ភរិយា​​លោក​​បណ្ឌិត ​កែម ឡី ​ចុះ​សួរសុខទុក្ខ​ពលរដ្ឋ​​រង​គ្រោះ​​រឿង​​ដី​ធ្លី​

រាជធានី​ភ្នំពេញ ៖ ​កាលពី​វេលា​ម៉ោង០៤រសៀល​​ថ្ងៃ​ទី​០៨ ​សីហា ​​២០១៦ ​​ប្រពន្ធ​​​របស់​សព​​លោក​​បណ្ឌិត ​កែម ឡី រួម​​ជាមួយ​កូនៗ​ទាំង​​៤​នាក់ បាន​​អញ្ជើញ​​ចុះ​មក​​សួរសុខទុក្ខ​បងប្អូន​​ប្រជាពលរដ្ឋ​ មក​ពី​ខេត្តកោះកុង​​ជាង​​៥០​នាក់ ​ដែល​រង​គ្រោះ​ក្នុង​រឿង​រំលោភ​ដីធ្លី ហើយ​​បច្ចុប្បន្ន​ កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរ​ង្ស៊ី ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ការ​​មក​​សាកសួរ​សុខទុក្ខ​ហើយ​​​នោះ លោកស្រី​​​ ក៏​បាន​ឧបត្ថម្ភ​ជា​ថវិកា​​ផ្ទាល់ខ្លួន​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ​ផង​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ ដោយ​លោកស្រីផ្តល់​ជូន​ដោយ​​មិន​បើកចំហរ ។ សូ​ម្បី​តែ​មន្ត្រី​មូលដ្ឋាន​ ដែល​ចុះ​ទៅ​ដល់ទី​នោះ ក៏​ពុំ​អាច​ដឹង​បាន​ដែរ ខណៈ​អ្នក​ទទួល​ប្រាក់​ពុំ​បាន​ឆ្លើយ ប្រាប់ ។

បន្ទាប់​ពី​សាកសួរ​សុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា​ មិន​លើស​ពី​១​​ម៉ោង​ហើយ​​នោះ លោកស្រី​រួម​ទាំង​កូន​ៗ ក៏​បាន​ឡើង​ជិះ​រថយន្ត​ចាកចេញ​ទៅ​វិញ​បាត់​ភ្លាម​ៗ​ ។