ចឹងទេអី ! ១ខែដូរស៊េរី​ម៉ូតូ​២-៣​គ្រឿង​​​ឯណោះ​

ខេត្ត​ត្បូងឃ្មុំ​ ៖ ជនសង្ស័យ​​​២​​នាក់ រួម​​​ទាំង​​ម៉ូតូ​ធុន​C125​មួយ​គ្រឿង​ ស៊េរី​២០១៥ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដេញ​ចាប់​បាន​យ៉ាង​តន់​​ហន់ ក្នុង​ពេល​ដែល​បមុ្រង​​ចូល​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​នៅ​ក្នុង​ផ្សារ​ត្រពាំង​ឬ​ស្សី ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ​ហេតុ​ការណ៍​នេះ​​​ឡើង ​កាល​​​វេលា​ម៉ោង​០៧ ​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ​សីហា ២០១៦ ហើយ​បាន​នាំ​ទៅ​ឆែក​ដល់​​ផ្ទះ ក៏​រក​ឃើញ​វត្ថុ​តាង​ជា​ច្រើន​ទៀត​សម្រាប់​​​ធ្វើ​សកម្មភាព​ ព្រមទាំង​ថ្នាំ​បំពុល​ឆ្កែ​​ ។

លោក​វរ​សេនី​យ៍​ត្រី​ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឱ្យ​​ដឹងថា​ នៅ​ព្រឹក​ថ្ងៃ​ខាងលើ​ មាន​អ្នក​ផ្ញើ​កង់​ម៉ូតូ​នៅ​ផ្សារ​ត្រពាំង​ឫស្សី​បានឃើញ​មុខសញ្ញា​២​នាក់​ ដំ​បូង​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ ដោយ​ជិះ​មក​គួរ​ឱ្យ​​​សង្ស័យ ក្រោយមក​ទៀត​ស្រាប់​តែ​ឃើញ​ជិះ​ម៉ូតូ​ម៉ាកC​125 មក​ម្តងទៀត ដោយ​ប្រុង​នឹង​ចូល​មក​កាច់​សោ​.ក​ម៉ូតូ​នៅ​ផ្សារ​ ដែល​ពលរដ្ឋ​ទុក​ប្រហែស ។

លោក​វរ​សេនីយ៍​​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​បាន​ឃើញ​​​សភាព​បែប​នេះ ក៏​ប្រញាប់​រាយ​ការ​ណ៍​​បន្ទាន់​មក​នាយ​​​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​រកា​ព​ប្រាំ ហើយកម្លាំ​ង​​​បាន​មក​ដល់​ដេញចាប់​មុខសញ្ញា​ទាំង​២​នាក់ ដោយ​បាន​ទុក​ម៉ូតូ​ចោល​ប្រឹង​រត់គេច​បាន​ប្រហែល​ជាង​២០០​ម៉ែត្រ ​ក៏​ក្របួច​ជា​ប់​​ទាំង​២​នាក់​​ ១-​ឈ្មោះ​ញ៉េ​ប ដា ​អាយុ​៣១​ឆ្នាំ ២-​ឈ្មោះ​យ៉ុ​ន ហេង ​អាយុ​២២​ឆ្នាំ គឺ​រស់នៅ​ភូមិ​មុខ​ភ្នំ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ​។

ដោយ​មានការអនុញ្ញាត​ពី​លោកស្នងការ​នគរបាល​ខេត្ត ក៏​បាន​សុំ​គោល​ការ​ណ៍​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ក៏​បាន​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះញ៉េ​ប ដា ដោយ​រក​ឃើញ​ប្រដាប់​កាច់​សោ​.ក​ម៉ូតូ ថ្នាំ​បំពុល​ឆ្កែគ្រឿងបន្លាស់​ម៉ូតូ​ជា​ច្រើន​ផង​ដែរ ។ ចំពោះ​​មុខ​សមត្ថកិច្ច​ ជន​នេះ​មិន​បានឆ្លើយ​សារភាព​ពី​សកម្មភាព ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មក​នោះ​ទេ គឺ​ឆ្លើយ​ថា​ ទើបតែ​លើក​ទី​១ ទៅ​វិញ ។

​​កន្លង​មក ​ប្រជាពលរដ្ឋ​បានឃើញ​មុខសញ្ញា​នេះមិន​ដែល​រកស៊ី​អ្វី​នោះ​ទេ ​តែ​ម៉ូតូ​មាន​​ជិះ​សុទ្ធសឹងតែ​​ទំនើប​ៗ​ ដោយ​ក្នុង​មួយ​ខែ ២​ទៅ​៣​​គ្រឿង ។ ម៉្យាងវិញទៀត​ នៅ​ពេល​ណា​​ដែល​ជន​ឈ្មោះ​ដា ទៅ​ដល់​ទីណា​ប្រាកដជា​មាន​បាត់​ម៉ូតូ ម៉ូតូ​របស់​ពលរដ្ឋ​ហើយ ។ ផ្អែក​តាម​ភស្តុ​តាង​ជា​ច្រើន​ដែល​រឹបអូស​បាន ទោះបីជា​ជន​នេះ​មិន​បាន​ឆ្លើយ​សារភាព​ក្តី​សមត្ថកិច្ច​បាន​វាយតម្លៃ​ថា មាន​ម៉ូតូ​ជា​ច្រើន​គ្រឿង ​ត្រូវ​កាច់​សោ.ក​ម៉ូតូ បានជា​ច្រើន​គ្រឿង​ និង​បាន​យក​ទៅ​លក់​ទៅ​កន្លែង​លក់​ម៉ូតូ​ណាមួយ ៕