បង្កើន​ការចងចាំ ជាមួយ​ជីវជាតិ​ទាំងអស់នេះ​

បង្កើន​ការចងចាំ ជាមួយ​ជីវជាតិ​ទាំងអស់នេះ​

​ការចងចាំ​ល្អ នឹង​ជួយ​ដល់​មនុស្ស ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ របស់​ពួកគេ​បាន​យ៉ាង​ល្អ​។ ក្រៅពីនេះ ការ​ដែល​យើង​មាន​ការចងចាំ​ល្អ​ហើយ  អ្វី​ក៏​អាចធ្វើ​បាន​ដោយ​ឯករាជ្យ​ផងដែរ​។ វា​ពិតជា​ជួយ​បាន​ច្រើនណាស់ ចំពោះ​សិស្ស​រៀន​នៅ​សាលា កន្លែងធ្វើការ និង​ការងារ​ក្នុងផ្ទះ​ជាដើម​។ ដូច្នេះ តើ​អ្វី​ទៅ​ដែល​អាច​ជួយ​ពង្រឹង ដល់​សមត្ថភាព​នៃ​ការចងចាំ​យើង​កាន់តែ​ល្អ​?

​ការ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ នឹង​ពង្រឹង​ដល់​ការចងចាំ​មនុស្ស​យើង​បាន​យ៉ាង​ល្អ​។ យោងទៅតាម Help Guide បានឲ្យដឹងថា ខួរក្បាល​ត្រូវការ​ថាមពល ដើម្បី​ធ្វើ​ការងារ​របស់​វា ដូច​សរីរាង្គ​ផ្សេងៗ​ទៀត​ដែរ​។ ជម្រើស​អាហារ​ដូចជា ត្រី ផ្លែឈើ បន្លែ និង​បន្លែ​ពណ៌​បៃតង សុទ្ធ​តែ​អាច​ជួយ​សម្រួច​ដល់​ការចង​ចាំបាន​ទាំងអស់​។

​ត្រី​ដូច​ជា សាល​ម៉ុង សា​ឌី​ន ធូ​ណា គឺ​មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង និង​ខួរក្បាល​។ អូ​មេហ្គាបី​នេះ​ក៏​មាន​ក្នុង សណ្តែកសៀង គ្រាប់​ល្ពៅ ប្រូ​ខូលី ស្ពៃ​ស្ពីណា​ច និង​អាហារ​សមុទ្រ​ដែរ​។

​ចំពោះ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ Saturated Fat ដូចជា​សាច់ក្រក ប័រ ការ៉េម ទឹកដោះគោ គួរតែ​ញ៉ាំ​ក្នុង​ចំនួន​តិចតួច​បាន​ហើយ ព្រោះ​វា​អាច​បណ្តាលឲ្យ​ខូច​ដល់​ការចង​ចាំបាន​។

​ផ្លែឈើ និង​បន្លែ​មាន​អង់​ទី​អុក​ស៊ីដង់ ដែល​ជួយ​ការពារ​រាងកាយ ពី​ជាតិពុល​គ្រោះថ្នាក់ និង​សារធាតុ​គីមី​នានា​បាន​។ តាមពិត ពណ៌​ជាច្រើន​របស់​ផ្លែឈើ និង​បន្លែ គឺជា​ប្រភព​អង់​ទី​អុក​ស៊ីដង់ដ៏​ល្អ​ហើយ​។

​ការ​ញ៉ាំ​តែ​បៃតង ក៏​ជួយ​ពង្រឹង​ដល់​ការចងចាំ​ដែរ ព្រោះ​ថា​វា​មាន​សារធាតុ Polyphenols ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​អស្ចារ្យ សម្រាប់​ការពារ​ខួរក្បាល​ពី​រ៉ាឌីកាល់​សេរី​។

​រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​មួយ ចំពោះ​វិធី​ដែល​ធ្វើឲ្យ​មាន​ការចងចាំ​បាន​ល្អ​នោះ គឺ ទឹក​ទំ​ពាំ​បាយ​ជូរ និង​ស្រា​ទំពាំងបាយជូរ​តែម្តង​។ ក្នុង​ការចុះផ្សាយ​បានបញ្ជាក់​ថា គ្រឿង​ស្រវឹង ក៏​អាច​ជំរុញ​ដល់​ភាព​ឆ្លាត​វៃ និង​ចងចាំ​ដែរ នៅពេល​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​។ ស្រា និង​ទឹក​ទំពាំងបាយជូរ​មាន​សារធាតុ Flavonoid ដែល​ហៅថា Resveratrol មាន​នាទី​បង្កើន​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេច​ភ្លាំង ពេល​ចាស់ជរា​បាន​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។