កីឡាករ​ថៃ ឈ្នះ​មេដាយ​អូឡាំពិក តែ​យាយ​គាំង​បេះដូង​ស្លាប់ ​

លោកយាយវ័យ៨២ឆ្នាំ របស់កីឡាករលើកទម្ងន់ថៃ Sinphet Kruaithong បានគាំងបេះដូងស្លាប់ កាលពីព្រឹកមិញ បន្ទាប់ពីរំភើបឃើញចៅឈ្នះមេដាយសំរឹទ្ធិនៅព្រឹត្តិការណ៍អូឡាំពិក ទីក្រុង Rio ប្រទេសប្រេស៊ីល។

ប្រជាជនថៃជាច្រើន រួមទាំងឪពុករបស់កីឡាករ Sinphet លោក Thongdam Kruaithong វ័យ៥៦ឆ្នាំ ម្តាយ Chan Kruaithong វ័យ៤៨ឆ្នាំ និងលោកយាយ Subin Khongthap អាយុ ៨២ឆ្នាំ បាននៅមុខកញ្ចក់ទូរទស្សន៍ទាំងអស់គ្នា នៅស្រុក Chumphon Buri ខេត្ត Surin ដើម្បីទស្សនាការផ្សាយបន្តផ្ទាល់អូឡាំពិក។

បើតាមសេចក្ដីរាយការណ៍ អំឡុងពេលដែលកីឡាករ Sinphet ប្រកួតលើកទម្ងន់៥៦គីឡូក្រាម ហើយឈ្នះមេដាយសំរឹទ្ធិនោះ លោកយាយរបស់គេដែលទស្សនាផ្ទាល់នៅថៃ រំភើបដល់គាំងបេះដូង និងត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅស្រុក Chumphon Buri ប៉ុន្តែជាអកុសល១ម៉ោងក្រោយ លោកយាយក៏បានលាចាកលោក។

អ្នកស្រី Chan ម្ដាយរបស់កីឡាករ Sinphet បានឲ្យដឹងថា អ្នកស្រីពិតជាមានអារម្មណ៍សោកសៅ ដែលបាត់បង់ម្ដាយ ប៉ុន្តែក៏មានសេចក្ដីរីករាយ ពេលឃើញកូនប្រុសឈ្នះមេដាយជូនប្រទេសជាតិ៕

ប្រភពៈ news.sabay


Related Posts