ជិត​ដល់​ថ្ងៃ​ប្រកួត​ គូ​ឯក​ Leone របួស​មិន​អាច​វ៉ៃ​បាន​នៅ​ម៉ាកាវ​

ការ​ប្រកួត​​គុន​ចម្រុះ​ក្នុង​ទ្រុង​នៅ​ទី​ក្រុង​ម៉ាកាវ ប្រទេស​​ចិន​នា​ថ្ងៃ​សៅរ៍​ ចុង​សប្តាហ៍​នេះ​​ ​កីឡាករ​ Andrew Leone មក​ពី​អាមេរិក​​ដែល​គ្រោង​វ៉ៃ​ក្នុង​​តំណេង​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​មិន​អាច​​ប្រកួត​បាន​ឡើង​ដោយ​សារ​របួស​ពេល​កំពុង​ហ្វឹកហាត់។

 

ជិត​ដល់​ថ្ងៃ​ប្រកួត​ គូ​ឯក​ Leone របួស​មិន​អាច​វ៉ៃ​បាន​នៅ​ម៉ាកាវ​ ជើង​ខ្លាំង​ប្រេស៊ីល Adriano Moraes ត្រូវ​ជួប​ Tilet Batyrow

 

តាម​ប្រភព​ពី​ស្ថាប័ន​ប្រដាល់​កំពូល​ ONE ឲ្យ​ដឹង​ថា​ Andrew Leone ​ត្រូវ​ប្រឈម​នឹង​មុខ​ជើង​ខ្លាំង​ប្រេស៊ីល Adriano Moraes ​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ប៉ុន្តែ​​រូប​គេ​មិន​អាច​វ៉ៃ​បាន​ឡើយ​ដោយ​សារ​​របួស​កំពុង​កំឡុង​ពេល​កំពុង​ហ្វឹកហាត់​ ខណៈ​ការ​ប្រកួត​នៅ​សល់​​មិន​ដល់​មួយ​សប្តាហ៍​ផង​នោះ។

 

ដើម្បី​​ឲ្យ​ការ​ប្រកួត​គូ​ឯក​នៅ​តែ​ដំណើរ​ការ​ តាម​ប្រភព​ព័ត៌មាន​ថា នឹង​ដាក់​​កីឡាករ​មក​ពី​​ប្រទេស​ហ្គីជីស្ថាន​ Tilet Batyrow។ កីឡាករ​​ហ្គីជីស្ថាន​រូប​នេះ​ធ្លាប់​ប្រកួត​បាន​១១​ដង​ក្នុង​នោះ​ឈ្នះ​១០ និង​ចាញ់១។ រូប​គេ​ធ្លាប់​ជា​ម្ចាស់​ជើង​ឯក​ Combat Samboពិភព​លោក​ផង​ដែរ។

 

សម្រាប់​កីឡាករ​ប្រេស៊ីល​ Adriano Moraes ដែល​​ត្រូវ​ជួប​ Batyrow អាច​​​ចាត់​ទុក​ថា ជា​ឱកាស​សង​សឹក​មួយ​ដែរ បន្ទាប់​ពី​រូប​គេ​បាត់​បង់​​ខ្សែ​ក្រវាត់​ពិភព​លោក​​ដែល​រូប​គេ​បាន​​​ឈ្នះ​​នៅ​លើ​ទឹក​ដី​កម្ពុជា​ ប៉ុន្តែ​​ត្រូវ​​​កីឡាករហ្គីជីស្ថាន Kairat Akhmetov ដណ្តើម​យក​ពី​រូប​គេ​។

 

ការ​ប្រកួត​ដែល​មាន​កីឡាករ​កម្ពុជា ចាន់ រតនា ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះ​ចិន​​នឹង​ប្រព្រឹត្ត​​​​នា​​ល្ងាច​ ថ្ងៃ​សៅរ៍ ទី​១៣​ ខែ​សីហា​ ​នៅ​សណ្ឋាគារ​ Cotai ទី​​ក្រុង​ម៉ាកាវ ប្រទេស​ចិន៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​