សំណុំរឿង​គ្រួសារ​លោក ថោ​ង សា​រ៉ាត់ នឹង​ប្រកាស​នៅ​ថ្ងៃ​១៥​សីហា​ខាង​មុខ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៦​នេះ បាន​បញ្ចប់​សវនាការ​ក្នុង​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​លោក ថោ​ង ចំរើន អាយុ​៦៧​ឆ្នាំ និង​អ្នកស្រី​កែវ សារី អាយុ​៥៦​ឆ្នាំ និង​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ ក្នុង​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​៤០៩ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៩២១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៤ នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ខាង​មុខ​នេះ​។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ចៅក្រម ឃឹម ប៉ុណ្ណ និង​តំណាង​មហាអយ្យការ​លោក នៅ មុនី​ជោ​ត​។ ក្នុង​ពេល​សវនាការ​ជនជាប់ចោទ លោក ឧកញ៉ា​ថោ​ង សា​រ៉ាត់ មិន​មាន​វត្តមាន​ទេ​។ ដោយឡែក​ក្នុង​សវ​នា​ជនជាប់ចោទ ថោ​ង ចំរើន និង​អ្នកស្រី​កែវ សារី បាន​ប្រគល់​សិទ្ធ​ឲ្យ​លោក​មេធាវី ឡៅ ស៊ី​ណា ចំណែក​លោក ថោ​ង សា​រ៉ាត់ ប្រគល់​សិទ្ធិ​ឲ្យ​លោក​មេធាវី ជា សុវណ្ណ​។ លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថោ​ង ចំរើន និង​អ្នកស្រី កែវ​សារី ធ្វើ​សេចក្តីសន្និដ្ឋាន​ដោយ​សូម​ឲ្យ​លោក​ចៅក្រម​ប្តូរ​បទចោទប្រកាន់​តាម​មាត្រា​៤៩០​ទៅ​មាត្រា​២០​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រាង​អាវុធ​ជាតិ​ផ្ទុះ​។

លោក​មេធាវី ជា សុវណ្ណ ការពារ​ក្ដី​លោក ថោ​ង សា​រ៉ាត់ ធ្វើ​សេចក្តីសន្និដ្ឋាន​ថា​ដោយឡែក​កូនក្តី​របស់​លោក​មិន​មាន​ពាក់​ពន្ធ​ក្នុង​រឿង​ក្តី​នេះ​ទេ ពោល​គឺ​ផ្ទះ​លេខ​៩២១​ជា​ផ្ទះ​ម្តាយ ចំណែក​ផ្ទះ​កម្មសិទ្ធិ​របស់​ខ្លួន​គឺ​ផ្ទះ​លេខ​៩២៩ ហើយ​សមត្ថកិច្ច​មិន​បាន​រក​ឃើញ​អាវុធ​ជាតិ​ផ្ទុះ​ទេ ដូចនេះ​ក្នុង​នាមខ្លួន​ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក ថោ​ង​សា​រ៉ាត់ សូម​ឲ្យ​លោក​ចៅក្រម​លើកលែង​ការ​ចោទប្រកាន់​លើ​កូនក្តី​របស់​ខ្លួន​។ តំណាង​មហាអយ្យការ​លោក នៅ មុនី​ជោ​ត ធ្វើ​សេចក្តីសន្និដ្ឋាន​ថា នៅ​តែ​តម្កល់​បទចោទប្រកាន់​នៅ​ដដែល​ដោយឡែក​ជនជាប់ចោទ​ទាំង​បី​នាក់​ក៏​ធ្លាប់​ប្តឹង​សូម​ឲ្យ​តុលាការ​ថា្ន​ក់​ក្រោម​បន្ធូ​បន្ថយទោស​ផង​ដែរ​។ លោក​ចៅក្រម ឃឹម ប៉ុណ្ណ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង​ខាងលើ​នេះ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​។

គួរ​រំ​ឮ​ក​ផង​ដែរ​ថា ជនជាប់ចោទ​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​៦​លាន​រៀល ចូល​ថវិការដ្ឋ​រឿង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​។​ចំណែក​លោក ថោ​ង ចំរើន និង​អ្នកស្រី កែវ សារី ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​ពិន័យ​៦​លាន​រៀល​ចូល​ថវិការដ្ឋ​ក្នុង​រឿង​នេះ​ដែរ​៕