យុទ្ធូ៖ ការ​ធ្វើ​ជំនួញ មិន​ត្រូវ​គិត​តែ​ប្រាក់​ចំណេញ​មួយ​មុខ​ទេ

លោក ឯម យុទ្ធូ ប្រធាន​ផ្នែក​ទំនាក់ទំនង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei បាន​មើល​ឃើញ​ពី​ភាព​ចាំបាច់​នៃ​​ការ​ធ្វើ​ជំនួញ ត្រូវ​ផ្សា​ភ្ជាប់​ការ​ជួយ​ដល់​សង្គម ដោយ​មិន​គិត​តែ​ប្រាក់​ចំណេញ​មួយ​មុខ​ទេ។

 

យុទ្ធូ៖ ការ​ធ្វើ​ជំនួញ មិន​ត្រូវ​គិត​តែ​ប្រាក់​ចំណេញ​មួយ​មុខ​ទេ

 

លោក​បាន​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ទូរសព្ទ​ដ៏​ធំ​នេះ បាន​គាំទ្រ​សម្រាប់​គម្រោង​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុង​មាន​ការ​ខ្វះខាត​ថវិកា​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ក្រីក្រ។

 

លោក​ឯម យុទ្ធូ ដែល​ជា​ប្រធាន​ទំនាក់ទំនង​ក្រុមហ៊ុន​ទូរសព្ទ​ធំ​លំដាប់​លេខ ៣ ពិភពលោក​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ជំនួញ គោលដៅ​គឺ​ការ​ស្វែង​រក​ប្រាក់​ចំណេញ​ប៉ុន្តែ​ក៏​មិន​អាច​មើល​រំលង​​ការ​រួម​ចំណែក​ជួយ​ដល់​សង្គម។

 

លោក​ថា កន្លង​ទៅ​ក្រុមហ៊ុន​ Huawei បាន​ផ្តល់​ថវិកា​និង​សម្ភារៈ សម្រាប់​បណ្ដុះបណ្ដាល​ការ​អប់រំ​របស់​កុមារ​ក្រីក្រ​នៅ​តាម​ទី​ជនបទ និង​ការ​ជួយ​គាំទ្រ​គម្រោង​កម្មវិធី​សប្បុរសធម៌​ជាច្រើន​ទៀត។

 

លោក​បន្ត​ថា ជា​លើក​ដំបូង​ដែល​ក្រុមហ៊ុន​ Huawei បាន​ចូលរួម​គាំទ្រ​កម្មវិធី​សប្បុរសធម៌​សម្រាប់​ការ​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុង​បង្ហើយ​ហៅ​ពី​សប្បុរសជន​នានា​សម្រាប់​ការ​ជួយ​ឧបត្ថម្ភ​សម្រាប់​ការ​បន្ត​ជួយ​សង្គ្រោះ​កុមារ​ក្រីក្រ​កម្ពុជា ដែល​ត្រូវការ​ការ​ព្យាបាល​ជា​រៀងរាល់​ថ្ងៃ។

 

លោក​វេជ្ជបណ្ឌិត Beat Richner ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ធ្លាប់​បាន​ធ្វើការ​អំពាវនាវ​ដល់​បណ្ដា​ក្រុមហ៊ុន​និង​សប្បុរសជន​នានា ជាពិសេស​ក្រុមហ៊ុន​លក់​រថយន្ត​ធំៗ​​មាន​ដូចជា BMW, Land Rover, Roll-Royce, Porsche,​ Audi ចូលរួម​បរិច្ចាគ​ថវិកា​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មាន​កំពុង​ខ្វះខាត​ថវិកា​ដើម្បី​មាន​លទ្ធភាព​​បន្ត​ដំណើរ​បេសកកម្ម​​ព្យាបាល​ជំងឺ​ដល់​​កុមារ​​កម្ពុជា​រាប់​ពាន់​នាក់​ ដែល​ត្រូវការ​ការ​សង្គ្រោះ​បន្ទាន់​ជា​រៀងរាល់​ថ្ងៃ។

 

កាល​ពី​ចុង​សប្ដាហ៍​នេះ មាន​ការ​ប្រគំតន្ត្រី​សុបិន​នៃ​ក្តី​ស្រលាញ់​ដើម្បី​ស្វែង​រក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ កម្មវិធី​ប្រគំតន្រ្តី​នេះ​មាន​ការ​ចូលរួម​សំដែង​ដោយ​តារា​ចម្រៀង​ក្នុង​ស្រុក និង​តារា​ចម្រៀង​មក​ពី​ប្រទេស​កូរ៉េ ដែល​ថវិកា​ពី​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​នឹង​យក​ទៅ​ផ្តល់​មន្ទីរពេទ្យ​គន្ធបុប្ភា៕

 

ចុច​អាន៖ P9 និង P9 Plus គ្រោង​លក់​ឲ្យ​បាន ១ ០០០ គ្រឿង​ក្នុង​មួយ​ខែ ​ឆ្នាំ ​២០១៦

 

អត្ថបទ៖ ប៊ុណ្ណារ៉ា​