កម្មករ​រោងចក្រ​សម្លៀកបំពាក់​ជុងហ្វៃ​បន្ត​ទាមទារ​ប្រាក់​ឈ្នួល​បន្ទាប់​ពី​ថៅកែ​រត់​ចោល

កម្មករ​រោងចក្រ​ផលិត​សម្លៀកបំពាក់​ឈ្មោះ ជុងហ្វៃ នីតវៀរ អេហ្វ.ធី.វ៉ាយ (Chung Fai Knitwear FTY., Ltd.) នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ជាង ១០០​នាក់ នាំ​គ្នា​បន្ត​លើក​បដា​នៅ​មុខ​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី ឲ្យ​ជួយ​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អតីតភាព​ការងារ​របស់​ពួក​គាត់។ កម្មករ​រោងចក្រ​នេះ ត្រូវ​បាន​ថៅកែ​រត់​ចោល​ជិត​ពីរ​ខែ​មក​ហើយ។

ក្រុម​កម្មករ​នៅ​រោងចក្រ ជុងហ្វៃ នីតវៀរ អេហ្វ.ធី.វ៉ាយ ថ្លែង​ថា បញ្ហា​ប្រាក់​ឈ្នួល​របស់​ពួក​គាត់ គ្មាន​សង្ឃឹម​ថា​នឹង​អាច​ដោះស្រាយ​បាន​ឆាប់ៗ​ទេ។

ការ​ត្អូញត្អែរ​បែប​នេះ គឺ​កម្មករ​ធ្វើ​បន្ទាប់​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ទៅ​ជួប​ពួក​គាត់​នៅ​ឯ​ទីតាំង​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី៨ សីហា។ តំណាង​កម្មករ​ប្រចាំ​រោងចក្រ ជុងហ្វៃ នីតវៀរ អេហ្វ.ធី.វ៉ាយ លោកស្រី ជឺន សុជាតិ មាន​ប្រសាសន៍​ថា ជំនួប​នេះ​មិន​មាន​លទ្ធផល​អ្វី​ថ្មី​ទេ៖ «និយាយ​ទៅ​វា​គ្មាន​អី​ប្លែក​ផង គាត់​បាន​តែ​មក​ជួយ​ប្រឹក្សា​យោបល់​ពួក​ខ្ញុំ ហើយ​បន្តិច​ទៀត ពួក​ខ្ញុំ​ទៅ​ពិភាក្សា​គ្នា​ថា យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ឬ​ត្រូវ​ធ្វើ​តាម​គាត់? គាត់​មក​តែ​និយាយ​តែ​ពាក្យ​ដដែលៗ​អ៊ីចឹង។ ពួក​ខ្ញុំ​អាច​ទទួល​យក​បាន ដូច​ថា ពាក្យ​ប្រឹក្សា​ពី​គាត់ ខ្ញុំ​អាច​ទទួល​យក​ទៅ ដូច​ថា គាត់​ឲ្យ​ដាក់​ដីកា​ម្ដង​ពីរ​អី​អ៊ីចឹង ពួក​ខ្ញុំ​អត់​ចេះ​ទេ»

អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក វង្ស សុវណ្ណ ថ្លែង​នៅ​ពេល​ជួប​កម្មករ​នៅ​ឯ​ទីតាំង​រោងចក្រ ជុងហ្វៃ ថា​ករណី​នេះ​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ​ការ​រឹប​អូស​អគារ ឃ្លាំង និង​អនុវត្ត​ដីកា​នេះ​ហើយ។ ដូច្នេះ កម្មករ​ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច​ពី​តុលាការ​បន្ត​ទៀត ព្រោះ​ឥឡូវ​នេះ​ជា​ដំណាក់​កាល​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ១០០% ហើយ៖ «ជំហាន​បន្ទាប់ ឃើញ​គាត់​បាន​សុំ​ដាក់​រឹប​អូស​អគារ ឃ្លាំង​អី​នេះ ខាង​តុលាការ​ក៏​គេ​បាន​ជួយ​សម្រួល​រឿង​ហ្នឹង​មួយ​ជំហាន​ទៀត។ ប៉ុន្តែ​អម្បាញ់មិញ​នេះ បាន​ពិភាក្សា​ជាមួយ​គាត់ បង​ប្អូន​យើង​គាត់​សុំ​រាប់​សម្ភារ​អី​បន្ត គឺ​ថា​ខ្ញុំ​ឲ្យ​ដាក់​លិខិត​ស្នាម​អី​ហ្នឹង​ទៅ​សុំ​តុលាការ​បន្ត​ទៀត តាម​នីតិវិធី​បន្តបន្ទាប់»

បញ្ហា​នៅ​រោងចក្រ ជុងហ្វៃ នីតវៀរ អេហ្វ.ធី.វ៉ាយ ក្រុម​កម្មករ​បាន​ប្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ហើយ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​សម្រេច​រក្សា​ការពារ​ទ្រព្យ​សម្បត្តិ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ក្នុង​រោងចក្រ​នេះ។

កម្មករ​ត្អូញត្អែរ​អំពី​ការ​ខ្វះខាត​ជីវភាព នៅ​ក្នុង​ពេល​រង់ចាំ​ការ​ដោះស្រាយ​រយៈពេល​ជិត​ពីរ​ខែ​មក​នេះ។

ទាក់ទង​នឹង​ការ​ផ្ដល់​យោបល់​របស់​លោក វង្ស សុវណ្ណ ថា​គួរ​សុំ​តុលាការ​លក់​ឡាយឡុង​ទ្រព្យ​សម្បត្តិ​សេសសល់ ទូទាត់​ប្រាក់​ឈ្នួល​ដើម្បី​ដោះស្រាយ​ជីវភាព​កម្មករ​សិន​នោះ តំណាង​កម្មករ លោកស្រី ជឺន សុជាតិ ថ្លែង​ថា លោកស្រី​នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​កម្មករ​សិន។លោកស្រី​មិន​ដឹង​ថា កម្មករ​នឹង​យល់​ព្រម​ទទួល​យក​ប្រាក់​នេះ​សិន ឬ​ចាំ​យក​ទាំង​ប្រាក់​អតីត​ភាព​ការងារ​របស់​ពួក​គាត់​ទាំងអស់​នោះ​នៅ​ឡើយ? ពួក​គាត់​ភាគ​ច្រើន​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ។ បញ្ហា​នៅ​រោងចក្រ​នេះ​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។