ឡៅ ស៊ីណាត គ្រោងវិលទៅកាន់ទីលានហ្វឹកហាត់ ក្រោយដកដែកចេញពីស្មងជើង

អស់រយៈពេលជាង៧ខែមកហើយ ដែលអ្នកប្រដាល់ជើងខ្លាំងយូរឆ្នាំ ឡៅ ស៊ីណាត បានសម្រាកព្យាបាលរបួសបាក់ស្មងជើងនៅផ្ទះ ប៉ុន្តែបងប្រុសបង្កើតរបស់ ឡៅ ចិន្ទ្រា និង ឡៅ ចិត្រ្តា រូបនេះបានប្រាប់ថា រូបគេនឹងវិលទៅកាន់ទីលានហ្វឹកហាត់វិញ នៅពេលឆាប់ៗនេះ ដើម្បីពង្រឹងសមត្ថភាពឡើងវិញ ត្រៀមធ្វើជាគ្រូបង្វឹកវិញម្តង។

lovsinath

ឡៅ ស៊ីណាត បាននិយាយថា៖«នៅពេលនេះខ្ញុំមិនទាន់អាចទៅទីលានហ្វឹកហាត់បាននោះទេ ព្រោះជើងរបស់ខ្ញុំ នៅមិនទាន់ដកដែកចេញនៅឡើយទេ ហើយនៅពេលដកដែករួចហើយ ខ្ញុំព្យាបាលឲ្យសះវិញទៀត ហេតុនេះវាត្រូវការពេលច្រើនខែទៀត ទម្រាំអាចចេញទៅហាត់វិញបាន»។

នៅពេលសួរបញ្ជាក់ជាថ្មីថា តើនឹងនៅបន្តឡើងប្រកួត នៅលើសង្វៀនឬយ៉ាងណានោះ? ឡៅ ស៊ីណាត បានបញ្ជាក់ថា៖«ប្រហែលជាឈប់ហើយបង! ព្រោះខ្ញុំក៏មានវ័យចាស់ហើយដែរ(៣២ឆ្នាំ) ហេតុនេះបើឡើងប្រកួតទៀតនាំតែក្មេងៗធ្វើបាបទេ ដោយសារយើងអាចចាញ់កម្លាំងគេ។ ប៉ុន្តែខ្ញុំនឹងវិលទៅហាត់វិញ ដើម្បីរៀនសូត្របន្ថែម ធ្វើជាគ្រូបង្វឹកមួយរូបទៅថ្ងៃអនាគត ហើយក៏អាចធ្វើអាជ្ញាកណ្តាលចៅក្រមផងដែរ»។

lovsinath2

គួរបញ្ជាក់ថា ឡៅ ស៊ីណាត ត្រូវបានកីឡាករថៃទាត់ឲ្យបាក់ស្មងជើងខាងឆ្វេង នៅលើសង្វៀនបាយ័ន កាលពីដើមខែមករា ឆ្នាំ២០១៦។ ស៊ីណាត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ភ្លាមៗ និងត្រូវបានវះកាត់ដាក់ដែកអមស្មងជើងដែលបានបាក់ ហើយគ្រូពេទ្យបានប្រាប់ថា ដែកដែលបានដាក់អមនោះ លុះត្រាតែគ្រប់១ឆ្នាំ ទើបអាចវះយកចេញវិញបាន ហេតុនេះបើគិតមកដល់ពេលនេះគឺទើបតែបានប្រហែល៧ខែទេ៕

The post ឡៅ ស៊ីណាត គ្រោងវិលទៅកាន់ទីលានហ្វឹកហាត់ ក្រោយដកដែកចេញពីស្មងជើង appeared first on CamboSport.