មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​ដែល​លេង​ទូរស័ព្ទ​ក្នុង​ម៉ោង​ការងារ​ ត្រូវ​បាន​ប្ដូរ

ភ្នំពេញៈ ប្រធាននាយកដ្ឋានលិខិតឆ្លងដែនបានសម្រេចផ្ទេរភារកិច្ចមន្ត្រីរបស់ខ្លួនម្នាក់បន្ទាប់ពីមានការបង្ហោះវីដេអូឃ្លីបមួយលើបណ្តាញសង្គមហ្វេសប៊ុកពីសកម្មភាពមន្ត្រីរូបនោះអង្គុយចុចទូរស័ព្ទខណៈពលរដ្ឋកំពុងឈររង់ចាំទទួលសេវាពីមន្ត្រីនោះ។

ក្នុងលិខិតបង្គាប់ការមួយចុះថ្ងៃទី ៥ ខែសីហាឆ្នាំ ២០១៦ ប្រធាននាយកដ្ឋានលិខិតឆ្លងដែនលោក ព្រហ្ម ចាន់សុខា បានសម្រេចផ្ទេរភារកិច្ចកញ្ញា ខេង សុខកញ្ញា ពីមន្ត្រីការិយាល័យបែបបទទៅកាន់ការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋានលិខិតឆ្លងដែន។

ការសម្រេចផ្ទេរភារកិច្ចនេះធ្វើឡើងបន្ទាប់ពីមានវីដេអូឃ្លីបមួយត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកពីសកម្មភាពរបស់កញ្ញា ខេង សុខកញ្ញា កំពុងអង្គុយចុចទូរស័ព្ទទំនើបរបស់ខ្លួនខណៈមានមនុស្សកំពុងឈររង់ចាំទទួលសេវាពីនាង។

មន្ត្រីក្នុងនាយកដ្ឋានលិខិតឆ្លងដែន និងអ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមិនអាចសុំអត្ថាធិប្បាយបន្ថែមបានទេកាលពីម្សិលមិញ។

លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានសាទរចំពោះការផ្ទេរភារកិច្ចមន្ត្រីការិយាល័យលិខិតឆ្លងដែននេះដោយលោកថ្លែងថានេះជាការរួមចំណែកក្នុងការធ្វើឲ្យមានគណនេយ្យភាពនៅកន្លែងធ្វើការ។

លោកបន្ថែមថា៖ «ការរិះគន់លើបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃនេះវារួមចំណែកក្នុងការកែប្រែឥរិយាបថរបស់មន្ត្រីធ្វើលិខិតឆ្លងដែន»។

ទោះយ៉ាងនេះក្តីពលករខ្មែរទៅធ្វើការនៅកូរ៉េម្នាក់លោក គង់ សារី ដែលបានទៅធ្វើលិខិតឆ្លងដែនប្រហែលជា ២ ឆ្នាំមុនឲ្យដឹងថាមន្ត្រីនៅទីនោះបំពេញតួនាទីជាធម្មតាដោយលោកមិនបានឃើញមន្ត្រីណាមួយអង្គុយចុចទូរស័ព្ទនោះទេ។

លោកបានឲ្យដឹងបន្ថែមទៀតថា ចំពោះលោកសេវានៅទីនោះអាចទទួលយកបាន៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts