អ្នកស្រី​ឌី សា​វ៉េ​ត សម្តែង​ជា​យាយ​ស្ទាវ​ក្នុង​ភាពយន្ត​កំប្លែង

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​ឌី សា​វ៉េ​ត កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ចូលរួម​សម្តែង​ជា​តួអង្គ​យាយ​ស្ទាវ​ក្នុង​ភាពយន្ត​ថ្មី ហើយ​រំពឹង​ថា នឹង​ទទួល​បានការ​ចាប់អារម្មណ៍​សា​ជា​ថ្មី​ម្តងទៀត ។

តារា​សម្តែង​ក្មេង​ចាស់ ប្រុស​ស្រី​ល្បីឈ្មោះ​៤​ជំនាន់​នឹង​រួម​គ្នា​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ផលិតកម្ម SKR Entertainment គឺ​រឿង «​យាយ​ស្ទាវ​ចៅ​ស្ទើរ​»​។ ការ​ប្រកាស​វត្តមាន​ចូលរួម​សម្តែង​ក្នុង​រឿង​នោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ស្នាក់​ការ​ផលិតកម្ម​ក្នុង​បុរី​វិមាន​ភ្នំពេញ ក្រោម​វត្តមាន​សិល្បករ សិល្ប​ការិនី​ជា​ច្រើន​នាក់ ។

តារា​សម្តែង​៤​ជំនាន់ ដែល​នឹង​រួម​គ្នា​បង្ហាញ​ទេព​កោសល្យ​ក្នុង​ខ្សែភាពយន្ត​បែប​កំប្លែង​ថ្មី​នោះ​មាន​ដូច​ជា​តារា​សម្តែង​ជើង​ចាស់​អ្នកស្រី​ឌី សា​វ៉េ​ត​, លោក​គង់ សុ​ភី​, អ្នកស្រី​សរ កេសា​រ៉ា តារា​សម្តែង​អំឡុង​ទសវត្សរ៍​ទី​៩០, លោក​ទេព រិ​ន​ដា​រ៉ូ​, កញ្ញា​វីត​វីត​, កញ្ញា​ឌួ​ង ម៉ា​និ​ច និង​លោក​លាង ឧត្តម​ជាដើម ។ ខ្សែភាពយន្ត​នេះ​ដឹកនាំ​សម្តែង​ដោយ​លោក​គង់ សុ​ភី និង​និពន្ធ​ដោយ​លោក​ស្រីុន សុខ​មាន ។

អ្នកស្រី​ឌី សា​វ៉េ​ត និយាយ​ថា «​ពិតជា​ប្លែក​ដែល​បាន​សម្តែង​ជា​តួ​ស្ទាវ ដូច្នេះ​ត្រូវ​រក​នឹក​ចរិត​ក្មេង​ស្ទាវ​មក​ធ្វើ​បែប​ណា​សម្តែង​ទៅ​ឲ្យ​ល្អ​ដែល​យើង​ធ្លាប់តែ​ធ្វើ​ជា​តួអង្គ​បែប​ចាស់ទុំ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​ល្អ ជួយ​ឲ្យ​ផលិតកម្ម​នេះ​លេចធ្លោ​មានការ​ចាប់អារម្មណ៍ ។ យ៉ាងណា​បាន​គេ​ឲ្យ​ដើរតួ​នេះ​ហាក់​ជួយ​ឲ្យ​យើង​ក្មេង​បន្តិច ដើម្បី​បាន​សម្តែង​បែប​ក្រមិចក្រមើម មើលទៅ​ប្លែក​ណាស់ សូម​ទស្សនិកជន​គាំទ្រ​ស្នាដៃ​នេះ​ផង​» ។

