លោក Trump ចោទសួរ​ពី​សុខភាព​ផ្លូវចិត្ត​របស់លោកស្រី Clinton

លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អាពីគណបក្សសាធារណរដ្ឋ បានចោទសួរអំពីសុខភាពខាងផ្លូវចិត្តរបស់គូប្រជែងលោកពីគណបក្សប្រជាធិបតេយ្យគឺ លោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា Hillary Clinton។

មហាសេដ្ឋីអចលនទ្រព្យរូបនេះ ដែលនិយាយដោយមិនបានគិតគូរស្រួលបួលបានថ្លែងប្រាប់ការប្រមូលផ្តុំមួយក្នុងរដ្ឋ New Hampshire កាលពីថ្ងៃសៅរ៍ថា«លោកស្រីជាមនុស្សឡប់ៗ។ ស្រីជាមនុស្សមានជំងឺផ្លូវចិត្ត»។ លោក Trump បានធ្វើត្រាប់ដោយចំអកដល់អត្ថាធិប្បាយរបស់លោកស្រី Clintonថា លោកស្រី«យល់ច្រឡំអំពីសំណួរដែលគេបានសួរលោកស្រី» នៅពេលឆ្លើយនឹងសំណួរមួយអំពីការពិតស្តីពីការរក្សាទុកឯកសារអំពីសន្តិសុខជាតិនៅក្នុងសឺវើរអ៊ីម៉ែល ឯកជនរបស់លោកស្រី ដែលលោកស្រីបានប្រើនៅពេលលោកស្រីកាន់តំណែងជា អ្នកការទូតកំពូលរបស់ប្រទេសពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។

លោក Trump បាននិយាយបា្រប់ហ្វូងមនុស្សថា លោកមាន«ចិត្តឆេវឆាវជាអ្នកឈ្នះ»។

ជាការឆ្លើយតប ក្រុមអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជូនលោកស្រី Clinton បាននិយាយថា «ជាការគួរឲ្យស្តាយ ដែលវិធីតែមួយគត់របស់លោក Trump ក្នុងការដោះស្រាយបញ្ហាក្នុងពេលមួយសប្តាហ៍ប្រកបដោយមហន្តរាយរបស់លោកផ្ទាល់គឺ លោកធ្វើការវាយប្រហារផ្ទាល់ខ្លួនដោយពាក្យសម្តី ដែលមានភាពស្រពិចស្រពិលជាងមុន»។

ថ្ងៃសៅរ៍កំណត់ទស្សនកិច្ចលើកទីមួយរបស់លោក Trump ទៅកាន់រដ្ឋ New Hampshire ចាប់តាំងពីការបោះឆ្នោតបឋមនៃគណបក្សសាធារណរដ្ឋនៅទីនោះកាលពីខែកុម្ភៈ ដែលលោក Trump បានឈ្នះឆ្នោតច្រើន។ ក៏ប៉ុន្តែការស្ទង់មតិនៅក្នុងរដ្ឋនេះនាប៉ែកឦសានស.រ.អ.កាលពីសប្តាហ៍មុនបានបង្ហាញថាលោកស្រី Clinton នាំមុខលោក Trump ១៥ភាគរយ បីខែមុនការបោះឆ្នោតជាតិក្នុងខែវិច្ឆិកាខាងមុខនេះ ដើម្បីកាន់តំណែងជំនួសលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ានៅពេលលោកចាកចេញពីតំណែងក្នុងខែមករា។

ការស្ទង់មតិក្នុងប្រទេសរួមគ្នាថ្មីមួយរវាងកាសែត Washington Post និងបណ្តាញទូរទស្សន៍អាមេរិកាំង ABC News បានបង្ហាញថា លោកស្រី Clinton នាំមុខលោកTrump ៥០ភាគរយទល់នឹង៤២ភាគរយ ដោយមានចំនួនពីរដងច្រើនជាងចំនួន៤ភាគរយ ដែលលោកស្រីបាននាំមុខកាលពីពាក់កណ្តាលខែកក្កដានៅមុនការប្រជុំមហាសន្និបាតជាតិនៃគណបក្សទាំងពីរនេះ។ អង្គការផ្សាយព័ត៌មានទាំងពីរនេះបាននិយាយថា ជិត៦នាក់នៃបណ្តាអ្នកបោះឆ្នោត១០នាក់នៅតែមិនពេញចិត្តជាមួយការជ្រើសរើសរវាងលោកស្រី Clinton និងលោកTrump៕

ប្រភព៖ VOA


Related Posts