ស្ត្រី​សកម្មជន​ដីធ្លី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញមក​ប្រកាសថា​ធ្វើ​នឹងធ្វើ​យុទ្ធនាការ​នេះ​នៅ​រៀងរាល់ថ្ងៃ​ច័ន្ទ​

ភ្នំពេញ​៖ ស្ត្រី​សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បុរី​កីឡា​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​៧​មករា ចាប់ខ្លួន​នាំទៅ​អធិការ​ខណ្ឌ ខណៈ​ស្ត្រី​សកម្មជន​ដីធ្លី​ប្រមាណ ១០​នាក់ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅក្នុង​សហគមន៍​បុរី​កីឡា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៨ ខែសីហា ឆ្នាំ​២០១៦​នេះ​។ ស្ត្រី​សកម្មជន​ដីធ្លី​ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នោះ គឺ​អ្នកស្រី សរ ស៊ន​។ អ្នកស្រី​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ទៅ​អប់រំ​ចំនួន ៥​ដង​ហើយ​ដោយសារតែ​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មួយរូប ដែល​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​សូកប៉ាន់ និង​សមគំនិត​សូកប៉ាន់​សាក្សី​។​

KA-08-07-2016-20

ប៉ុន្តែ​ក្រោយពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ កក្កដា ពលរដ្ឋ​សកម្មជន​ដីធ្លី​ដែល​តែងតែ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ បានរួម​បញ្ចូល​នឹង​ការទាមទារ​ឲ្យ​តុលា​ការរក​យុត្តិធម៌​ដល់​លោក កែម ឡី ផង​។ ក្នុងពេល​ចាប់ខ្លួន​អ្នកស្រី សរ ស៊ន គឺ​សមត្ថកិច្ច​បាន​ចុះមក​រារាំង​ស្ត្រី​សកម្មជន​ដីធ្លី​ប្រមាណ ១០​នាក់ ហើយក៏​ប្រតាយប្រតប់​គ្នា និង​ហែក​រូប​បណ្ឌិត កែម ឡី ដែល​ពួកគេ​បាន​កាន់​ក្នុង​ដៃ ដើរ​សំដៅទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ភោគ សុ​ភិន ថ្លែងថា ពួកគាត់​មិនមាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់​នោះទេ ក្នុងនាម​ជា​ពលរដ្ឋ​មួយរូប​ក្នុងការ​ទាមទារ​ស្វែងរក​យុត្តិធម៌​ដល់​អ្នក​ដែល​បាន​ស្លាប់ និង​ជាប់​ឃុំខ្លួន​ដោយ​អយុត្តិធម៌​នោះឡើយ​។ លោកស្រី​ស្នើ​ដល់​សហគមន៍ជាតិ និង​អន្តរជាតិ ជួយ​អន្តរាគមន៍​ស្វែងរក​យុត្តិធម៌​ដល់​ពួកគាត់​ផង​។ ពួ​គាត់​ថ្លែងថា សមត្ថកិច្ច​មានអំណាច ប្រើ​អំពើហិង្សា​។ ពួក​ខ្ញុំ​ជាំ​ដៃជើង​ខ្លួន​អស់ហើយ​ដោយសារ​ពួកគាត់​អូសទាញ​រុញច្រាន​ពួក​ខ្ញុំ​។ សូម​បងប្អូន​ជាតិ​អន្តរជាតិ មេត្តាជួយ​មើល​ជួយ​ពួក​ខ្ញុំ​ផង​។ ពួក​ខ្ញុំ​ជា​ជនរងគ្រោះ​។ គេ​បិទ​សិទ្ធិ​ពួក​ខ្ញុំ​។ ពលរដ្ឋ​អះអាងថា ពួកគាត់​នៅតែ​បន្ត​ការទាមទារ​តទៅទៀតរ​ហូត​ទទួលបាន​ជោគជ័យ​។​

ជុំវិញ​រឿងនេះ អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ទង្វើ​ដែល​អាជ្ញាធរ​ធ្វើ​នេះ គឺ​មិនមាន​លទ្ធផល​ល្អ​នោះឡើយ​។ ផ្ទុយទៅវិញ វារឹតតែ​បញ្ឆេះ​កំហឹង​ពលរដ្ឋ​កាន់តែខ្លាំង​ឡើង ដោយសារ​ពេលនេះ​ពួកគាត់​កំពុង​ខឹងសម្បា​នឹង​ការបាញ់សម្លាប់​បណ្ឌិត កែម ឡី​៖ «​រដ្ឋាភិបាល​ជាមួយនឹង​តុលាការ លោក​គួរតែ​ព​ន្លឿ​ន​នីតិវិធី និង​ពិចារណា​ក្នុងការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាំង ៥​នាក់​នោះ​ទៅ បើសិនជា​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​នោះទេ ហើយ​ទី​២ រដ្ឋាភិបាល​ត្រូវតែ​បង្កើន​នៃ​ការស៊ើបអង្កេត​ដោយ​តម្លាភាព និង​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​បណ្ឌិត កែម ឡី និង​ចាប់​ជន​ដែល​ពាក់ព័ន្ធ និង​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង យកទៅ​ផ្ដន្ទាទោស​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​លោក​អស់ចិត្ត ហើយក៏​មិនមាន​ការខឹង​សម្បា​ជាមួយ​អាជ្ញាធរ ហើយនឹង​មិនមាន​ការ​ចោទប្រកាន់​ណាមួយ​ទៅលើ​រដ្ឋាភិបាល​នោះ​បាទ​»​។​

ទាក់ទង​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះដែរ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញមក​ប្រកាស​ជា​លើកដំបូង​នៅ​រសៀល​ថ្ងៃទី​៨ ខែសីហា នេះ​ថា គណបក្ស​នេះ​នឹងចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ នៅ​រៀងរាល់ថ្ងៃ​ច័ន្ទ​ដែរ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃទី​៨ សីហា ថា ការចូលរួម​នេះ គឺ​ធ្វើ​តាមរយៈ​ការ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ និង​ប្រមូលផ្តុំ​នៅ​ទីស្នាក់ការ​គណបក្ស និង​មានការ​ថ្លែង​សារ​នានា​។

KA-08-07-2016-21

លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​អំណាច​អ្វី​ឡើយ ដូចនេះ​អ្វីដែល​គណបក្ស​នេះ​អាច​ធ្វើបាន គឺមាន​តែ​ការប្រើប្រាស់​សតិសម្បជញ្ញៈ​មនសិការ ឬ​សម្ដី​ដើម្បី​តស៊ូ​មតិ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​គាបសង្កត់​មកលើ​សិទ្ធិសេរីភាព​ពលរដ្ឋ និង​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​៕