្លងកាត់​តស៊ូ​ការ​លំបាក​ច្រើន លោក​អ៊ុ​ក តារា​រ័​ត្ន ទើបតែ​បាន​តំណែង​តួឯក​លើក​ដំបូង ក្រោយ​ទ្រាំ​ធ្វើ​ជា​តួ​រាយរង​យ៉ាង​ហោច​ណាស់​៥​ឆ្នាំ ។

ដោយសារ​តែ​ស្រឡាញ់​សិល្បៈ​ទោះជា​គ្មាន​ស្គាល់​ខ្សែ​ណា​នាំ​ចូល​ឱ្យ​ខ្លួន​លេចធ្លោ​តារា​សម្តែង​អ៊ុ​ក តារា​រ័​ត្ន ព្យាយាម​ជ្រៀត​ខ្លួន​ក្នុង​ពិភព​សិល្បៈ​ឱ្យ​ដើរតួ​អ្វី​ក៏​ព្រម ដើម្បី​បាន​បទ​ពិសោធន៍ និង​ឱ្យ​មហាជន​ស្គាល់ ។ បើ​ទោះជា​ពេល​ណាខ្លះ​លោក​តារា​រ័​ត្ន​ទទួល​កម្រៃ​មិន​សម​កម្លាំង ក៏​លោក​មិន​ដកថយ​ទេ នៅ​តែ​ខំ​រុលទៅមុខ ។ ការ​តស៊ូ​ព្រោះ​រំពឹង​ថ្ងៃមួយ​នឹង​លូត​ត្រដែត​ឡើង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​អ៊ុ​ក តារា​រ័​ត្ន ឲ្យ​ដឹង​ថា «​លំបាក​ដែរ​ក្នុង​ការ​ប្រវេប្រវា​នៅ​លើ​ដង​វិ​ថី​សិល្បៈ ព្រោះ​អត់​មាន​អ្នក​ណា​ស្គាល់​ឬ​មាន​គេ​ណែនាំ​ឲ្យ​ថត​នៅ​ទី​នេះ​នៅ​ទីនោះ​ទេ មាន​តែ​ដើរ​សុំ​គេ​ថត ឬ​សុំ​គេ ត្រង់​ៗ​ក្នុង​សិល្បៈ ធ្វើ​បែប​ណា​ឲ្យ​គេ​យក​យើង​ចូល​លេង​សិល្បៈ​។​ការងារ​តាំងពី​ដំបូង​មក​គឺ​អត់​មាន​អ្នកជា​ខ្នងបង្អែក​សោះ មាន​តែ​ខ្លួនឯង​ជួយ​ដោយ​ខ្លួនឯង ទោះជា​ពេល​ខ្លះ​ចង់​អស់ជំនឿ​ក៏​ខ្ញុំ​នៅ​តែ​ដាក់​អារម្មណ៍​ស៊ូទ្រាំ​ថា​គង់​មាន​ថ្ងៃ​ណាមួយ​ជួប​ពន្លឺ​ក្នុង​សិល្បៈ​ព្រោះ​អាជីព​នេះ​មានចិត្ត​ស្រឡាញ់​តាំងពី​នៅ​ក្មេងមក​ម្ល៉េះ ទើប​ខំ​ហែល​ឆ្លង​អស់​ជា​ច្រើន​ឆ្នាំ​មក » ។

ភាពយន្ត​ដែល​លោក​អ៊ុ​ក តារា​រ័​ត្ន ចូលរួម​សម្តែង​ដូច​ជា​រឿង «​ម៉ែ​ដោះ​ក្រមុំ​», «​បេះដូង​ក្រៅ​ទ្រូង​» បញ្ចាំង​នៅ​ទូរទស្សន៍​ជាតិ​, រឿង​«​អា​ឡេវ​ចូល​ក្រុង​» របស់​ផលិតកម្ម​សាន់​ដេ​ត្រៀម​បញ្ចាំង​នៅ​តាម​រោង​រឿង «​ប៊ី​អាយ​ជី​ដេញ​ខ្មោច​យក្ស​ធំ​» របស់​ផលិតកម្ម​ស៊ី​ស្តា​, រឿង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ «​មាន​តែ​អូន​» ជា​តួរង​,​រឿង «​ស្នេហ៍​បញ្ច្រាសទិស​», របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។ ចុង​ក្រោយ​នេះ​រឿង «​វណ្ណៈ​ស្នេហ៍​» លោក​អ៊ុ​ក តារា​រ័​ត្ន បាន​តំណែង​ជា​តួឯក​ម្តង ។

