West Ham ចុះហត្ថលេខាជាមួយ Ayew ពី Swansea ក្នុងតម្លៃខ្លួន២០,៥លានផោន

ក្លិប West Ham United បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Andre Ayew ពីក្លិប Swansea City ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបក្នុងទឹកប្រាក់២០,៥លានផោន (ស្មើនឹង២៦,៧លានដុល្លារអាមេរិក)។ ខ្សែប្រយុទ្ធអន្តរជាតិហ្គាណារូបនេះ បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Premier League បាន១២គ្រាប់សម្រាប់ក្រុម Swansea កាលពីរដូវកាលមុន ក្រោយពីបានចូលរួមជាមួយនឹងក្លិបនេះកាលពីខែមិថុនា ឆ្នាំ២០១៥។

Ayew

លោក David Gold សហប្រធានរបស់ក្លិប West Ham បានប្រកាសពីការផ្ទេរនេះនៅលើបណ្តាញសង្គម Twitter តាមរយៈការសរសេរថា៖ «Andre Morgan Ayew ដែលត្រូវបានគេហៅថា Dede Ayew គឺជាខ្សែប្រយុទ្ធអន្តរជាតិហ្គាណាម្នាក់ និងចូលរួមជាមួយនឹងក្លិប West Ham ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ»។ Ayew បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិប West Ham ថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ និងរីករាយក្នុងការស្ថិតក្នុងក្លិបដ៏ពិសេសមួយ។

ខ្ញុំពិតជារីករាយក្នុងការលេងសម្រាប់អ្នកគាំទ្រទាំងអស់ ហើយខ្ញុំសង្ឃឹមថា នឹងធ្វើឲ្យគ្រប់គ្នាសប្បាយចិត្តនៅទីនេះ»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ក្លិបនេះមានមហិច្ឆតាជាច្រើន និងមានអ្នកចាត់ការទូទៅដ៏អស្ចារ្យម្នាក់។ ពួកគេចង់ក្លាយជាក្លិបមួយកាន់តែធំជារៀងរាល់ឆ្នាំ ហើយជាមួយនឹងការមានកីឡដ្ឋានថ្មី និងទីលានហ្វឹកហាត់ថ្មី អ្នកអាចមានអារម្មណ៍ថា ពួកគេកំពុងតែរំកិលខ្លួនទៅកាន់កម្រិតមួយផ្សេងទៀត ហើយខ្ញុំចង់ក្លាយជាសមាជិកម្នាក់នៃគម្រោងនេះ»៕

ប្រភពព័ត៌មាន៖ The Guardian

The post West Ham ចុះហត្ថលេខាជាមួយ Ayew ពី Swansea ក្នុងតម្លៃខ្លួន២០,៥លានផោន appeared first on CamboSport.