ស្រី​អ៊ីត ប្រកែក​ស្នេហ៍​ជា​​មួយ​តារា​ថ្មី​ម្នាក់

តារា​កំប្លែង​​ស្រី​អ៊ីត ត្រូវ​បាន​​ប្រភព​ច្បាស់​ការ​មួយ​​ទម្លាយ​ឲ្យ​ដឹង​ថា កំពុងតែ​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​សម្ដែង​វ័យ​​ក្មេង​ម្នាក់ ប៉ុន្តែ​ដំណឹង​នេះ ភាគី​ទាំង​សងខាង​​​ប្រកែក ដោយ​លើក​ឡើង​ថា ​គ្រាន់​តែ​ជា​ដៃគូ​សម្ដែង និង​រាប់​អាន​គ្នា​​ប៉ុណ្ណោះ។

 

ស្រី​អ៊ីត ប្រកែក​ស្នេហ៍​ជា​​មួយ​តារា​ថ្មី​ម្នាក់

 

ប្រភព​ខាង​​លើ​ដែល​សូម​​មិន​​បញ្ចេញ​ឈ្មោះ​នោះ ​បាន​រៀប​​រាប់​ឲ្យ​ដឹង​ថា បុរស​ដែល​​ប្រុស​ស្នេហ៍​របស់ ស្រី​អ៊ីត ​មាន​ឈ្មោះ អ៊ុក ដារត្ន័ គឺ​ជា​តារា​សម្ដែង​ថ្មី​ម្នាក់ ដោយ​អ្នក​ទាំង​២​​​មាន​ទំនាក់ទំនង​ស្នេហ៍​ជា​មួយ​គ្នា​ជាង១ឆ្នាំ​មក​ហើយ។

 

ប្រភព​ដដែល​​នោះ​បាន​​បន្ត​ថា លោក​អ៊ុក ដារត្ន័ មាន​វ័យ​ក្មេង​ជាង​ស្រី​អ៊ីត មិន​ក្រោម​៥ឆ្នាំ​នោះ ស្រលាញ់​គ្នា​យ៉ាង​ស្អិតល្មួត ដោយ​ពេល​ទៅ​ណា​មក​ណា ​តែងតែ​​បើក​ឡាន​ជូន​ស្រីអ៊ីត​រហូត ហើយ​ទំនាក់​ទំនង​ស្នេហ៍​នេះ​​សមាជិក​ក្នុង​ក្រុម​កំប្លែង ​CBS គឺ​ដឹង​ស្ទើរ​គ្រប់​គ្នា។

 

ប្រភព​នោះ​បាន​លើក​ឡើង​​ថា គូស្នេហ៍១គូ​ខាង​លើ​ មិន​ដឹង​ថា​ពិត​ប្រាកដ​ឬ​ជា​ការ​លេងសើច ដើម្បី​ប្រជាប្រិយភាព ព្រោះ​ក្រោយ​ពី​មាន​អ្នក​ទាំង២ ចាប់​ផ្ដើម​មាន​ស្នេហ៍​ជា​មួយ​គ្នា​នោះ​លោក អ៊ុក ដារត្ន័ មាន​ឱកាស​បាន​សម្ដែង​រឿង ជា​បន្ត​បន្ទាប់ ហើយ​ថ្មីៗ​នេះ បាន​ទាំង​ធ្វើ​តួឯក​ក្នុង​រឿង​ថ្មី​មួយ​ទៀត​ផង។

 

ស្រី​អ៊ីត ប្រកែក​ស្នេហ៍​ជា​​មួយ​តារា​ថ្មី​ម្នាក់

 

ឆ្លើយ​តប​ជា​មួយ ​Sabay ស្រីអ៊ីត​ បាន​បដិសេធន៍​ទាំង​ស្រុង ដោយ​នាង​ចាត់​ទុក​​ការ​លើក​ឡើង​ខាង​លើ ​គឺ​ជា​ការ​បង្កាច់បង្ខូច​កិត្តិយស​​​នាង​ប៉ុណ្ណោះ។ ប្អូន​ស្រី​បង្កើត​នាយ​ក្រូច​រូប​នេះ​បាន​បញ្ជាក់​ថា អ្នក​ទាំង២​គ្រាន់តែ​ដៃគូ​សម្ដែង និង​ជា​​មិត្តភ័ក្ដិ​​ប៉ុណ្ណោះ មិន​​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​គ្នា​ឡើយ។

 

ស្រីអ៊ីត​លើក​ឡើង​​ថា មិន​ទាន់​គិត​រឿង​គូស្រករ​ជា​ថ្មី​ឡើយ រង់ចាំ​ពេល​​វេលា​យូរ​បន្តិច ត្បិត​អី​​ទើប​តែ​ចែក​ផ្លូវ​គ្នា​មួយ​ស្វាមី​ មិន​បាន​១ឆ្នាំ​ស្រួល​​បួល​ផង ។

 

ចំណែក​ លោក អ៊ុក ដារត្ន័ លើក​ឡើង​ស្រដៀង​គ្នា​នឹង​ស្រី​អ៊ីត តារា​រូប​នេះ​អាង​ថា ខ្លួន​ហ៊ាន​ស្បថ​ប្រសិន ប្រសិន​បើ​មាន​ទំនាក់ទំនង​ស្នេហ៍​​ជា​​មួយ​ស្រីអ៊ីត​ដូច​ការ​លើក​ឡើង​មែន​នេះ។ អ៊ុក ដារត្ន័ បញ្ជាក់​ថា ខ្លួន​ស្រលាញ់​ស្រីអ៊ីត​ដូច​ជា​បង​ស្រី មិន​បាន​មាន​គំនិត ផ្សេង​ឡើយ៕

 

ស្រី​អ៊ីត ប្រកែក​ស្នេហ៍​ជា​​មួយ​តារា​ថ្មី​ម្នាក់
 

អត្ថបទ៖ ខុត សីហា ​