រុះរើ​ទ្រុងមាន់​ធ្វើ​ថ្មី​ភាគី​ថៃ​បិទ​ច្រកព្រំដែន

ខេត្តឧត្ដរមានជ័យ ៖ ច្រក​ទ្វារ​ព្រំដែន​២​កន្លែង គឺ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នឹង​ច្រក​តំបន់​ជប់​គគីរ  ក្នុង​ខេត្តឧត្តរមានជ័យ ត្រូវ​បានភាគី​ថៃ​បិទ​​ដោយ​ឯកតោភាគី ដោយ​មិន​បាន​ជូនដំណឹង​ដល់​ភាគី​កម្ពុជា​ទេ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​៧ សីហា ។ មូលហេតុ​ដែល​ភាគី​ថៃ​ប្រើប្រាស់​ការ​ជំទាស់ ដោយ​បិទ​ច្រកព្រំដែន​បែប​នេះ ដោយសារ​ភាគី​កម្ពុជា​រុះរើ​ទ្រុងមាន់​ចាស់​ធ្វើ​ថ្មី ។ ហេតុការណ៍​គួរ​ឱ្យ​ហូ​ស​ចិត្ត​នេះ បាន​កើតឡើង​ជាដំបូង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ហើយ​ក៏​រាលដាល​ទៅ​ច្រក​ទ្វារ​ជប់​គគីរ​ទៀត ធ្វើ​ឱ្យ​អ្នកដំណើរ​ឈរ​រហង់​នៅ​មាត់ច្រក​ទ្វារ យ៉ាង​រហេមរហាម ។

ក្រោយ​ពី​បានការ​បិទ​អស់​រយៈពេល​៣​ម៉ោង ភាគី​ថៃ​ក៏​បើក​ដោយ​ឯកតោភាគី​ឳ្យ​ដំណើ​ការ​ឡើង​វិញ បន្ទាប់​ពី​ជួប​ពិភាក្សា​គ្នា​នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ រវាង​អាជ្ញាធរ​ខេត្ត នៃ​ប្រទេស​ទាំង​២ ដោយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ស ថា​វី អភិបាលខេត្ត​ឧត្តរ​មាន​ជ​យ័ ។ ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៏​ត្រី ស៊ុន ធិ​យ៉ា​ស៊ី​ចា​រឺ​ន មេបញ្ជាការ​កង​សុ​រះ​ណា​រី និង​លោក​អភិបាលខេត្ត​សុរិន្ទ ។

នៅ​ចំពោះ​មុខ​សម​ភាគី​ថៃ លោក ស ថា​វី បាន​សំដែង​នូវ​ការ​សោកស្តាយ​ចំពោះ​ភាគី​ថៃ ដែល​បាន​បិទ​ច្រក​ទ្វារ​ជា​ឯកតោភាគី មិន​ជូនដំណឹង​អោយ​ភាគី​កម្ពុជា​ដឹង​ជា​មុន ដែល​ជា​ហេតុ​ធ្វើ​ឳ្យ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​មានការ​យល់​ច្រ​ឡុំ​ថា មាន​បញ្ហា​នៅ​តាម​ព្រំដែន​ទៅ​វិញ ដែល តាម​ពិត​គឺ​រឿង​តិចតួច​សោះ មិន​គួរ​ធ្វើ​ឳ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​ឡើយ ។

លោក​អភិបាលខេត្ត​បាន​សំណូមពរ​ទៅ​ភាគី​ថៃ​ថា មុន​នឹង​ធ្វើ​អ្វី​ត្រូវ​ជូនដំណឹង​អោយ​ភាគី​កម្ពុជា​ដឹងផង ចំពោះ​បញ្ហា​ទ្រុងមាន់​ដែល​ភាគី​ថៃ​ទាមទារ​អោយ​ភាគី​កម្ពុជា​រុះរើ​ចេញ​នោះ លោក ស ថា​វី បាន​មាន​ប្រសា​ស​ន៏​ថាៈ ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​២ មិន​ទាន់​កំណត់​ច្បាស់លាស់​ដោយសារ​គ​ណះ​ក​ម្មា​ធិ​ការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ មិន​ទាន់​បាន​ដោះស្រាយ​នៅឡើយ ដូច្នេះ អ្វី​ដែល​មាន​ស្រាប់​គឺ​ត្រូវ​រក្សា​ឱ្យ​នៅ​ដ៏​ដែល ហើយ​អ្វី​ដែល​សាងសង់​ថ្មី គឺ​ត្រូវ​ជូនដំណឹង​អោយ​ដឹង​ទៅ​វិញ​ទៅ​មក ។

ដោយឡែក​ទ្រុងមាន់​ដែល​ភាគី​ថៃ​ទាមទារ​ឳ្យ​រុះរើ​នោះ តាម​ពិត​បាន​សង់​យូរណាស់​មក​ហើយ ជា​រោង​យាម​ប្រចាំការ​ចាស់​របស់​មន្ត្រី​នគរបាល​អន្តោ​ប្រវេ​ស​ន៏​ច្រក​អូរ​ស្មាច់ ដោយសារ​តែ​វា​ចាស់​ឌ្រុ​ធ​ទ្រោម ទើប​យើង​រុះរើ​ធ្វើ​ថ្មី ក៏​ត្រូវ​ភាគី​ថៃ​ជំទាស់ តែ​ក្រោយ​ពី​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា ជា​រោង​ចាស់​ពិតប្រាកដ​មែន មិនមែន​ជា​សំណង់​រឹង​មាំ​នោះ​ទេ ។

ភាគី​ទាំង​២​បាន​ពិសា​របាយ​សាមគ្គី​ជុំ​គ្នា ក្នុង​លក្ខ​ណះ​ស្និទ្ធស្នាល ហើយ​ភាគី​ទាំង​២​បាន​សន្យា​ជួប​គ្នា​រយះ​ពេល​មួយ​ខែ​ម្តង​ផង​ដែរ ។

សូម​បញ្ជាក់​ថា ចំណុច​ទ្រុងមាន់​ដែល​មុន​នេះ ជា​ស្នាក់​ការ​ថ្មី​ប៉ូ​លី​ស​អន្តោប្រវេសន៍ នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ តែ​បន្ទាប់​ពី​មានការ​សាងសង់​ជា​ស្នាក់​ការ​ថ្មី​ពី​ថ្ម កន្លែង​នោះ​ក៏​នៅ​តែ​រក្សា​ឱ្យ​ប៉ូ​លី​ស​អន្តោប្រវេសន៍ ហើយ​ក៏​ត្រូវ​បាន​មន្ត្រី​ប៉ូ​លី​សយ​ក​ធ្វើ​ជា​ទ្រុងមាន់ «​ជល់​» ។ ដោយ​ទីតាំង​នោះ​ពុក​ជួយ​ទៅ ក៏​រុះរើ​ធ្វើ​ទ្រុងមាន់​ថ្មី ទើប​ក្លាយទៅជា​មានការ​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី​ពី​សំណាក់​ភាគី​ថៃ បែប​នេះ​ទៅ ៕