«ជប៉ុន​បាត់កង់» ចេញ​ទៅវៀត​ណាម​​ហើយ​

រាជធានី​ភ្នំពេញ ៖ «​លា​ហើយ​កម្ពុជា ខ្ញុំ​បាន​សាង​អនុស្សាវរីយ៍​យ៉ាងច្រើន​នៅ​លើ​ទឹកដី​របស់​អ្នក ខ្ញុំ​នឹង​ចង​ចាំ​នូវ​អំពើ​ល្អ​របស់​អ្នកជា​រៀង​រហូត​» ។ នេះ​ជា​ឃ្លា​ចុង​ក្រោយ ដែល​លោក​Shun Yanagisawa បុរស​ជនជាតិ​ជប៉ុន​ដែល​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​រឿងរ៉ាវ «​ជប៉ុន​បាត់​កង់​» ហើយ​រក​ឃើញ​វិញ​នោះ បាន​និយាយ​ជាមួយ​លោក សៅ សា​ម៉​ន សហការី «​កោះសន្តិភាព​» នៅ​ពេល​លោក​ចាក​ចេញពី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​៨ សីហា ម្សិលមិញ​នេះ ។

តាម​គម្រោង លោក​Shun​នឹង​បន្ដដំណើរ​ដោយ​កង់​សម្លាញ់​របស់​លោក​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម​តាម​ផ្លូវជាតិ​លេខ​១ ដោយ​គ្រោង​នឹង​ស្នាក់​នៅ​លើ​ទឹកដី​ខេត្តស្វាយរៀង​មួយ​យប់ ដើម្បី​ជិះ​កង់​មើល​ទេសភាព និង​ស្វែង​យល់​ពី​ការ​រស់នៅ​របស់​ប្រជាជន​ខ្មែរ​នៅ​ទីនោះ លុះ​ថ្ងៃ​ទី​៩ សីហា ទើប​ឆ្លង​ព្រំដែន​ឆ្ពោះទៅ​ក្រុង​ហូ​ជី​មិ​ញ​តែ​ម្ដង ។

គ្រប់​គ្នា​ពិតជា​នៅ​ចង​ចាំ​បាន​បន្ទាប់​ពី​សារព័ត៌មាន «​កោះសន្ដិភាព​» បាន​ចុះ​ផ្សាយ​ពី​ដំណើររឿង​បាត់​កង់​របស់​លោក ហើយ​ត្រូវ​បាន​បណ្ដាញ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បាន​ចែករំលែក​ដំណឹង​នេះ​ត​ៗ​គ្នា ភ្ជាប់​ដោយ​រូបភាព​កង់​ដែល​បាត់ ហើយ​ទីបំផុត​មិន​ដល់​១​ស​ប្ដា​ហ៍ ក៏​បាន​រក​ឃើញ​និង​ប្រគល់​ជូន​គាត់​វិញ ។

ការ​រក​ឃើញ​កង់​របស់​លោក​Shun ពិតជា​មិន​អាច​កាត់​ផ្ដាច់​បាន​ទេ បន្ទាប់​ពី​គ្រប់​គ្នា​ចង់​លើក​ស្ទួយ​មុខមាត់​ប្រទេស​ជាតិ​មិន​ឱ្យ​អាប់ឱន​ចំពោះ​មតិ​អន្តរជាតិ ដោយសារ​ថា កង់​របស់​គាត់​ប្រហែល​មិន​ខ្វះ​ប្រាក់​ទិញ​នៅ​កម្ពុជា​ទេ តែ​កង់​ដែល​បាត់​វា​នាំ​គាត់​ឆ្លងកាត់​ប្រទេស​ជា​ច្រើន ស្រាប់តែ​មក​បាត់​នៅ​ភ្នំពេញ​។ ចាប់ពី​ពេល​នោះ​មក ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​បាន​ស្គាល់​លោក​ច្បាស់ ហើយ​ថែម​ទាំង​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដែង​ការ​គួរសម​ទៀត​ផង ។

