ហាង​កុងស៊ី «ប្រាក់ ម៉ាលី» ត្រូវ​ចប់នៅថ្ងៃនេះ ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កន្លែង​កុងស៊ី​មួយ​កន្លែង​​យីហោ «​ប្រាក់ ម៉ា​លី​» ហៅ​ថា​រត៍ ត្រូវ​កម្លាំង​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ធ្វើការស្រាវជ្រាវរហូត​ចុះ​​ឆែក​ឆេរ​​ភ្លាម​ៗ បន្ទាប់​ជនសង្ស័យ​​ម្នាក់​​​បង្ហើប​​ថា បាន​​យក​ម៉ូតូ​​​​​ទៅ​ដាក់បញ្ចាំ​នៅ​ទី​នោះ ។ ប្រតិបត្តិ​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៨ សីហា ២០១៦ ស្ថិត​នៅផ្ទះ​លេខ​11A, ផ្លូវ​លេខ​២០២ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​​ឈ្មោះ​ហុង វ​ណ្ណា អាយុ​៥៤​ឆ្នាំ ជា​អ្នកទិញ​-​លក់​ម៉ូតូ មាន​ទីលំនៅ​ផ្ទះ​លេខ​១១ ផ្លូវ​១០៧ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ត្រូវ​កម្លាំង​នាំ​ខ្លួន​មក​បង្ហាញ​ទីតាំង​ខាងលើនោះ​ ដើម្បី​រក​ម៉ូតូ​​មួយគ្រឿង​​ធុន​C125 ពាក់​ស្លាក​លេខ 1AY-​4444 ដែលបាត់ពេលត្រូវចោរ​​ប្លន់​ កាលពី​ថ្ងៃ​ទី​០៦ សីហា កន្លង​មក ដោយកម្លាំងកំពុងស្រាវជ្រាវ ។ រីឯ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សុង សុ​ជាតិ អាយុ​៣៨​ឆ្នាំ ជា​អ្នកទិញ​-​លក់​ដូច​គ្នា មានផ្ទះ​លេខ​៤៨៥ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវ​កម្លាំង​ឃាត់ខ្លួន ។

បើ​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ឈ្មោះ​ហុង វ​ណ្ណា ឱ្យ​ដឹង​ថា រូបគេ​បាន​ទិញ​ម៉ូតូ​ពី​យុវជន​២​នាក់ (មិនស្គាល់) ​ក្នុង​តម្លៃ​៨០០​ដុល្លារ ហើយ​ខ្លួន​ក៏​​យក​ទៅ​ដាក់​បញ្ចាំ​​បន្ត​នៅ​កុ​ង​ស៊ី «​ប្រាក់ ម៉ា​លី​» នោះ​ ក្នុង​តម្លៃ​ដូច​គ្នា ដោយ​មាន​ទាំង​ឯកសារ​គ្រប់​គ្រាន់​​ទៀត ។