ចង់​ឲ្យ​កូន​ក្នុងផ្ទៃ​លូតលាស់​ល្អ និង​ម្ដាយ​មាន​សុខភាព​ល្អ​ត្រូវធ្វើ​ដូច​ម្ដេច​?

ចង់​ឲ្យ​កូន​ក្នុងផ្ទៃ​លូតលាស់​ល្អ និង​ម្ដាយ​មាន​សុខភាព​ល្អ​ត្រូវធ្វើ​ដូច​ម្ដេច​?

​កាល់ស្យូម ជា​សារធាតុ​ដែល​មាន​សារៈសំខាន់​ណាស់​ចំពោះ​មនុស្ស​គ្រប់រូប​មិន​ថា ក្មេង ចាស់ ប្រុស ឬ​ស្រី​។ លើសពី​នេះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះកូន​រឹតតែ​ត្រូវការ​សារធាតុ​កាល់ស្យូម​គ្រប់គ្រាន់​សម្រាប់​សុខភាព​ខ្លួន និង​ទារក ដោយសារ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​និង​បំបៅ​ដោះ​គឺមាន​តម្រូវការ​កាល់ស្យូម​ខ្លាំង​ជាងគេ​។ ដើម្បី​សុខភាព​ល្អ​ទាំង​ខ្លួនឯង និង​ទារក​ក្នុង​ផ្ទៃ អ្នក​ម្តាយ​គ្រប់រូប​អាច​ទទួលបាន​សារធាតុ​កាល់ស្យូម​ពី​អាហារ​មួយចំនួន​ដូចជា​បន្លែ​បៃតង​ចាស់ ទឹកដោះគោ​ជាដើម​។​ល​។ ក៏ប៉ុន្តែ​តើ​អ្នក​ម្តាយ​ដែល​កំពុង​ពពោះ​កូន និង​បំបៅ​ដោះកូន​គ្រប់រូប​ប្រាកដ​ទេ​ថា​ខ្លួន​បាន​បរិភោគ​អាហារ​ដែល​សម្បូរ​សារធាតុ​កាល់ស្យូម​គ្រប់គ្រាន់​?

​យោងតាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ដែល​ទទួល​ទាន​កាល់ស្យូម​មិន​បាន​គ្រប់គ្រាន់ គប្បី​ទទួលទាន​កាល់ស្យូម​បំពេញបន្ថែម​អំឡុង​ពេល​មាន​ផ្ទៃពោះ  ដើម្បី​ការពារ ជំងឺ​បម្រុង​ក្រឡា​ភ្លើង ហើយ​ជាពិសេស​បំផុត​ចំពោះ​ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់​ជាមួយ​ជំងឺ​លើស​សំពាធ​ឈាម​ ​សម្រាប់​អ្នក​ម្តាយ​ដែល​កំពុង​ពពោះ និង​បំបៅ​ដោះកូន​គួរ​ស្វែង​យល់​ឲ្យបាន​ច្បាស់អំ​ពី​សារៈសំខាន់​នៃ​កាល់ស្យូម និង​វិធី​ក្នុង​ការទទួលបាន​សារធាតុ​កាល់ស្យូម​គ្រប់គ្រាន់​សម្រាប់​សុខភាព​ខ្លួនឯង និង​ទារក​នៅ​ក្នុង​ផ្ទៃ​។ កម្រង​សំណួរចម្លើយ​ខាងក្រោម​អាចជួយ​អ្នក​នៅ​ក្នុង​បញ្ហា​នេះ​។​