ន្ទឹម​នឹង​នោះ​ទៀត​សោត កាលពី​ថ្ងៃ​ទី​៧ សីហា កន្លង​មក លោក និង​ក្រុម​មិត្ត​អ្នក​ជិះ​កង់​របស់​កម្ពុជា រួម​ទាំង​សមាជិក​ក្រុម​ផ្សេង​ទៀត សរុប​ប្រមាណ​ជា​៣០​នាក់ បាន​ជួបជុំ​គ្នា​នៅ​វិមាន​ឯករាជ្យ ដើម្បី​ជិះ​កង់​លេង​កម្សាន្ដ​ដោយ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​តំបន់​អរិយ​ក្សត្រ រមណីយដ្ឋាន​កោះ​ស្នេហ៍ និង​ចុង​កោះ​ផង​ដែរ ដែល​សកម្មភាព​នេះ​ហើយ បាន​ធ្វើ​ឱ្យ​បង្កប់​នូវ​ស្នាម​អនុស្សាវរីយ៍​ដ៏​រីករាយ ធ្វើ​ឱ្យ​លោក​Shun ចង​ចាំ​ប្រទេស​កម្ពុជា​ជា​រៀង​រហូត និង​ជា​សារ​សម្រាប់​បរទេស​ទូទៅ​អាច​វាយតម្លៃ​ច្បាស់​ពី​ទឹកចិត្ត​ខ្មែរ​ស្រឡាញ់​ស្មោះស្ម័គ្រ​ប្រកបដោយ​សាមគ្គីភាព និង​សន្តិភាព ។

ការ​ធ្វើ​ដំណើរ​ផ្សងព្រេង​ម្នាក់ឯង​ដ៏​វែង​ឆ្ងាយ​បែប​នេះ ពិតជា​មាន​មនុស្ស​តិច​ណាស់​ដែល​អាច​ធ្វើ​បាន តើ​ពេល​ណា ខែ​ណា ទើប​លោក​សម្រេច​ក្ដី​សុបិន​មួយ​នេះ ។ ពលរដ្ឋ​កម្ពុជា មាន​តែ​ជូនពរ​លោក​សម្រេច​តាម​បំណងប្រាថ្នា និង​ធ្វើ​ដំណើរ​ទៅ​ប្រកប​តែ​សេចក្ដីសុខ និង​មាន​សុវត្ថិភាព​តាម​ផ្លូវ​ជា​រៀង​រហូត ។ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ក្រុង​បា​វិត​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​វៀតណាម លោក​Shun និង​ឆ្លងកាត់​ទន្លេ​ង​មេគង្គ​ក្រោម​ដែល​នៅ​ទីនោះ​កាលពី​១០០​ឆ្នាំ​មុន មាន​តែ​ការ​ឆ្លង​តាម​ទូក កាណូត និង​សាឡា​ង​ប៉ុណ្ណោះ តែ​ពេល​នេះ គឺ​ត្រូវ​ឆ្លងកាត់​ស្ពាន​ត្សឹ​សា​បា​ដែល​ខ្មែរ​ហៅ​ថា ស្ពាន​អ្នក​លឿង ។ ស្ពាន​នេះ ជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន គឺជា​ស្ពាន​ធំ និង​វែង​ជាងគេ​នៅ​កម្ពុជា ។

គួរ​រំលឹក​ថា លោក​Shun Yanagisawa អាយុ​៣៤​ឆ្នាំ ជា​អ្នក​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ​មនុស្ស សត្វ​ដែល​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ ។ លោក​រស់នៅ​ខេត្ត​Gunma ភាគ​ខាងលិច​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។ លោក​បាន​ជិះ​កង់​ចាក​ចេញពី​ស្រុក​កំណើត​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ឆ្លងកាត់​កោះ​តៃវ៉ាន់​, ហ្វ៊ី​លី​ពី​ន​, សិង្ហ​បុរី​, ម៉ា​ឡេ​ស៊ី​, ថៃ និង​កម្ពុជា ហើយ​បន្ដ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ។
ចៃដន្យ​អាក្រក់ នៅ​យប់​ថ្ងៃ​ទី​១៨ ឈាន​ចូល​ថ្ងៃ​ទី​១៩ កក្កដា កង់​របស់​លោក​ត្រូវ​ចោរលួច​បាត់ គ្រា​ដែល​លោក​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ស្ថិត​នៅ​ក្រោយ​ព្រះ​បរមរាជវាំង ។

លោក​បាន​ព្យាយាម​ដើរ​រក​អស់ចិត្ត និង​អស់​សង្ឃឹមថានឹង​រក​ឃើញ​វិញ តែ​ទីបំផុត​បាន​មក​ដល់​ការិយាល័យ «​កោះសន្ដិភាព​» រៀបរាប់​ពី​ដំណើររឿង​នេះ ។ ក្រោយ​ពី​សារព័ត៌មាន​កោះសន្ដិភាព​បាន​ចុះ​ផ្សាយ ក៏​មាន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នានា បាន​ចែក រំលែក​ដំណឹង​នេះ ទើប​ឈាន​ដល់​រក​ឃើញ និង​ប្រគល់​ជូន​លោក​វិញ​ប្រកបដោយ​មោទនភាព​ជាតិខ្មែរ ៕