មិន​​នឹក​ស្មាន​​សោះ! កូនស្រីពៅលោក​អូបា​ម៉ា​ធ្វើការ​នៅ​​ហាង​​គ្រឿង​​សមុទ្រ​

មនុស្ស​ភាគច្រើន​​តែងតែ​គិត​​ថា ពេល​ក្លាយ​ទៅ​ជា​កូន​​របស់​​មេដឹកនាំ​ប្រទេស​​មហាអំណាច​ពិភពលោក ​គឺ​មិន​ចាំបាច់​​ត្រូវ​ខំធ្វើការ​រក​លុយ​ និង​ស្វែងរក​បទ​ពិសោធន៍​អ្វីទេ​ នៅ​ពេល​កំពុង​រៀន​ ។

​តែ​​អ្វី​ដែល​លោក​អ្នក​​គិត​​នោះ គឺ​ខុស​ហើយ​ ។ ចំពោះ​កូនស្រី​ពៅ​​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នា​ពេល​បច្ចុប្បន្ន បាន​ចំណាយពេល​វិស្សមកាល​របស់​នាង​ទៅ​លើ​ការ​បម្រើ​ការងារ​ជា​អ្នក​គិតលុយ ​នៅ​ក្នុង​ភោជនីយដ្ឋាន​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​។

Sa​sha Obama ដែល​ជា​កូនស្រី​ពៅ​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​រូប​នេះ ​មាន​អាយុ​ត្រឹមតែ​១៥​ឆ្នាំ​​ប៉ុណ្ណោះ ​។ នាង​ត្រូវ​​គេ​លួច​ថត​រូប​បាន​នៅ​ភោជនីយដ្ឋាន Nancy ដែល​ជា​កន្លែង​ការងារ​របស់​នាង ​។

យោង​តាម​​​រាយការណ៍​ឱ្យ​ដឹង​ថា កូនស្រី​ពៅ​របស់​លោក​អូ​បា​ម៉ា និង​ភរិយា បាន​ប្រើប្រាស់​ឈ្មោះ​ពេញ​​របស់​នាង (Natasha Obama) នៅ​កន្លែង​ការងារ​ ដែល​តម្រូវ​ឱ្យ​​នាង​ធ្វើការ​បួន​ម៉ោង ​ក្នុង​មួយ​ថ្ងៃ ​។

ទោះបីជា​មក​ធ្វើការ​ដូច​ប្រជាជន​ធម្មតា​ក៏​ពិត​មែន តែ Sasha នៅ​តែ​ត្រូវ​បាន​ទទួល​ការ​ការពារ​យ៉ាង​ពេញលេញ​​ពី​សំណាក់​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​សម្ងាត់​ចំនួន​៦​នាក់​ ។ បទ​ពិសោធន៍​ដែល Sasha បាន​មក​ពី​ការងារ​មួយ​​នេះ មិនសូវ​ជា​ច្រើន​ដូច​បងស្រី​របស់​​នាង​ឡើយ​ ។

Malia Obama ដែល​ជា​បងស្រី​របស់​នាង ​បាន​ចូល​ធ្វើការ​នៅ​ទស្សនាវដ្តី Girls នាទី​ក្រុង​ញូវយ៉ក កាលពី​អាយុ​១៨​ឆ្នាំ​ ។ គួរ​​បញ្ជាក់​​ផង​ដែរ​ថា កូនស្រី​ច្បង​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ឥឡូវនេះ​ បាន​ត្រៀម​ចូល​រៀន​នៅ​មហាវិទ្យាល័យ Harvard ដែល​ជា​គ្រឹះស្ថានសិក្សា​ល្បី​លំដាប់​ពិភពលោក​ នៅ​ឆ្នាំ​២០១៧​ ខាង​មុខ​នេះ ​។ ចំណែកឯ​កូនស្រី​ពៅ​របស់​លោក​វិញ គឺ​កំពុង​​តែ​រៀន​នៅ​កម្រិត​វិទ្យាល័យ ​នា​រដ្ឋ​វ៉ា​ស៊ី​ន​តោន​ ។