ពូ សុវិច្ចា របស់កម្ពុជា នឹងត្រូវចាប់ផ្តើមយុទ្ធនាការអូឡាំពិក រាត្រីនេះ

កីឡាករហែលទឹកដើមកំណើតអាមេរិករបស់កម្ពុជា ពូសុវិច្ចា នឹងត្រូវធ្វើការប្រកួតក្នុងយុទ្ធនាការអូឡាំពិកក្នុងទីក្រុង Rio នៅថ្ងៃនេះ ចាប់ពីម៉ោង១រសៀល (ត្រូវនឹងម៉ោង១១យប់នៅកម្ពុជា) តទៅ ក្នុងវិញ្ញាសាហែលទឹកសេរីចម្ងាយ១០០ម៉ែត្រ នៅកីឡដ្ឋាន Olympic Aquatics។

Neko-and-Sovijja-(left)

លោកហែម គីរី ដែលជាគ្រូបង្វឹក និងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានបញ្ជាក់ថា សុវិច្ចា នឹងត្រូវប្រកួតក្នុងវគ្គជម្រុះជុំទីមួយ ដោយគ្មានបញ្ហាអ្វីឡើយ និងកំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់គេ។ លោកគីរី ដែលកំពុងតែស្នាក់នៅភូមិអូឡាំពិក ក្នុងទីក្រុង Rio ជាមួយនឹងអត្តពលិកកម្ពុជា ដែរនោះ បានប្រាប់ថា៖ «ខ្ញុំរំពឹងទុកថា ពូ សុវិច្ចា នឹងធ្វើបានល្អ ព្រោះយើងមិនមានបញ្ហាលើការហូបចុក និងស្នាក់នៅឡើយ ព្រោះការស្នាក់នៅដ៏យូរក្នុងប្រទេសប្រេស៊ីល ធ្វើឲ្យយើងស៊ាំនឹងបរិស្ថាន និងអាកាសធាតុនៅទីនេះ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ជារំពឹងទុក សុវិច្ចា គួរតែអាចបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់គេ ពិសេសធ្វើឲ្យបានល្អប្រសើរជាងលទ្ធផលកាលពីនៅប្រទេសសិង្ហបុរី»។ ពូ សុវិច្ចា បានប្រើប្រាស់ថិរវេលាចំនួន៥៣វិនាទី ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសសិង្ហបុរី កាលពីឆ្នាំមុន៕

The post ពូ សុវិច្ចា របស់កម្ពុជា នឹងត្រូវចាប់ផ្តើមយុទ្ធនាការអូឡាំពិក រាត្រីនេះ appeared first on CamboSport.