​សំណួរ​(១). តើ​សារធាតុ​កាល់ស្យូម​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​នៅ​ក្នុង​ផ្ទៃ​?
​ចម្លើយ​៖ សារធាតុ​កាល់ស្យូម​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ដល់ សុខភាព​មាតា​និង​ទារក​នាពេល​បច្ចុប្បន្ន​និង​អនាគត​។ យោងតាម​អង្គការ​សុខភាព​ពិភពលោក បាន​ផ្តល់​អនុសាសន៍​ថា កាល់ស្យូម​គប្បី​បំពេញបន្ថែម ចាប់ពី​សប្តាហ៍​ទី​២០​នៃ​រយៈពេល​មាន​ផ្ទៃពោះ រហូត​ដល់​សម្រាល​បុត្រ​។​
•​    ​ទារក​ពិត​ជា​ចាំបាច់​ក្នុង​ការទាមទារ​នូវ​ជាតិ​កាល់ស្យូម​ពី​ម្តាយ​របស់​ខ្លួន​ដើម្បី​ធ្វើឲ្យ​ឆ្អឹង​លូតលាស់ ធ្វើ​ឲ្យ​បេះ​ដូង សរសៃប្រសាទ និង​សាច់ដុំ​មាន​សុខភាព​ល្អ​។​
•​    ​កាល់ស្យូម​ជួយ​ឲ្យ​ចង្វាក់បេះ​ដូងទារក​ដំណើរការ​ធម្មតា និង​មាន​លទ្ធភាព​ក្នុងការ​ធ្វើ​កំណក​ឈាម​។​
•​    ​ដំណាក់កាល​១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត​គឺជា​អំឡុង​ពេល​ដែល​ទារក​មាន​ការលូតលាស់​ខ្លាំង ទារក​ពិត​ជា​ចាំបាច់​ណាស់​ក្នុងការ​នាំចូល​នូវ​សារជាតិ​កាល់ស្យូម​
•​    ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​អាល់​ហ្សេ​រី​បាន​ឲ្យដឹងថា​ ​កំឡុង​មាន​ផ្ទៃពោះ ស្រី្ត​ចំនួន​៧០.៥៥%​ជួប​បញ្ហា​កង្វះ​ជាតិ​កាល់ស្យូម ហើយ​ទារក​ប្រសូត្រ​ធម្មតា ខ្វះ​កាល់ស្យូម​៥៣.៧១% ទារក​ប្រសូត្រ​ដោយ​ការវះកាត់​ខ្វះ​កាល់ស្យូម​៥៥.៩៤% ចំណែកឯ​ទារក​ប្រសូត្រ មិន​គ្រប់​ខែ​ខ្វះ​កាល់ស្យូម​រហូតដល់​៧៩.០៩%​។​

​ដូច្នេះ ការ​ដែល​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម ឬ​ទទួលទាន​សារធាតុ​បំប៉ន​កាល់ស្យូម​បន្ថែម​គឺជា​រឿង​ចាំបាច់​បំផុត​។​

​សំណួរ​(២). តើ​មាន​អ្វី​កើតឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះកូន​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​?
​ចម្លើយ​៖ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះកូន​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​អាច​ជួប​បញ្ហា​មួយចំនួន​ដូចជា​៖
​    ​ឆ្អឹង​ស្ពោធ​
​    ​ញ័រ​ដៃ​
​    ​ស្ពឹក​
​    ​រមួល​ក្រពើ​។

​សំណួរ​(៣). ក្រៅ​ពី​ជួប​ផល​លំបាក​ខាងលើ តើ​ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​អ្វី​ទៀត​?
​ចម្លើយ​៖ ស្រី្ត​ដែល​កង្វះ​សារធាតុ​កាល់ស្យូម​នៅពេល​មាន​ផ្ទៃពោះ​អាច​រង​គ្រោះ​ដោយសារ​ជំងឺ​បម្រុង​ក្រឡាភ្លើង​។ ជាពិសេស​វា​អាច​កើតឡើង​ក្នុង​កំឡុងពេល​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​សប្តាហ៍​ទី​២០ ហើយ​កើតឡើង​ច្រើន​បំផុត​ចំពោះ​ស្រី្ត​មាន​ផ្ទៃពោះ​លើកដំបូង​។​

សំណួរ​(៤).​បើ​ដូច្នេះ​តើ​រោគសញ្ញា​ទាំងនោះ​មាន​អ្វីខ្លះ​ដែល​ស្ត្រី​គួរកត់សម្គាល់​បាន​?
​ចម្លើយ​៖​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អាច​សំគាល់​ជំងឺ​បម្រុង​ក្រឡាភ្លើង​បាន​រូ​ម​មាន​៖
•​    ​លើស​សំពាធ​ឈាម​
•​    ​ហើម​ដៃ និង ជើង​
•​    ​ធ្លាក់​ជាតិ​សាច់​តាម​ទឹកនោម​
•​    ​ឈឺក្បាល​
•​    ​ស្រវ៉ាំងភ្នែក។​

