សុំ​បារី​ជក់​ផ្ទុះ​ជម្លោះ​ខ្មែរ​-​យួន​កាប់​គ្នា​ផ្អើល​អ្នក​លឿង

សុំ​បារី​ជក់​ផ្ទុះ​ជម្លោះ​ខ្មែរ​-​យួន​កាប់​គ្នា​ផ្អើល​អ្នក​លឿង



ខេត្តព្រៃវែង ៖ អំពើ​ហិង្សា​រវាង​ខ្មែរ​២​នាក់​និង​វៀតណាម​មួយ​ក្រុម បាន​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ​មិន​ធ្លាប់​មាន បាន​កើតឡើង​នៅ​ចំណុច​ព្រំប្រទល់​ឃុំ​ព្រែក​ខ្សាយ​(​ខ​) និង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ
ទី​៧ សីហា ដោយ​បាន​បណ្តាល​ឱ្យ មនុស្ស​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ពេល​ដឹក​ដល់​មន្ទីរពេទ្យ គឺ​ខ្មែរ​ម្នាក់​និង​វៀតណាម​ម្នាក់ និង​មនុស្ស​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន ។ ក្នុង​ចំណោម​មនុស្ស​៥​នាក់ គឺ​២​នាក់​ក៏​រង​របួស​បែកក្បាល​យ៉ាងដំណំ​ផងដែរ ។

តាម​ការ​ផ្តល់​ព័ត៌មាន​ជំហាន​ដំបូង មូលហេតុ​ដែល​ធ្វើ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​នេះ​ឡើង គឺ​ដោយសារ​តែ​ទំនាស់​ពាក្យ​សំដី​ឌឺដង​ដាក់​គ្នា​រវាង​ជនជាតិ​វៀតណាម​មួយ​ក្រុម និង​ជនជាតិ​ខ្មែរ រឿង​សុំ​បារី​ជក់ ទើប​កើត​ទៅ​ជា​ទំនាស់​កាប់​ចាក់​គ្នា​ដោយ​ភាគី​ខាង​ជន​រង​គ្រោះជា​ខ្មែរ​មាន​គ្នា​២​នាក់​ប្តី​ប្រពន្ធ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជា​ជនជាតិ​វៀតណាម​មាន​គ្នា​៦-៧​នាក់ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ខ្មែរ​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ សេង រ័​ត្ន​ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​៣​នាក់​ផ្សេង​ទៀត​ជា​ជនជាតិ​វៀតណាម ទី​១-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​តេ​វ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម ភ្លាម​ៗ​ក្រោយ​ពី​កើតហេតុ ។ ទី​២-​ឈ្មោះ វី​រៈ ដែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ រង​របួស​បែកក្បាល​ផ្នែក​ខាងក្រោយ និង​ទី​៣-​ឈ្មោះ តូ យ៉ាំ​ង​ភុ​ក អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម​រង​របួសស្រាល ។

ក្រោយ​ផ្ទុះ​ហេតុការណ៍​កាប់​ប្រហារ​គ្នា​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ ក្នុង​នោះ​ទី​១-​ឈ្មោះ វី​រៈ ដែន ជា​កូន​របស់​មេ​ភូមិ​៦​នៅ​កន្លែង​កើតហេតុ ទី​២-​ឈ្មោះ តូ យ៉ាំ​ង​ភុ​ក អាយុ​៣៨​ឆ្នាំ ទី​៣-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​កង អាយុ​២៧​ឆ្នាំ ទី​៤-​ឈ្មោះ ង្វៀ​ន យ៉ាំ​ង​នឿ អាយុ​៣០​ឆ្នាំ និង​ទី​៥-​ឈ្មោះ ឡាំ យ៉ាំ​ង​សែង អាយុ​២៧​ឆ្នាំ ទាំង​៤​នាក់​ជា​ជនជាតិ​វៀតណាម និង​រស់នៅ​ក្នុងភូមិ​កើតហេតុ​នោះ ។

ចំពោះ​ដំណើររឿង​ដែល​នាំ​ឱ្យ​ឈាន​ដល់​ការ​បើក​ឆាក​កាប់​ប្រហារ​គ្នា​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ឱ្យ​ដឹង​ថា តាម​ចម្លើយ​របស់​ជន​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៥​នាក់​បាន​អះអាង​ថា ដើមហេតុ​គឺ​មក​ពី​ជន​រង​គ្រោះ សេង រ័​ត្ន​ធី ដើរមក​ទិញ​បារី​នៅផ្ទះ​លក់ដូរ​ក្ប​រែក​ន្លែ​ង​ដែល​ពួក​គេ​កំពុង​ផឹក ហើយ​បាន​ឈ្លោះ​ជាមួយ​ឈ្មោះ វី​រៈ ដែន និង​បាន​យក​កាំបិត​ដេញ​កាប់ ត្រូវ​ជើង​ខាងឆ្វេង​រយះ​ចេញ​ឈាម​ធ្វើ​ឱ្យ វី​រៈ ដែន ភ័យ​ក៏​ស្រែ​កថា ចោរប្លន់​ៗ ទើប​ធ្វើ​ឱ្យ​មានការ​ឆោឡោ​ឡើង ។ បន្ទាប់​មក​ឈ្មោះ សេង រ​ត្ន័​ធី បាន​ស្ទុះ​ទៅ​វាយ​ឈ្មោះ ង្វៀ​ង យាំង​តេ​វ បណ្តាល​ឱ្យ​រង​របួស​ទៀត ទើប​ពួក​គេ​នាំ​គ្នា​កាន់​ព្រនង់​ដំបង​ដេញ​វាយ​ឈ្មោះ សេង រ័​ត្ន​ធី វិញ គឺ​ដេញ​វាយ​ដល់​មុខ​ផ្ទះ​បណ្តាល​ឱ្យឈ្មោះ សេង រ័​ត្ន​ធី របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ទើប​នាំ​គ្នា​ត្រឡប់​មកវិញ ។ ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ចម្លើយ​របស់​ក្រុម​ជនជាប់ចោទ​ដែល​ត្រូវ​ចាប់ខ្លួន ប៉ុណ្ណោះ ។

ប៉ុន្តែបើ​យោង​តាម​ការ​អះអាង​របស់​ស្ត្រី​ឈ្មោះ ចាន់ ស៊ី​ណា អាយុ​៣១​ឆ្នាំ ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ សេង រ​ត្ន័​ធី និង​ជា​អ្នក​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ ព្រមទាំង​សាក្សី​អ្នកស្រុក​ជិតខាង​ដែល​បានឃើញ​ហេតុការណ៍​នោះ​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្តី​របស់​គាត់​(​សេង រ័​ត្ន​ធី​) បាន​ដើរទៅ​ទិញ​បារី​ជក់​នៅ​តូប​លក់ដូរ ក្បែរ​កន្លែង​ដែល​ឈ្មោះ វី​រៈ ដែន និង​បក្សពួក​ជា​ជនជាតិ​វៀតណាម​កំពុង​ផឹកស៊ី ហើយ​ពួក​គេ​បាន​សុំ​បារី​ជក់ តែ​ប្តី​គាត់​មិន​ឱ្យ​ទើប​កើត​មានការ​ឌឺដង​ជា​ពាក្យ​សំដី​ដាក់​គ្នា ។ រហូត​ដល់​ឈ្មោះ វិ​រៈ ដែន ស្ទុះ​ចេញពី​វង់​ផឹក មក​ដាល់​ប្តី​គាត់​១​ដៃ​ចំ​ភ្នែក ធ្វើ​ឱ្យ​ប្តី​គាត់​ខឹង​ក៏​តដៃ​វិញ ទើបត្រូវ​ក្រុម​អ្នក​ផឹក​ទាំង​ខ្មែរ​និង​យួន ព្រួត​គ្នា​វាយ​ប្តី​គាត់​ឡើង​ទ្រម​ខ្លួន និង​ដេញ​វាយ​រហូត​មក​ដល់​មុខ​ផ្ទះ​ទៀត ។

ឃើញ​បែប​នោះ​គាត់​ជា​ប្រពន្ធ​បាន​ចុះពីលើផ្ទះរ​ត់ទៅ​ជួយ​ប្តី ក៏​ត្រូវ​គេ​វាយ​ទាំង​ប្តី​និង​ប្រពន្ធ ហើយ​ខណៈ​ពេល​នោះ​ឈ្មោះ វី​រៈ ដែន មិនដឹង​ថា​បាន​ទៅ​ធ្វើ​អ្វី ស្រាប់តែ​ដាច់​ឈាម​ជើង ហើយ​ក៏​ស្រែ​កថា​ចោរប្លន់​ៗ​ទៅ ។ ភ្លាម​ៗ​ជនជាតិ​ខ្មែរ​រស់នៅ​ជុំវិញ​នោះ​មិនឃើញ​មុខ​នរណា​ម្នាក់​សោះ ស្រាប់តែ​ឃើញ​សុទ្ធតែ​ជនជាតិ​វៀតណាម ចេញ​មក​ព្រោងព្រាត​ពេញ​ភូមិ​ខ្លះ​កាន់ដំបង ខ្លះ​កាន់​ព្រនង់​កាំបិត​មក​វ៉ៃ​ប្តី​គាត់ សេង រ​ត្ន័​ធី ឡើង​ទក់​សាច់​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ។

ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នេះ​គ្រាន់តែ​ជា​ការ​អះអាង​របស់​ភាគី ទាំង​សងខាង​ប៉ុណ្ណោះ ។ ឯ​រឿងហេតុ​ពិត​កើតឡើង​យ៉ាងណា​នោះ សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្រាវជ្រាវ​តទៅ​ទៀត ។ ចំណែកឯ​ជន​ដែល​ត្រូវ​ចាប់​ទាំង​៥​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​កសាង​សំណុំរឿង​ចប់​រួចរាល់ ៕