ចោរ​ហិតក្លិន​ដឹង​ថា ​លក់​ដី​បាន​ប្រាក់​រាប់​សែន​ដុល្លារ​ រៀប​ផែនការ​ប្លន់ សំណាងល្អ​ប៉ូលិស​បង្ក្រាប​ទាន់

ចោរ​ហិតក្លិន​ដឹង​ថា ​លក់​ដី​បាន​ប្រាក់​រាប់​សែន​ដុល្លារ​ រៀប​ផែនការ​ប្លន់ សំណាងល្អ​ប៉ូលិស​បង្ក្រាប​ទាន់



រាជធានី​ពេញ ៖ នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៦​នាក់ ពាក់ព័ន្ធ​នឹង​ការ​រៀប​គម្រោង​ប្លន់​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ។

សន្និសីទ​សារព័ត៌មាន​នេះ ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ និង​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ លោក​វរសេនីយ៍ ទទួល​ការងារ​តាម​តំបន់​និង​ការិយាល័យ​ចំណុះ​ឲ្យ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ។ ពិសេស​ទៀត​នោះ គឺ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​ជា​ម្ចាស់​ករណី និង​ត្រូវ​បញ្ជូន​ទៅ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ប្រគល់​ជូន​សាលាដំបូង​ខេត្ត ក្នុង​ការ​វិនិច្ឆ័យ​ទោស ។

ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ម្នាក់​ជា​មេខ្លោង​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ក៏​តម្រូវ​ឲ្យ​ដឹក​មក​បង្ហាញខ្លួន​ដែរ និង​ពេល​ចប់​សន្និសីទ នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ប្រគល់​ជនសង្ស័យ​និង​វត្ថុ​តាង​ជូន​ទៅ​នគរបាល​ខេត្តកំពង់ឆ្នាំង​តែ​ម្តង ។ ជន​ទាំង​៦​នាក់​នេះ​មាន​ ៖

១-​ឈ្មោះ ប៊ិ​ត តឿ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង (​ជា​មេខ្លោង​) រង​របួស​បាក់ជើង
២-​ឈ្មោះ ម៉ុ​ន ខុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ជា​ជាងសំណង់
៣-​ឈ្មោះ ជា ពេជ្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង
៤-​ឈ្មោះ អូ វន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ជា​កម្មករ​សំណង់
៥-​ឈ្មោះ ឃឹម ធា ភេទ ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្នោត​ជ្រំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ
៦-​ឈ្មោះ ជា រ​ដ្ឋា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ជា​កម្មករ​ដាំដំឡូង ។

ចំណែក​វត្ថុ​តាង​ដែល​បាន​ដកហូត​ពី​ក្រុម​ជនសង្ស័យ​មាន កាំភ្លើង​អាកា​៤៧​កាត់​ស្វាយ​១​ដើម កាំភ្លើងខ្លី​ម៉ាក​កា​៥៩​ចំនួន​២​ដើម រថយន្ត ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង កន្ត្រៃ​កាត់​ដែក​១​ដែកគាស់​១  ញញួរ​១  និង​ខ្សែ​គាថា កន្សែង​យ័ន្ត ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។

លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៥​និង​ដើមឆ្នាំ​២០១៦ កន្លង​មក សភាពការណ៍​បទល្មើស​ប្លន់​ប្រដាប់​អាវុធ​បាន​កើតឡើង​ផ្ទួន​ៗ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​រាជធានី​ភ្នំពេញ​ផង​ដែរ​គួរ​ឲ្យ​កត់សម្គាល់ ។ ដោយ​ពិនិត្យ​ឃើញ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​កក្រើក​ឡើង​វិញ​នោះ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចាត់វិធានការ​ឱ្យ​នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ ដែល​មាន​លោក​ឧត្ត​សេនីយ៍​ទោ សុខ ខេ​ម​រិ​ន ជា​ប្រធាន ឲ្យ​យកចិត្តទុកដាក់​ប្រើប្រាស់​កម្លាំង​ជំនាញ​ចេញ​បង្ក្រាប​បទល្មើស​ប្លន់​ទាំងនោះ ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា កាលពី​វេលា​ម៉ោង​៧​និ​១៥​នាទី​យប់​ថ្ងៃ​ទី​៤ ខែសីហា កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បើក​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​រៀបចំ​គម្រោង​ចេញ​ប្លន់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ នៅ​ភូមិ​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។ តាម​ព័​ត័​មាន​ថា អ្នកមាន​ម្នាក់​ដែល​ក្រុម​ចោរ​បម្រុង​ធ្វើ​សកម្មភាព​ប្លន់​នោះ គឺ​ទើប​លក់​ដី​នៅ​ខេត្តមណ្ឌលគិរី​បាន​ប្រាក់​រាប់​សែន​ដុល្លារ ។ ពេល​ទទួល​បាន​ព័ត៌មាន​នេះ លោក​ឧត្តមសេនីយ៍ទោ សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់តាំង​រូប​លោក​(​ឡឹ​ក វណ្ណៈ​) និង​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ ដោយ​ប្រើប្រាស់​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​របស់​អគ្គស្នងការដ្ឋាន ទៅ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។