អ្នកស្រី​សរ កេសា​រ៉ា តារា​សម្តែង​ជើង​ចាស់ និង​ជា​ចាងហ្វាង​ផលិតកម្ម SKR Entertainment បញ្ជាក់​ថា ការ​សម្រេចចិត្ត​បើក​ផលិតកម្ម​ផលិត​ខ្សែភាពយន្ត ព្រោះតែ​ស្រឡាញ់​ចូល​ចិត្ត និង​ចង់​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​សិល្បៈ​តាម​រយៈ​វិស័យ​ភាពយន្ត ហើយ​កន្លង​មក​អ្នកស្រី​ធ្លាប់​បើក​ដំណើរការ​ផលិតកម្ម​កណ្តឹង​មាស​ភាពយន្ត ។
ការ​វិល​ចូល​ក្នុង​អាជីព​សិល្បៈ​សម្តែង​នេះ​ឡើងវិញ ព្រោះតែ​អ្នកស្រី​កេសា​រ៉ា សង្កេត​ឃើញ​ពី​ការ​រីក​ចម្រើន​ខ្លាំង​ក្នុង​វិស័យ​នេះ​ទាំង​ផ្នែក​តារា​សម្តែង និង​បច្ចេកទេស ។ ចំពោះ​ខ្សែភាពយន្ត​រឿង «​យាយ​ស្ទាវ​ចៅ​ស្ទើរ​»​មាន​ប្រមាណ​ជា​៣០​ភាគ ដែល​នឹង​សម្រិតសម្រាំង​ទាំង​សាច់​រឿង និង​គុណភាព​នៃ​ការ​ផលិត ដោយ​គ្រោង​នឹង​ចំណាយពេល​ផលិត​ប្រមាណ​ពី​២​ទៅ​៤​ខែ ប៉ុន្តែ​ខ្ទង់​ទុន​ចំណាយ​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ ។ ខ្សែភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយនឹង​បន្ត​យក​ទៅ​លក់​សម្រាប់​ជនរួមជាតិ​ខ្មែរ​រស់នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​។ ក្រៅពី​ខ្សែភាពយន្ត​នេះ​អ្នកស្រី​សរ កេសា​រ៉ា​គ្រោង​នឹង​ផលិត​ខ្សែភាពយន្ត​ថ្មី​ប្រមាណ​៥​រឿង​បន្ត​ទៀត ។

កញ្ញា​វីត​វីត និយាយ​ថា កន្លង​មក​នាង​បាន​ផ្អាក​ការ​សម្តែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​មមាញឹក​នឹង​ការងារ​ជា​ពិធី​ការិនី និង​ជា​តារា​បង្ហាញ​ម៉ូ​ដ ប៉ុន្តែ​ដោយ​ការ​ផ្តល់​ឱកាស​ទើប​នាង​ឆ្លៀតពេល​សម្រាប់​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ ។ វីត​វីត​គឺជា​តួអង្គ​សំខាន់​មួយ​ដែល​ជា​ចៅស្រី​របស់​អ្នកស្រី ឌី​សា​វ៉េ​ត និង​ជា​កូន​អ្នកស្រី​សរ កេសា​រ៉ា ។
កញ្ញា​វីត​វីត​រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​នៅ​ពេល​ដែល​ខ្សែភាពយន្ត​រឿង «​យាយ​ស្ទាវ​ចៅ​ស្ទើរ​»​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ។

លោក​ទេព រិ​ន​ដា​រ៉ូ រីករាយ​ក្នុង​ការ​រួម​គ្នា​ជា​ថ្មី​ជាមួយ​តារា​សម្តែង​ជើង​ចាស់ និង​តារា​ជំនាន់​ក្រោយ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន ។ ក្នុង​រឿង «​យាយ​ស្ទាវ​ចៅ​ស្ទើរ​»​មាន​ទស្សនីយភាព​ប្លែក​ភ្នែក​ដែល​មិន​ត្រឹមតែ​តារា​សម្តែង​ក្មេង​ចាស់​ជា​ច្រើន​ជំនាន់​រួម​គ្នា​សម្តែង​ទេ ថែម​ទាំង​ជា​រឿង​កំប្លែង​ប្លែក​ពី​រឿង​ដទៃ ។

លោក​ទេព រិ​ន​ដា​រ៉ូ ជឿជាក់​ថា ខ្សែភាពយន្ត​រឿង «​យាយ​ស្ទាវ​ចៅ​ស្ទើរ​» នឹង​ទទួល​បានការ​គាំទ្រ​ពី​មហាជន​ពេល​ដាក់​បញ្ចាំង ។ 

ក្រៅពី​សិល្បករ​ខ្មែរ​ក៏​មាន​សិល្បករ​បរទេស​ចូលរួម​សម្តែង​ខ្សែភាពយន្ត​រឿង «​យាយ​ស្ទាវ​ចៅ​ស្ទើរ​»​ផង​ដែរ ។ អ្នកស្រី Mariam Arthur បញ្ជាក់​ថា កន្លង​មក​ធ្លាប់​បាន​ប្រឡូក​ជាមួយនឹង​ការងារ​ភាពយន្ត​ដែរ ហើយ​ពេល​នេះ​បាន​ចូលរួម​សម្តែង​ជា​ថ្មី​ជាមួយ​សិល្បករ​ខ្មែរ​ដែល​ពោរពេញ​ដោយ​សមត្ថភាព ភាព​ជឿជាក់ និង​ភាពរួស​រាយ​រាក់ទាក់ ៕