លោក​អ៊ុ​ក តារា​រ័​ត្ន និយាយ​ថា «​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពេល​នេះ គឺ​សប្បាយចិត្ត​ដែល​ការ​ប៉ងប្រាថ្នា​តាំងពី​ដំបូង​ពុះពារ​ហត់នឿយ​ជា​ច្រើន​បាន​មក​ដល់ ពិតជា​រក​អ្វី​ប្រៀប​មិន​បាន​នោះ​ទេ និង​យល់​ថា សិល្បៈ​មិន​អាង​តែ​ខ្លួន​ស្អាត សង្ហា​ចេះ​តែ​មក​ថត​ឡើយ ត្រូវ​ផ្សំ​ជាមួយ​ទេព​កោសល្យ​ការ​ហាត់រៀន​ពី​គេឯង មាន​រៀមច្បង ឬ​សាលា​ទើប​អាច​ជួយ​ឲ្យ​យើង​ទៅ​មុខ​បាន និង​ផ្សំ​ជាមួយ​គុណធម៌ គោរព​ចាស់ទុំ រៀមច្បង គោរព​ពេលវេលា​ផង​ដែរ ។ ស្រប​ពេល​ដែល​ខ្ញុំ​បាន​ឡើង​តំណែង​តួឯក​នេះ​ខ្ញុំ​នឹង​ព្យាយាម​ជម្រុញ​ការ​សម្តែង​ឲ្យ​កាន់តែ​ល្អ​ជាង​នេះ​ទៀត​សំដៅ​ធ្វើ​បែប​ណា​ឲ្យ​សមត្ថភាព​របស់ខ្ញុំ​កាន់តែ​មាន​គេ​មើលឃើញ​ដើម្បី​ចង់​ដឹង​ថា គ្រា​ដែល​ខ្ញុំ​នៅ​វ័យក្មេង​បាន​សាង​ស្នាដៃ ល្អ​ៗ​ក្នុង​ជីវិត​ទុក​មើលទៅ​ថ្ងៃ​អនាគត​តាម​រយៈ​អ្វី​ដែល​កើត​ចេញពី​ទឹកចិត្ត​ស្រឡាញ់ ហើយ​ខំ​ធ្វើ​នេះ​ជា​បំណង​មួយ​ដែល​ខ្ញុំ​ចង់បាន ។

ជា​ពិសេស​ខ្ញុំ​ក៏​មិន​ភ្លេច​ដល់​អ្នក​ជួយ​ឲ្យ​បាន​ថត​ជា​ហូរហែ​ទោះជា​មិន​បាន​តួ​ធំ​ក៏​អាច​ចាត់​ទុក​ថា​នោះ​ជា​រូបភាព​មួយ​ដែល​អាច​ឲ្យ​គេ​បានឃើញ​ពី​ការ​សម្តែង​របស់ខ្ញុំ​ដែរ​បើ​មិន​មាន​តួ​តូច ក៏​យើង​មិន​អាច​ឡើង​ដល់​តួ​មួយ​លេចធ្លោ​បាន​ដែរ ហើយ​រូបភាព​នេះ​តារា ល្បី​ៗ​មួយ​ចំនួន​គេ​ក៏​ឆ្លងកាត់​ពី​ចំណុចសូន្យ​ដូច​គ្នា​ទម្រាំ​ហក់​ចាប់​ភាព​ល្បីឈ្មោះ​បាន »៕