សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន អ្នក​ជួញដូរ​គ្រឿងញៀន​២​នាក់

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ដំណាក់​អំពិល ធ្វើការ​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន បាន​ចំនួន​២​នាក់ និង​ដកហូត​បាន​គ្រឿងញៀន រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ ធី ចំរើន ហៅ​ជិ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ម៉ូតូ កន្លង​មក​ធ្លាប់​ពន្ធនាគា​រយៈពេល​២​ឆ្នាំ​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

និង​ម្នាក់​ទៀត​ឈ្មោះ ជឿន ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ព្រូឡាន មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​បាន​រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន មាន​ដូច​ជា​ថ្នាំ​ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យ​ថា​សារធាតុ​ញៀន​២​កញ្ចប់​មធ្យម ដោយ​ក្នុង​១​កញ្ចប់​លក់​បាន​តម្លៃ​៣​ម៉ឺន​រៀល ដែកកេះ​២ ប្រអប់​តូច​ពណ៌​ក្រហម​សម្រាប់​ដាក់​ថ្នាំ​១​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដំណាក់​អំពិល សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បាន​ផ្ដល់​ព័ត៌មាន​មក​ថា មានមុខ​សញ្ញា​ជនសង្ស័យ​២​នាក់ កំពុង​តែ​ជួញដូរ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាងលើ ទើប​កម្លាំង​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​២​នាក់ ព្រមទាំង​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុ​តាង​ខាងលើ​។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ បាន​សារភាព​ថា​ពួក​គេ​បាន​ទិញ​ថ្នាំ​ញៀន​នោះ​ពី​ឈ្មោះ លេខ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​។ បន្ទាប់​មក​នគរបាល​បាន​នាំ​ពួក​គេ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​សាកសួរ និង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