លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទីកន្លែង​ដែល​កំពុង​ធ្វើ​ការ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទីកន្លែង​ដែល​ខ្លួន​កំពុង​ធ្វើ​ការ​បាន ដោយ​មិន​ចាំបាច់​វិល​ត្រឡប់​ទៅ​ចុះ​ឈ្មោះ​នៅ​ស្រុក​កំណើត​ទៀត​ឡើយ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សាទរ​ចំពោះ​ការ​លើក​ឡើង​នេះ និង​បាន​អំពាវនាវ​ប្រមុខ​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​រៀបចំ​ឲ្យ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់​គ្នា​ថែម​ទៀត។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ឲ្យ​ប្រជាពលរដ្ឋ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​តាម​ទីកន្លែង​ដែល​ខ្លួន​បំពេញ​ការងារ​បាន។

លោក ហ៊ុន សែន បញ្ជាក់​បែប​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ សីហា នៅ​ក្នុង​ពិធី​ចាក់​បេតុង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ នៅ​ភូមិ​ព្រែកធន់ ឃុំ​ព្រែកថ្មីមួយ ស្រុក​កោះធំ ខេត្ត​កណ្ដាល។ លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត កុំ​ឲ្យ​លំបាក​រឿង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់៖ «កាល​ពី​មុន​គាត់​ត្រូវ​ចុះ​ឈ្មោះ​នៅ​ឯ​ស្រុក​កំណើត ឥឡូវ​អ៊ីចេះ ចុះ​ឈ្មោះ​នៅ​កន្លែង​ណា​ដែល​ខ្លួន​ធ្វើ​ការ​នៅ​ក្បែរ​នោះ អា​ហ្នឹង​ជា​ការ​ងាយ​ស្រួល​មួយ។ ពី​មុន​ចុះ​ឈ្មោះ​នៅ​ឯ​ស្រុក ខ្លួន​មក​ធ្វើ​ការ​នៅ​ភ្នំពេញ ខ្លួន​មក​ធ្វើ​ការ​នៅ​ភ្នំ​ពេញ​តែ​ស្រុក​កំណើត​នៅ​កោះធំ។ អ៊ីចឹង​ពេល​បោះឆ្នោត ត្រូវ​ប្រញាប់ប្រញាល់​មក​បោះឆ្នោតឥឡូវ​នេះ​មិន​ចាំបាច់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កោះធំ​ទេ បើ​ធ្វើ​ការ​នៅ​ភ្នំ​ពេញ ចុះ​ឈ្មោះ​នៅ​ភ្នំពេញ​តែ​ម្ដង​ទៅ»

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង សាទរ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ប៉ុន្តែ​លោក​ទទូច​សុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ឲ្យ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​បោះឆ្នោត​អំឡុង​ពេល​ដែល​ពួក​គេ​មក​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឲ្យ​បាន​គ្រប់​គ្នា៖ «ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ដឹង​ថា នៅ​ថ្ងៃ​សម្រាក​បុណ្យ មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​សម្រាក អ៊ីចឹង​ហើយ​បាន​ជា​យើង​ដាក់​សំណើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតប៉ុន្តែ​ឥឡូវ​មិន​ដឹង​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ទទួល​បាន​យ៉ាង​ម៉េច»

លោក អេង ឆៃអ៊ាង ក៏​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទំនាក់ទំនង​ទៅ​ក្រសួង​ការងារ​របស់​ប្រទេស​ថៃ ជួយ​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​មាន​លទ្ធភាព​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ងាយ​ស្រួល។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ពុំ​មាន​បញ្ហា​ចោទ​ប៉ុន្មាន​នោះ​ទេ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ទៅ​វិញ​ទេ ដែល​ជួប​ការ​លំបាក​ដោយសារ​មិន​អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ងាយ​ស្រួល​នោះ៖ «ព្រោះ​រឿង​នេះ​មាន​ប្រជាពលរដ្ឋ​ច្រើន​ជិត ​លាន​នាក់​ឯណោះ​នៅ​ក្រៅ​ប្រទេស ហើយ​ពួក​គេ​មាន​ការ​លំបាក​ខ្លាំង​ណាស់​អំពី​ការ​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​វិញ។ ទី​មួយ ដោយសារ​លុយ​កាក់​របស់​ពួក​គេ​មិន​គ្រប់គ្រាន់ អាច​ថា​នៅ​ប្រទេស​ថៃ ធ្វើ​ការ​បាន​ប្រាក់​ខែ​តិច»

ការ​ចុះ​ឈ្មោះ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​ឃុំ-សង្កាត់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៧ នឹង​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។