ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី៣២)

ភាគ​ទី​៣២

ជន​ដែល​ចាប់​បំបែក​អ្នក​ទាំង​ពីរ​នោះ​ចេញ​ គឺ​បុរស​មួយ​រូប​ដែល​ទើប​នឹង​មាន​អាយុ​ប្រមាណ​ជា ៣៥-៣៦ ឆ្នាំ​ប៉ុណ្ណោះ​ គេ​មាន​ឫកពា​យ៉ាង​សង្ហា ​ហើយ​មាន​មុខ​មាត់​យ៉ាង​ស្រស់​ឆើត​ សម​ជា​កូន​អ្នក​មាន​ឬ​ជា​អ្នក​ប្រាជ្ញ ព្រោះ​គេ​មាន​សម្លៀកបំពាក់​យ៉ាង​ថ្លៃ​ថ្នូរ​ណាស់។
ទ្រង់​វានយានខាង​ឃើញ​គេ​សម្លឹង​មើល​មុខ​បុរស​នោះ​គ្រប់​ៗ​គ្នា​ ទ្រង់​ក៏​បន្លឺ​ព្រះ​សូរ​​សៀង​ឡើង៖
«បុរស​នេះ​គឺ​ជា​ម្ចាស់​ភ្នំ​អូដ្ឋ​ស​ ឈ្មោះ​អ្នក​ប្រុស​អូវយាង​ លោក​ទើប​នឹង​អញ្ជើញ​ចុះ​ពី​ភ្នំ​មក​ជា​លើក​ដំបូង​ដែរ!»
បុរស​ចម្លែក​នេះ​មក​ដោយ​ចៃដន្យ​ដូច្នេះ​ មិន​ចំពោះ​តែ​អាចារ្យ​វង់ឈូយី​និង​កួកឆេង​មិន​ធ្លាប់​បាន​ស្គាល់​នោះ​ទេ សូម្បី​តែ​ផឹងលានហូ​និង​លាងជឺវង់​តែង​មក​សំណាក់​នៅ​ព្រះដំណាក់​នេះ​ជា​យូរ​​ហើយ​នោះ​ ក៏​មិន​ដែល​ឃើញ​បុរស​នេះ​ដែរ។

 

ហេតុ​នេះ​ កាល​បើ​ឃើញ​បុរស​នេះ​បាន​បញ្ចេញ​ស្នាដៃ​យ៉ាង​សក្ដិសិទ្ធិ​ដូច្នោះ​ គេ​លួច​សរសើរ​ផ្អូច​ៗ ក្នុង​ចិត្ត​គ្រប់ៗ​គ្នា​ តែ​ភ្នំ​អូដ្ឋ​ស​​នោះ​នៅ​ឯ​ណា?
ពួក​គេ​មិន​ដែល​ឮ​ឈ្មោះ​​ភ្នំ​នេះ​ទាល់​តែ​សោះ។
អ្នក​ដែល​មក​ប្រជុំ​ទីនេះ​ ទាំង​ប៉ុន្មាន​សុទ្ធ​តែ​អ្នក​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ណាស់​ គេ​នឹក​ឡើង​ជិត​បែក​ខួរ​គ្រប់​ៗ​គ្នា​ តើ​ភ្នំ​អូដ្ឋ​ស​នោះ​នៅ​ឯ​ណា​ទៅ? ចម្លើយ​នេះ​ពុំ​មាន​អ្នកណា​ម្នាក់​អាច​ឆ្លើយ​​រួច​ឡើយ។
អ្នក​ប្រុស​អូវយាង​លំឱនកាយ​គោរព​អ្នក​រាល់​គ្នា​ ហើយ​បន្លឺ​​វាចា​ឡើង​ថា៖
«តាម​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ ខ្ញុំ​គួរ​តែ​បាន​មក​ដល់​រាជធានី​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​មក​ហើយ! ប៉ុន្តែ​នៅ​តាម​ផ្លូវ​មាន​ការ​បន្តិច​បន្តួច​ ទើប​បាន​ខក​ដំណើរ​យឺតយូរ​បន្តិច​ រហូត​មក​ដល់​ថ្ងៃ​នេះ​ បាន​សួរ​សុខ​ទុក្ខ​ដល់​អស់​លោក​ សូម​អភ័យ​ទើស​ខ្ញុំ​ផង​ចុះ!»

 

កួកឆេង​ឮ​ថា​អ្នក​ប្រុស​អូវយាង​នេះ​ជា​ម្ចាស់​ភ្នំ​អូដ្ឋ​ស គេ​ក៏​នឹក​ដល់​ស្រី​ដែល​ក្លែង​ខ្លួន​ជា​បុរស​ ហើយ​ចង់​ដណ្ដើម​សេះ​គេ​នៅ​តាម​ផ្លូវ​នោះ​ភ្លាម ព្រោះ​ឮ​ថា​ពួក​វា​ក៏​មក​ពី​ភ្នំ​អូដ្ឋ​ស​ដែរ ​ឥឡូវ​គេ​ឮ​បុរស​នេះ​ថា​នៅ​តាម​ផ្លូវ​មាន​ការ​បន្តិច​ ទើប​ខក​ដំណើរ​យឺត​យូរ​ដូច្នេះ។ កួកឆេង​ក៏​ភ្ញាក់​ព្រើត​ឡើង​ ព្រោះ​គេ​ស្មាន​ថា​គ្រូ​គេ​ប្រហែល​ជា​បាន​ត​យុទ្ធ​ជាមួយ​បុរស​នេះ​ម្ដង​រួច​ទៅ​ហើយ​ក៏​មិន​ដឹង គេ​ក៏​កើត​មាន​សេចក្ដី​ព្រួយ​បារម្ភ​ចំពោះ​សុខទុក្ខ​គ្រូ​គេ​ភ្លាម។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី៣២)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