ម៉រដំរីជនជាតិព្នងម្នាក់ស្លាប់​ ខណៈជិះម៉ូតូបុកក្របី រហូតដល់ងាប់

មណ្ឌលគិរី​ ៖ មិនគួរឲ្យជឿសោះគ្រាន់តែមួយពព្រិចភ្នែក បុរសជាម៉រដំរីជនជាតិព្នងម្នាក់ បានស្លាប់​ ឯក្របីមួយក្បាល ក៏ងាប់ដែរ នៅនិងកន្លែង​ ខណៈដែលបុរសម្នាក់នេះ ជិះម៉ូតូមិនប្រុងប្រយ័ត្នទៅបុក។​ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨ និង១០នាទី យប់ ថ្ងៃទី០៧ ខែសីហានេះ នៅលើដងផ្លូវជាតិ លេខ៧៦A ចម្ងាយប្រមាណជា ១០ម៉ែត្រ មុខសាលាសង្កាត់រមនា ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បើតាមអ្នកដែលបានឃើញហេតុការនេះបានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូ ចេញពីក្នុងទីរួមខេត្ត តាមដងផ្លូវជាតិលេខ៧៦A សំដៅទៅផ្ទះរបស់ខ្លួន ស្រាប់មកដល់ក្បែរផ្ទះ ក៏ជួបហេតុការណ៍ ដ៏អាក្រក់នេះតែម្តង។​ អ្នកភូមិដែលបានឃើញហេតុការណ៍នេះ ឲ្យដឹងថា មុនពេលកើតហេតុ បុរសជាម៉ដំរី បានមកផឹកស៊ីនៅទីរួមខេត្ត ហូបចុករួចក៏បុរសខាងលើ បានធ្វើដំណើរមកផ្ទះវិញ ពេលមកជិតដល់ផ្ទះ ក៏អ្នកភូមិបានលឺសំលេងបុកគ្នា លាន់ស្នូរខ្លាំងដូចរន្ទះ ពេលនោះផ្អើលអ្នកភូមិចេញនាំគ្នា ចោមរោមមើលហេតុការណ៍នោះ ឃើញមនុស្សបានស្លាប់ និងក្របីឈ្មោលមួយក្បាល ក៏បានងាប់នៅនិងកន្លែង។

លោក​ ពេជ្រ​ សុធារី​ នាយប៉ុស្តិ៍នគរបាល សង្កាត់រមនា បានអោយដឹងថា ជនរងគ្រោះ(សព) មានឈ្មោះ​ ចិន​ ហាប់​ ភេទប្រុស អាយុ២៣ឆ្នាំ​ ជាជនជាតិព្នង មានទីលំនៅ ក្នុងភូមិ​កើតហេតុខាងលើ មានមុខរបរ ជាអ្នកដឹកជញ្ជូនភ្ញៀវទេសចរណ៍​ តាមរយៈសត្វដំរី​ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានគ្រួសារសព យកទៅធ្វើបុណ្យ តាមប្រពៃណី ។

ដោយឡែកបើតាមប្រភពពីអ្នកភូមិនៅទីនោះឲ្យដឹងថា ក្របីងាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនោះ គឺម្ចាស់ក្របីធ្វើការប្រគល់ក្របី ឲ្យគ្រួសារសព សម្រាប់ចាត់ចែងបុណ្យសព រីឯសំណងប៉ះប៉ូវគ្នា ទៅតាមផ្លូវច្បាប់ចរាចរណ៍ រវាងក្រុមគ្រួសារខាងម្ចាស់ក្របី ដែលងាប់ និងគ្រួសារខាងសព នៅពុំទាន់មានប្រភពណាមួយ បានទំលាយថា តើត្រូវដោះស្រាយគ្នាយ៉ាងណា នោះឡើយ ព្រោះគ្រួសារទាំងសងខាង កំពុងមានទុក្ខដូចគ្នា៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ដែលក្មេងស្រីខ្ចីល្ហក់ម្នាក់ ទើបតែមានអាយុ ៧ឆ្នាំ ទទួលរងគ្រោះស្លាប់បាត់បង់ជីវិត សោយសារតែសត្វដំរីមួយក្បាល ចោលថ្មមួយដុំធំ មកចំពីក្រោយក្បាលរបស់នាង ខណៈពេលក្មេងស្រីនោះកំពុងថតរូបជាមួយឪពុកក្បែររបង​ ដែលជាជំរករបស់សត្វដំរីក្នុងសួនសត្វ។  

ហេតុការណ៍នេះកើតឡើងនៅក្នុងសួនសត្វទីក្រុង Rabat ប្រទេសម៉ារ៉ុក (Morocco)។ យោងតាមប្រភពបានបញ្ជាក់ឲ្យដឹងថា ក្មេងស្រីម្នាក់ ដែលបានបាត់បង់ជីវិត នាងកំពុងតែថតរូបជួបជុំគ្រួសារនៅក្បែររបងដាក់សត្វដំរី ស្របពេលនោះ ឪពុករបស់នាងបានលើកនាងមកអង្គុយលើស្មា បន្ទាប់មកដំរីមួយក្បាល បានលើកយកដុំថ្មដោយប្រើសប្រមោយរបស់វា រួចក៏ចោលមកចំពីក្រោយក្បាល ធ្វើឲ្យនាងធ្លាក់មកលើដី សន្លប់បាត់ស្មារតីភ្លាមៗតែម្តង។

នៅក្នុងវីដេអូឃ្លីប ដែលអ្នកដំណើរនៅក្បែរនោះថតបាន បង្ហាញថាក្មេងស្រីរងគ្រោះអាយុទើបតែ ៧ឆ្នាំនោះ កំពុងដេកសន្លប់ ដែលក្បាលប្រឡាក់ទៅដោយឈាម។ ក្រោយកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែជាអកុសល ដោយសារតែរបួសធ្ងន់ធ្ងរពេក ធ្វើឲ្យនាងស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

អ្នកនាំពាក្យរបស់សួនសត្វកើតហេតុ បានចេញមុខបកស្រាយ និងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពផងដែរ ប៉ុន្តែបានបដិសេធមិនទទួលខុសត្រូវ ចំពោះហេតុការណ៍ដែលបានកើតឡើងនោះទេ ដោយលើកហេតុផលថា ពួកគេបានចូលទៅឈរចំកន្លែងទីតាំងដែលគ្មានអ្វីការពារ។ អ្នកនាំពាក្យនៅសួនសត្វនោះ បានបញ្ជាក់បន្ថែមទៀតថា ហេតុការណ៍បែបនេះកម្រនឹងកើតឡើងណាស់ ហើយមិនអាចស្មានដឹងទុកមុនបានទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម៉រដំរីជនជាតិព្នងម្នាក់ស្លាប់​ ខណៈជិះម៉ូតូបុកក្របី រហូតដល់ងាប់