ក្រសួង​អប់រំ​ដាស់តឿន​​ សិស្ស​ប្រឡង​បាក់ឌុប​ឲ្យ​ប្រុង​ប្រយ័ត្ន

ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាអំពាវនាវជាថ្មីដល់បេក្ខជនប្រឡងបាក់ឌុប និងអាណាព្យាបាលឲ្យមានការប្រុងប្រយ័ត្នក្រែងចាញ់បោកបុគ្គលមួយចំនួនដែលផ្សព្វផ្សាយលក់វិញ្ញាសាប្រឡងបន្ទាប់ពីក្រសួងបានរកឃើញថាមានអ្នកបន្លំបង្កើតគណនីហ្វេសប៊ុកក្រសួងក្លែងក្លាយ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយពីថ្ងៃទី ៦ សីហា ២០១៦ ក្រសួងអប់រំឲ្យដឹងថាខ្លួនបានរកឃើញថាមានអ្នកលួចបង្កើតគណនីហ្វេសប៊ុកដោយដាក់ឈ្មោះរបស់ក្រសួង។ ក្រសួងបន្តថាក្នុងគណនីហ្វេសប៊ុកនោះបានដាក់ផ្សព្វផ្សាយលក់វិញ្ញាសាប្រឡងបាក់ឌុប និងជាពិសេសមានដាក់លេខទូរស័ព្ទសម្រាប់ទាក់ទងផង។

បើតាមសេចក្តីប្រកាសព័ត៌មាននោះក្រសួងថាខ្លួនមានគណនីហ្វេសប៊ុកផ្លូវការតែមួយគត់ដែលមានអ្នកចុច Like ចំនួន ១,២ លាននាក់។ បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងកំពុងសហការជាមួយសមត្ថកិច្ចវែកមុខអ្នកដែលបង្កើតគណនីហ្វេសប៊ុកក្រសួងក្លែងក្លាយនេះដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

ក្រសួងបានអំពាវនាវឲ្យបេក្ខជនប្រឡងបាក់ឌុប និងអាណាព្យាបាលទាំងអស់ត្រូវជឿលើប្រភពព័ត៌មានណាដែលច្បាស់ការ និងត្រូវតាមដានព័ត៌មានហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំដើម្បីចៀសវាងការចាញ់បោកជនខិលខូចនាំឲ្យខាតបង់ថវិកា។

អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន បានឲ្យដឹងពីម្សិលមិញថាក្រសួងកំពុងតែបន្តធ្វើការតាមដាន និងស្វែងរកបុគ្គលដែលបង្កើតទំព័រហ្វេសប៊ុករបស់ក្រសួងក្លែងក្លាយទាំងនេះ។

ទោះយ៉ាងណាក្តីលោកក៏បានបង្ហាញសុទិដ្ឋិនិយមថាទាំងបេក្ខជនប្រឡង និងអាណាព្យាបាលនឹងមិនធ្លាក់ខ្លួនចាញ់បោកបុគ្គលឆបោកមួយចំនួននោះទេដោយថាពួកគាត់បានដឹងពីនីតិវិធីរបស់ក្រសួងដែលបានធ្វើនៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះរួចមកហើយ។

កាលបរិច្ឆេទសម្រាប់ការប្រឡងបាក់ឌុបគឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ និងមានបេក្ខជន និងបេក្ខនារីចូលរួមប្រឡងចំនួន ៩ ម៉ឺននាក់ហើយក្នុងឆ្នាំនេះគ្មានការប្រឡងលើកទី ២ ដូចឆ្នាំមុននោះទេ។

ក្រសួងអប់រំក៏បានព្រមានផងដែរថាលោកគ្រូ អ្នកគ្រូដែលជាអនុរក្សអាចប្រឈមនឹងទោសជាប់ពន្ធនាគារមួយឆ្នាំចំពោះការទទួលប្រាក់សំណូកពីបេក្ខជនប្រឡងជាថ្នូរក្នុងការអនុញ្ញាតឲ្យអ្នកទាំងនោះលួចចម្លងគ្នា ឬលួចចម្លងឯកសារផ្សេងៗ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts