លោក Duterte ទុកពេលឲ្យចៅហ្វាយក្រុង និងប៉ូលិស២៤ម៉ោងចូលសារភាព រឿងពាក់ព័ន្ធនឹងគ្រឿងញៀន

យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ឬ​អាច​ហៅ​បាន​ជា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក Rodrigo Duterte ជា​បុរស​កណ្ដាប់​ដៃ​ដែក បាន​បង្ហាញ​បញ្ជី​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​១៥០​នាក់ ដែល​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ក្នុង​នោះ​មាន​តាំង​ពី​តំណែង​ជា​ប៉ូលិស រហូត​ដល់​ចៅហ្វាយក្រុង រួម​ទាំង​មន្ត្រី​នយោបាយ​មួយ​ចំនួន​ទៀត ។

ជាមួយ​គ្នា​នឹង​ការ​ប្រកាស​បញ្ជី​ឈ្មោះ​នេះ លោក Duterte ទុក​រយៈ​ពេល​ឲ្យ​អ្នក​ទាំង​នោះ​ត្រឹម​តែ​២៤​ម៉ោង​ប៉ុណ្ណោះ ដើម្បី​ចូល​ខ្លួន​មក​ដោះស្រាយ​រឿង​នេះ ដោយ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​នោះ មាន​ចៅហ្វាយក្រុង​១៨​នាក់ និង​ប៉ូលិស​៣១​នាក់ បាន​ចូល​ខ្លួន​មក​ខាង​ប៉ូលិស នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​ហ្វីលីពីន លោក Dionard Carlos ។

ក្នុង​ចំណោម​ឈ្មោះ​ទាំង​ជាង​១៥០​នាក់​នោះ មាន​ម្នាក់​ជា​អតីត​ចៅហ្វាយក្រុង Cebu លោក Mike Rama តែ​លោក​បាន​បង្ហោះ​សារ​ប្រឆាំង​នឹង​ការ​ចោទប្រកាន់​នេះ លើ​បណ្ដាញ​សង្គម Facebook ដោយ​អះអាង​ថា លោក​គ្មាន​ពាក់ព័ន្ធ​អ្វី​នឹង​បញ្ហា​គ្រឿងញៀន​នោះ​ទេ ហើយ​លោក​នឹង​ចូលខ្លួន​សហការ​ជាមួយ​នឹង​ក្រុម​ស៊ើប​អង្កេត​ប្រឆាំង​គ្រឿងញៀន ។

ព័ត៌មាន​ដែល​បង្ហាញ​ថា ឈ្មោះ​ខ្ញុំ​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតី Duterte នោះ ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ណាស់” ដោយ​លោក​បាន​ហៅ​ការ​លើកឡើង​នេះ​ថា មិនមែន​ជា​រឿង​ពិត​ទេ “ខ្ញុំ​នឹង​រួម​សហការ​ជាមួយ​នឹង​អាជ្ញាធរ ដើម្បី​លុប​ឈ្មោះ​ខ្ញុំ​ចេញ​ពី​បញ្ជី​នោះ​ភ្លាម ។ ការ​គាំទ្រ​ចំពោះ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​ខ្ញុំ​ទៅ​កាន់​លោក Duterte នឹង​នៅ​តែ​បន្ត​មាន ហើយ​ដោយ​ឥត​ងាករេ” ៕ ប្រភព: kqube


Related Posts