ព្រះ​សង្ឃ​ប្រកាស​អាសន្ន​​​ផ្អើល​ទាំង​កណ្តាល​​យប់ ​

ខេត្តសៀមរាប ​៖ ​ក្រុម​ឈ្មួញ​ជិត​២០​នាក់ បាន​ជិះ​រថយន្ត​ទំនើប​ចំនួន​៦​គ្រឿង​ មក​ធ្វើ​សកម្មភាពដោយ​​បន្លំ​ធ្វើ​ជា​សែនព្រេន មាន​គម្រោង​​លួច​គាស់​កំណប់​សំ​រិ​ទ្ធ ​នៅ​វត្ត​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប តែ​ត្រូវ​បរាជ័យ ខណៈ​​ព្រះសង្ឃ​ និង​ពលរដ្ឋ​ប្រកាស​អាសន្ន ​ហើយ​នៅ​គ្រា​ដែល​សមត្ថកិច្ច​មក​ដល់ ​ក្រុម​ជនសង្ស័យ​ក៏​នាំ​​​រត់ឡើង​​រថយន្ត​គេចខ្លួន​បាត់​​អស់​ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៤៧​យប់​​​ថ្ងៃ​ទី​០៧​ សីហា​ ២០១៦ ស្ថិត​​ក្នុង​បរិវេណ​ពី​ខាងជើង​​ព្រះ​វិហារ​វត្ត សសរ​ស្តម្ភ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ​។ 

លោក​ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨​ សីហា ​នេះ​ថា ​​កាលពី​យប់មិញ​ មាន​មនុស្ស​ប្រមាណ​ជា​២០​នាក់​ និង​រថយន្ត​៦​គ្រឿង​​ ប្រភេទ​ហា​យ​ឡិន​ឌ័​រ ឡិច​ស៊ី​​៣០០ ចំនួន​២​គ្រឿង អ៊ី​ស៊ុ​យ​ស៊ុ​យ ១​បាំង​កន្លះ ១​គ្រឿង​និង កាម​រី​៣​គ្រឿង បាន​នាំ​គ្នា​មក ​ក្នុង​វត្ត​សសរស្តម្ភ ឃុំ​សសរស្តម្ភ ក្បែរ​ព្រះ​វិហារ​ពី​ខាងជើង និង​បាន​យក​មាន់​ស្ងោរ​​​២​ក្បាល សាច់​ជ្រូក និង​ផ្លែ​ឈើ មក​សែន​មុខ​ខ្ទម​អ្នកតា ក្នុង​គោលបំណង​គាស់​យក​កំណប់​សំ​រិ​ទ្ធ ​(​ខណៈ​ពេល​នោះ​ មិន​ទាន់​បាន​ធ្វើ​សកម្មភាព​គាស់​នៅទេ​)​ ។​

លោក​បន្ត​ថា ​ក្នុង​ពេល​នោះ​ មាន​ព្រះសង្ឃ​ និង​គណៈ​កម្ម​ការ​វត្ត ក៏​បាន​នាំ​គ្នា​ទៅ​មើល ក៏​ឃើញ​ក្រុម​ជនសង្ស័យ​កំពុង​សែនព្រេន មានការ​សង្ស័យ ក៏​បាន​ប្រកាស​អាសន្ន​ហើយ ក៏​រាយ​ការ​ណ៍​​ទៅ​ឱ្យ​កំលាំង​នគរបាល និង​ប្រជាពលរដ្ឋ​បាន​ចុះ​មក​ជួយ​អន្តរាគមន៍ ដេញចាប់​ក្រុម​ជនសង្ស័យ​ ។

បន្ទាប់​ពី​បានឃើញ​សមត្ថកិច្ច​មក​ដល់ ក៏​បាន​បើករថយន្ត​គេចខ្លួន​អស់ ។ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ក្នុង​ពេល​កម្លាំង​ប៉ូលិស​ និង​ប្រជាពលរដ្ឋ​មក​ជួយ​អន្តរាគមន៍​​នោះ សមត្ថកិច្ច​បានឃើញ​ឯកសារ​របស់​ក្រុម​ជនសង្ស័យ​ចំនួន​១២​សន្លឹក​ នៅ​ក្បែរ​កន្លែង​សែនព្រេន​នោះ រួច​យក​មក​ធ្វើការ​ពិនិត្យ​ ។

លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​នេះ​យ៉ាង​ល្អិតល្អន់ ហើយ​ក៏​បានដឹង​ពី​អត្តសញ្ញាណ​ជនសង្ស័យ​
ខ្លះ​ៗ​ហើយ​ ។​ ប៉ុន្តែ​សុំ​មិន​ទាន់​បង្ហាញ​ដោយសារ​ទុក​ស្រាវជ្រាវ​សិន​ ។ ​លោក​បញ្ជាក់​បន្ថែមថា ​ទីតាំង​កំណប់​សំ​រិ​ទ្ធ​នោះ ​មិន​ទាន់​ដឹង​ថា ពិត​ឬ​យ៉ាងណា​នោះ​ទេ គ្រាន់តែ​គេ​ល្បី​ថា មាន​កំណប់​ដែល​គេ​កប់​តាំងពី​សម័យ​ប៉ុ​ល​ពត​មក​ម្ល៉េះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​យ៉ាងនេះ​ក្តី ក្នុង​នាម​សមត្ថកិច្ច​នឹង​ព្រះសង្ឃ ព្រមទាំង​ពលរដ្ឋ​មិន​អនុញ្ញាតិ​ឱ្យ​ជនល្មើស​ចូល​មក​កាប់​គាស់​យក​វត្ថុ​បុរាណ​បាន​ស្រេច​តែ​ចិត្ត​នោះ​ទេ ព្រោះ​កន្លែង​ទី​វត្ត​អារាម  ។