នៅ​វេលា​យប់​ថ្ងៃ​នោះ កងកម្លាំង​សមត្ថកិច្ច​បាន​ជួប​មុខសញ្ញា​កំពុង​ជិះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​នៅ​ភូមិ​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ក៏​មាន​បំណង​ឃាត់​រថយន្ត​នោះ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ដឹង​ថា​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់ ទើប​មិន​ឈប់​រថយន្ត​ទេ ថែម​ទាំង​បើក​សំដៅ​មក​រាជធានី​ភ្នំពេញ​វិញ ។

នៅ​ពេល​ដឹង​ថា​មុខសញ្ញា​មាន​បំណង​គេចខ្លួន លោក​បាន​បញ្ជា​ឲ្យ​បន្ថែម​កងកម្លាំង និង​ឲ្យ​ជួយ​ស្ទាក់​ពីមុខ ហើយ​កងកម្លាំង​១​ក្រុម​ចេញពី​ខេត្តកណ្តាល​ទៅ​និង​បាន​បើកភ្លើង​ហ្វា​រថយន្ត​យក​ទៅ​ដាក់​ពាំង​ពីមុខ​ក្រុម​ចោរ ដើម្បី​ឲ្យ​ពួក​គេ​ឈប់​តាម​សម្រួល​ងាយស្រួល​ចាប់ខ្លួន ។ ពេល​នោះ​ក្រុម​ជនសង្ស័យ​ក៏​ឈប់​មែន តែ​បាន​នាំ​គ្នា​ស្ទុះ​ចេញពី​រថយន្ត​រត់គេច​ខ្លួន ទើប​មានការ​ផ្ទុះអាវុធ​ត្រូវ​មេខ្លោង​ម្នាក់​របួស​ជើង ហើយ​ក៏​មានការ​ឡោម​ព័ទ្ធ​ចាប់​បាន​ទាំង​៦​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ បន្ត​ថា ពេល​សមត្ថកិច្ច​បង្ក្រាប​ក្រុម​ចោរប្លន់​បាន​៦​នាក់​នា​យប់​នោះ អត់​ទាន់​បាន​ដកហូត​អាវុធ​ជា​ភ័ស្តុតាង​ទេ ។

នៅ​ពេល​នាំ​ពួក​គេ​ទៅ​សាកសួរ​ក៏​មាន​ចម្លើយ​ពី​មេខ្លោង​និង​បក្សពួក​សារភាព​ថា ពិតជា​មាន​គម្រោង​ប្លន់​នៅ​ស្រុក​ស្អាង​មែន ដែល​ផែនការ​ប្លន់​នេះ​មាន​កាំភ្លើង​ចំនួន​៣​ដើម ដែល​ឈ្មោះ ឃឹម ធា យក​ទៅ​លាក់​ទុក ។ បន្ទាប់​ពី​បាន​ចម្លើយ​នោះ​ហើយ នៅ​ថ្ងៃ​ទី​៦ ខែសីហា នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​នាំ​ឈ្មោះ ឃឹម ធា ទៅ​ចង្អុលបង្ហាញ​កន្លែង​លាក់​កាំភ្លើង​៣​ដើម​នោះ​នៅ​ក្នុង​ព្រៃ​ត្រែង​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​២១ (​ស្អាង​-​កោះធំ​) ប្រមាណ​២៥០​ម៉ែត្រ មុខ​ខ្លោងទ្វារ​ច្រកចូល​វត្ត​ធន​មន្ត ហៅ​វត្ត​ស្វាយ​តានី ។

ក្រោយ​ពី​ទម្លាយ​កន្លែង​លាក់​អាវុធ ជន សង្ស័យ​បាន​សារភាព​ប្រាប់​សមត្ត​កិច្ច​ទៀត​ថា កាំភ្លើង​វែង​ខ្លី​ចំនួន​៣​ដើម​នេះ គឺ​ពួក​គេ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​១០​លើក នៅ​ក្នុង​ខេត្ត​ចំនួន​៧​រួម​មាន ៖

-​ខេត្តព្រៃវែង​២​លើក​ក្នុង​នោះ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៥ ប្លន់​ផ្ទះ​អ្នក​ភូមិ​ដូន​យូ ឃុំ​ជី​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ និង​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦ ប្លន់​នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្តាល ។
-​ខេត្ត​កំពង់​ឆ្នាំ​២​លើក​គឺ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៤ ប្លន់​នៅ​ផ្សារ​ព្រៃ​ខ្មែរ ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ បាញ់​សម្លាប់​ជន​រង​គ្រោះ​ម្នាក់ និង​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២១០៦ ប្លន់​នៅ​ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ។
-​ខេត្តតាកែវ​២​លើក​គឺ នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២១០៥ ប្លន់​នៅ​ស្រុក​ទ្រាំង និង​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៥ ប្លន់​នៅ​ភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ។
-​ខេត្តក្រចេះ​១​លើក​គឺ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០០១៦ ប្លន់​នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ។
-​ខេត្ត​ត្បូងឃ្មុំ​១​លើក​គឺ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ប្លន់​នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់់ ។
-​ខេត្តកំពង់ចាម​១​លើក​គឺ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ប្លន់​នៅ​ភូមិ​ពង្រ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ។
-​លុះ​លើក​ចុង​ក្រោយ​នេះ រៀបចំ​គម្រោង​ប្លន់​នៅ​ខេត្តកណ្តាល នា​យប់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ និង​បាន​ដើរ​មើល​ភូមិសាស្ត្រ​ប្លន់​នៅ​ភូមិ​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ៕