សំណួរ​(៥).​តើ​ត្រូវ​បន្ថែម​បរិមាណ​កាល់ស្យូម​ប៉ុន្មាន​កំឡុងពេល​មាន​ផ្ទៃពោះ ដើម្បី​ជៀសវាង​រាល់​បញ្ហា និង​ជំងឺ​ទាំងនោះ​?
​ចម្លើយ​៖ យោង​តាម​សៀវភៅ​ណែនាំ​អំពី​ការ​ពពោះ​នៅ​សហរដ្ឋអាមេរិក ដែល​មាន​ចំណងជើង​ថា “​ការ​មាន​ផ្ទៃពោះ និង​កំណើត​ទារក​” ឲ្យដឹងថា មាន​ការស្រាវជ្រាវ​ចំនួន​១៣​ផ្សេង​គ្នា​នៅក្នុង​ឆ្នាំ​២០១៤ ដែល​មាន​អ្នកចូលរួម​ជា​ស្ត្រី​ចំនួន​១៥៧៣០​នាក់ បានបង្ហាញ​ថា​ការបន្ថែម​កាល់ស្យូម​១០០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​មាន​អត្ថប្រយោជន៍​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​ជំងឺ​បម្រុង​ក្រឡាភ្លើង​បាន​ពី​៣១% ទៅ ៦៥% ជាពិសេស​ចំពោះ​ស្ត្រី​ដែល​ទទួលទាន​អាហារ​ដែល​ពុំ​សូវ​សម្បូរ​កាល់ស្យូម​។ លើសពីនេះ​ទៀត​យោង​តាម​អត្ថបទ​ផ្សព្វផ្សាយ​របស់ National Academy Press របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១០ បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូន​គួរ​ទទួល​ទាន​សារធាតុ​កាល់ស្យូម​ឲ្យបាន ១៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ដូចនេះ​ស្ត្រី​ជា​មាតា​គ្រប់​រូប​ត្រូវ​ទទួល​ទាន​អាហារ​ដែល​សំបូរ​សារធាតុ​កាល់ស្យូម ឬ​សារធាតុ​បំប៉ន​កាល់ស្យូម​បន្ថែម​។​

​សំណួរ​(៦). តើ​អ្នក​ម្តាយ​គ្រប់រូប​គួរ​ធ្វើ​បែបណា​ដើម្បី​ប្រាកដ​ថា​ខ្លួន​ទទួលបាន​សារធាតុ​កាល់ស្យូម​គ្រប់គ្រាន់​?
​ចម្លើយ​៖ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​ទាំងឡាយ​អាច​ទទួល​ទាន​អាហារ​មួយ​ចំនួន​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​រាល់ថ្ងៃ​មានដូចជា​៖
​    ​តៅ​ហ៊ូ​២​ដុំ​ទម្ងន់​៥៦ ក្រាម មាន​កាល់ស្យូម​ចំនួន ៤៥ មិល្លីក្រា​ម​
​    ​ទឹកដោះគោ​ជូ​រលាយ​ផ្លែឈើ​១​កំប៉ុង​តូច​ទម្ងន់​១៣០ ក្រាម មាន​កាល់ស្យូម​ចំនួន​១៣០ មិល្លីក្រា​ម​
​    ​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​១​ពែង​មាន​កាល់ស្យូម ៣០០ មិល្លីក្រា​ម​
​ការ​ទទួលទាន​អាហារ​ទាំងនេះ​ជា​ប្រចាំ​នឹង​អាច​ផ្តល់​សារធាតុ​កាល់ស្យូម​ចាំបាច់​ដល់​សុខភាព​មាតា និង​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​។​

​សំណួរ​(៧). ចុះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្រី្ត​បំ​បៅដោះ​កូន​ដែល​មិន​បាន​ទទួលទាន​អាហារ​ទាំងនេះ​ជា​ប្រចាំ ឬ​មិន​ចូលចិត្ត​អាហារ​ទាំងនេះ តើ​ពួកគាត់​ត្រូវធ្វើ​ដូច​ម្តេច​?
​ចម្លើយ​៖ ក្រៅពី​អាហារ​ដែល​បាន​រៀបរាប់​ខាងលើ ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​អាច​ជ្រើសរើស​យក​ផលិតផល​សារធាតុ​បំប៉ន​កាល់ស្យូម​ដើម្បី​បំពេញ​បន្ថែម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទ្រទ្រង់​សុខភាព​របស់​ខ្លួន និង​ទារក​ក្នុង​ផ្ទៃ​ឲ្យមាន​ការលូតលាស់​បាន​ល្អប្រសើ​រ​។​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។