ហេតុ​អ្វី​ត្រូវ​បញ្ចប់​ការ​រៀបចំ​ពិធី​តាម​ដងផ្លូវ?

វា​ចម្លែក​សម្រាប់​បរទេស​ ដែល​មក​ទស្សនកិច្ច​កម្ពុជា នៅ​ពេល​ដែល​ពួក​គេ​ឃើញ​មានការ​រៀបចំ​ពិធី​មង្គលការ​ ឬ​ក៏​ពិធីបុណ្យ​ផ្សេង​ៗ​នៅ​លើ​ផ្លូវ​ទីក្រុង​ភ្នំពេញ​ ។

តើ​កម្ពុជា​គួរតែ​បន្ត​ឱ្យ​មានការ​រៀបចំ​ពិធី​តាម​ដងផ្លូវ ​ហើយ​ពេល​ខ្លះ​ឈាន​ដល់​ការ​បិទផ្លូវ​ទៀត ​ឬ​យ៉ាងណា?

មុន​ឆ្លើយ​​សំណួរ​​នេះ គេ​ត្រូវ​ពិនិត្យ​មូលហេតុ​មួយ​ចំនួន​នៃ​ការ​រៀបចំ​ពិធី​នៅ​តាម​ដងផ្លូវ​នេះ ​។ វា​បាន​ក្លាយជា​ទម្លាប់​ដោយសារ​កម្ពុជា​ឆ្លងកាត់​ភាព​ក្រីក្រ​ ហើយ​នៅ​មានការ​ខ្វះខាត​ដោយ​មិន​មាន​សេវាកម្ម​នៃ​ការ​រៀបចំ​ពិធី​នៅ​កន្លែង​សមរម្យ​ឡើយ​កាលពី​អតីតកាល​។ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​ទសវត្ស​៨០​ និង​៩០ ពិធី​ស្ទើរ​ទាំងអស់​ ត្រូវ​បាន​គេ​រៀបចំ​តាម​ដងផ្លូវ​ ។

ដូច្នេះ វា​ក៏​បាន​ក្លាយជា​ទម្លាប់​សម្រាប់​មនុស្ស​ជា​ច្រើន ​ដែល​ចង់​រៀបចំ​ពិធី​នៅ​តាម​ផ្ទះ​របស់​ខ្លួន ​ដោយសារ​ភាព​ងាយស្រួល​ផង​ និង​ដោយសារ​ការ​ចំណាយ​តិច​ផង​ ។ បច្ចុបន្ន​ មានការ​ថយ​ចុះ​ខ្លះ​ ចំពោះ​ការ​រៀបចំ​ពិធី​តាម​ដងផ្លូវ​នេះ​ និង​ពេល​ខ្លះ​បិទផ្លូវ​ ក៏​មាន​។ ដូច​ជា​ពិធី​មង្គលការ​ បច្ចុប្បន្ន​បាន​រៀបចំ​នៅ​តាម​ហាង​ធំ​ៗ​ សម្រាប់​ការ​ទទួលភ្ញៀវ​ពេល​ល្ងាច​។

ប៉ុន្តែ​ការ​រៀបចំ​ពិធី​នៅ​តាម​ដងផ្លូវ​រហូត​ដល់​ឈាន​ដល់​ការ​បិទផ្លូវ​ផ្តល់​ផល​អាក្រក់​ជា​ច្រើន​ ។ ទី​មួយ ​គឺ​វា​នាំ​អោយ​មានការ​កកស្ទះ​ចរា​ចរណ៍​។ ការ​កកស្ទះ​ចរាចរណ៍​ និង​​រឹ​ងតែ​ត​ធ្ងន់ធ្ងរ​ទៀត នៅ​ពេល​មាន​ពិធី​ខ្លះ​មានការ​បិទផ្លូវ​ ។ ទី​ពីរ​វា​អាច​នាំ​ឱ្យ​​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ ដោយសារ​តែ​រោងការ​ ឬ​រោង​បុណ្យ​នៅ​កណ្តាលផ្លូវ​បែប​នេះ​ ។ ទី​បី អាហារ​ដែល​ទទួលភ្ញៀវ​ក៏​ងាយ​នឹង​ធ្វើឱ្យ​មាន​មេរោគ ​ព្រមទាំង​ធុ​ល្លី​ហុយ​ចូល​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ភ្ញៀវ ​។ ទី​បួន​នោះ វា​ពិតជា​មិនល្អ​ សម្រាប់​សម្រស់​ទីក្រុង​ឡើយ នៅ​ពេល​ដែល​មាន​រោង​ពិធី​ផ្សេង​ៗ ​ត្រូវ​បាន​សង់​លើ​ផ្លូវ​ហើយ​មានការ​ចត​រថយន្ត​រញ៉េរញ៉ៃ​តាម​ដងផ្លូវ​ដើម្បី​ចូលរួម​ពិធី​ទាំង​នោះ​។

ដូច្នេះ ​វា​ប្រហែលជា​ដល់​ពេល​ដែល​ប្រជាជន ​និង​អាជ្ញាធរ​រៀបចំ​ឱ្យ​​មាន​កន្លែង​រៀបចំ​ពិធី​​ឱ្យ​​បាន​សមរម្យ​ ដើម្បី​ចៀសវាង​ការ​រៀបចំ​ពិធី​ផ្សេង​ៗ​នៅ​លើ​ផ្លូវ​ និង​មានការ​បិទផ្លូវ​ ៕