ចម្លាក់​អង្គរ​បើ​មួយ​ឆ្នាំ​មួយ​លាន​ប៉ះ មួយ​រយ​ឆ្នាំ​ក្រោយ​នឹង​លែង​បាន​ប៉ះ

ខេត្តសៀមរាប ៖ «​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ មាន​ភ្ញៀវ​បរទេស និង​ខ្មែរ​ទៅ​ទស្សនា​អង្គរ​ជាង​៤​លាន​នាក់ បើ​ក្នុង​ចំណោម​នោះ​មាន​តែ​មួយ​លាន​នាក់​ប៉ះ​ចម្លាក់​តែ​មួយ​នោះ ប្រហែល​មួយ​រយ ឬ​ពីរ​រយ​ឆ្នាំ​ក្រោយ កូនចៅ​យើង​នឹង​លែង​បាន​ប៉ះ​ឬ​លែង​បានឃើញ​ទៀត​ហើយ ។ នេះ​ជា​ករណី​មួយ​ដែល​យើង​ត្រូវ​តែ​គិតគូរ​អំពី​ការ​ថែរក្សា​អង្គរ​របស់​យើង»។ នេះ​ជាស​ម្តី​ដាស់តឿន​ដែល​លើក​ឡើង​ដោយ​លោកស្រី​អ៊ុំ ម៉ា​រ៉ា​ឌី អនុប្រធាន​ទទួល​បន្ទុក​រួម​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទេសចរណ៍​អង្គរ នៅ​ចំពោះ​មុខ​និស្សិត​ជាង​១០០​នាក់​នៃ​សាកលវិទ្យាល័យ​សៅ​ស៍​អុ​ី​ស​ថ៍​អេ​យ​សៀ (USEA) ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ ។

ក្នុង​បទ​បង្ហាញ​នៃ​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ដល់​និស្សិត តាម​បណ្តា​សាកលវិទ្យាល័យ​នានា​ក្នុង​ខេត្តសៀមរាប លោកស្រី​ម៉ា​រ៉ា​ឌី បាន​គូសបញ្ជាក់​ថា កំណើន​នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អង្គរ មិន​ត្រឹមតែ​ផ្តល់​នូវ​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ក៏​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន​ផង​ដែរ បើ​យើង​គ្រប់គ្រង​មិន​បាន​ល្អ​ទេ​នោះ។ «​ភ្ញៀវ​ទេសចរ​ខ្លះ​គាត់​មក គាត់​មិន​យល់ គាត់​ចង់​ប៉ះ​នេះ​ប៉ះ​នោះ ឡើង​ជាន់​លើ​កន្លែង​ហាមឃាត់​ជាដើម ។ បញ្ហា​វា​អាច​នឹង​ប៉ះពាល់​ដល់​ចម្លាក់ ឬ​ថ្ម​ប្រាសាទ ឬ​ប៉ះពាល់​ដល់​ខ្លួន​គាត់​ផ្ទាល់​ក៏​មាន ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ជួយ​គ្នា មិន​អាច​ពឹង​តែ​ភ្នាក់ងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ម្នាក់ឯង​បាន​ទេ​។ ភ្ញៀវ​ច្រើន យើង​មិន​អាច​ប្រើ​ភ្នាក់ងារ​ម្នាក់​ឲ្យ​តាមដាន​ភ្ញៀវ​ម្នាក់​នោះ​ដែរ ដូច្នេះ​មាន​តែ​យើង​ជា​ខ្មែរ​ទាំងអស់​ហ្នឹងហើយ ដែល​ឃើញ​គេ​ធ្វើ​ខុស ត្រូវ​ជួយ​ប្រាប់​ជួយ​ពន្យល់​ឲ្យ​បាន​ទាន់​ពេល កុំ​ចាំ​បាក់រ​លំហើយ​ទើបបាន​ស្តាយក្រោយ​» ។

លោក​សុខ សង្វារ អគ្គនាយករង និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​អប់រំ​បេតិកភណ្ឌ​តាម​សាលារៀន​បាន​រំឭក​ដាស់តឿន និង​លើកទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការ​ថែរក្សា​បេតិកភណ្ឌ​អង្គរ​ទាំងអស់​គ្នា ។ លោក​សុខ សង្វារ ថ្លែង​ថា «​នៅ​ពេល​ដែល​យើង​ស្រឡាញ់ មាន​ស្មារតី​ចូលរួម យើង​នឹង​ប្រុង​ប្រយ័ត្ន​មិន​ធ្វើអំពើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​រមណីយដ្ឋាន​អង្គរ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​មក​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​វត្ថុ​ដែល​យើង​ស្រឡាញ់ និង​គោរព​ដែរ ។ នេះ​ជា​ស្មារតី​ដែល​ជាតិ​យើង​ត្រូវការ ។ ទន្ទឹម​នឹង​នេះ យុវជន​ក៏​អាច​ចូលរួម​ផ្សព្វផ្សាយ​នូវ​រូបភាព ល្អ​ៗ និយាយ ល្អ​ៗ​ពី​អង្គរ​ឲ្យ​ពិភពលោក​កាន់តែ​បានដឹង បានឮ អំពី​ភាព​អស្ចារ្យ​នៃ​បេតិកភណ្ឌ​អង្គរ​របស់​យើង តាម​រយៈ​បណ្តាញ​សង្គម ផ្សេង​ៗ​ជាដើម​» ៕