នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ម្នាក់​រង​របួសធ្ងន់​ខណៈ​ល្បាត​ក្នុង​មូលដ្ឋាន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ម្នាក់​បាន​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ខណៈ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​កំពុង​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ចំពាក់​កណ្តាល​ពេញទំហឹង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​រួម​នឹង​នារី​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AJ-4564 ចេញ​ក្លិប​ប្ល៊ូ​ឡាញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លួ​វ លេខ​២៧១ ពី​ត្បូង​ទៅ​ជើង បញ្ច្រាសទិស​ដៅ​ចរាចរណ៍ លុះ​មក​ដល់​ចំណុច​កើត​បាន​ឆ្លងកាត់​ទទឹង​ផ្លូវ​លក្ខណៈ​បញ្ឆិត​ចំណិត​ត្រសក់ ខណៈ​ពេល​ឆ្លង​ដល់​ពាក់កណ្ដាល ក៏​ស្រាប់តែ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ល្បាត​ក្នុង​មូលដ្ឋាន ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ចាប់​ហ្រាំ​ង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​ពេញទំហឹង​បណ្ដាល​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ដួល​រលាត់​ដៃជើង​ស្រាល​ទាំង​៣​នាក់ ។ ដោយឡែក​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​រង​របួស​បែកក្បាល​ធ្ងន់ ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី ។

ក្រោយ​ពេល​កើតហេតុ តំណាង​ភាគី​ទាំង​២​បាន​ចរចា​គ្នា ដោយ​ខាង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ទាមទារ​សំណង​ចំនួន​២០០​ដុល្លារ តែ​ខាង​ម៉ូតូ​ឌ្រី​ម ដែល​ជិះ​គ្នា​បី​នាក់​សុំ​សង​សំណង​១០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ៕