ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​ល្អ និង​ម្ដាយ​មាន​សុខភាព​ល្អ ត្រូវ​ធ្វើ​ដូចម្ដេច?

កាល់ស្យូម ជា​សារធាតុ​ដែល​មាន​សារៈសំខាន់​ណាស់​ចំពោះ​មនុស្ស​គ្រប់​រូប​មិន​ថា​ក្មេង ចាស់ ប្រុស ឬ​ស្រី។ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​រឹត​តែ​ត្រូវ​ការ​សារធាតុ​កាល់ស្យូម​គ្រប់​គ្រាន់​សម្រាប់​សុខភាព​ខ្លួន និង​ទារក​ ដោយសារ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​គឺ​មាន​តម្រូវ​ការ​កាល់ស្យូម​ខ្លាំង​ជាង​គេ។ ដើម្បី​សុខភាព​ល្អ​ទាំង​ខ្លួន​ឯង និង​ទារក​ក្នុង​ផ្ទៃ អ្នក​ម្ដាយ​គ្រប់​រូប​អាច​ទទួល​បាន​សារធាតុ​កាល់ស្យូម​ពី​អាហារ​មួយ​ចំនួន ដូចជា បន្លែ​បៃតង​ចាស់ ទឹក​ដោះ​គោ​ជា​ដើម។ បញ្ហា​ត្រង់​ថា អ្នក​ម្ដាយ​ដែល​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​គ្រប់​រូប​ប្រាកដ​ទេ​ថា​ខ្លួន​បរិភោគ​អាហារ​ដែល​សម្បូរ​សារធាតុ​កាល់ស្យូម​គ្រប់​គ្រាន់?

 

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​ឲ្យ​ដឹង​ថា ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​ឡាយ​ដែល​ទទួល​ទាន​កាល់ស្យូម​មិន​បាន​គ្រប់គ្រាន់ គប្បី​ទទួល​ទាន​កាល់ស្យូម​បំពេញ​បន្ថែម​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​ការពារ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ហើយ​ជា​ពិសេស​បំផុត​ចំពោះ​ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់​ជាមួយ​ជំងឺ​លើស​សំពាធ​ឈាម។

 

ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​ល្អ និង​ម្ដាយ​មាន​សុខភាព​ល្អ ត្រូវ​ធ្វើ​ដូចម្ដេច?

 

អ្នក​ម្ដាយ​ដែល​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​គួរ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​សារៈសំខាន់​នៃ​កាល់ស្យូម និង​វិធី​ទទួល​បាន​សារធាតុ​កាល់ស្យូម​គ្រប់​គ្រាន់​សម្រាប់​សុខភាព​ខ្លួន​ឯង​ និង​ទារក​ក្នុង​ផ្ទៃ។ កម្រង​សំណួរ​ចម្លើយ​ខាង​ក្រោម អាច​ជួយ​អ្នក​នៅ​ក្នុង​បញ្ហា​នេះ៖

 

សំណួរ ១៖ សារធាតុ​កាល់ស្យូម​មាន​សារៈសំខាន់​យ៉ាង​ណា​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ទារក​ក្នុង​ផ្ទៃ?

ចម្លើយ៖ កាល់ស្យូម​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​មាតា និង​ទារក​នា​ពេល​បច្ចុប្បន្ន និង​អនាគត។ យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​ ថា កាល់ស្យូម​គប្បី​បំពេញ​បន្ថែម​ចាប់​ពី​សប្ដាហ៍​ទី​២០​នៃ​រយៈ​ពេល​មាន​ផ្ទៃ​ពោះ​ រហូត​ដល់​សម្រាល​បុត្រ។

– ទារក​ពិតជា​ចាំបាច់​ក្នុង​ការ​ទាមទារ​នូវ​ជាតិ​កាល់ស្យូម​ពី​ម្ដាយ​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង​លូតលាស់​ ធ្វើ​ឲ្យ​បេះដូង សរសៃ​ប្រសាទ និង​សាច់ដុំ​មាន​សុខភាព​ល្អ។

– កាល់ស្យូម​ជួយ​ឲ្យ​ចង្វាក់​បេះដូង​ទារក​ដំណើរ​ការ​ធម្មតា និង​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​កំណក​ឈាម។

– ដំណាក់​កាល ១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត គឺ​ជា​អំឡុង​ពេល​ដែល​ទារក​មាន​ការ​លូតលាស់​ខ្លាំង​ ទារក​ពិត​ជា​ចាំបាច់​ណាស់​ក្នុង​ការ​នាំ​ចូល​នូវ​​កាល់ស្យូម។

– យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​នៅ​ភាគ​ខាង​លិច​ប្រទេស​អាល់ហ្សេរី​ថា​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ស្ត្រី ៧០,៥៥% ជួប​បញ្ហា​កង្វះ​ជាតិ​កាល់ស្យូម ហើយ​ទារក​កើត​ធម្មតា​ ខ្វះ​កាល់ស្យូម ៥៣,៧១% ទារក​កើត​ដោយ​ការ​វះកាត់​ខ្វះ​កាល់ស្យូម ៥៥,៩៤% ឯ​ទារក​កើត​មិន​គ្រប់​ខែ​ខ្វះ​កាល់ស្យូម​រហូត​ដល់ ៧៩,០៩%។

 

ដូច្នេះ ការ​បរិភោគ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ ឬ​ទទួល​ទាន​សារធាតុ​បំប៉ន​កាល់ស្យូម​បន្ថែម គឺ​ជា​រឿង​ចាំបាច់​បំផុត។

 

សំណួរ ២៖ មាន​អ្វី​កើត​ឡើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ដែល​ខ្វះ​ជាតិ​កាល់ស្យូម?

ចម្លើយ៖ ពួកគេ​អាច​ជួប​បញ្ហា​មួយ​ចំនួន​ដូចជា៖

– ឆ្អឹង​ស្ពោត
– ញ័រ​ដៃ
– ស្ពឹក
– រមួល​ក្រពើ

 

សំណួរ ៣៖ ក្រៅ​ពី​ជួប​ផល​លំបាក​ខាង​លើ ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​អ្វី​ទៀត?

ចម្លើយ៖ ស្ត្រី​ដែល​ខ្វះ​កាល់ស្យូម​នៅ​ពេល​មាន​ផ្ទៃ​ពោះ​អាច​រង​គ្រោះ​ដោយ​សារ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ ជា​ពិសេស​វា​អាច​កើត​ឡើង​អំឡុង​ពេល​ស្ត្រី​មាន​ផ្ទៃ​ពោះ​នៅ​សប្ដាហ៍​ទី​២០ ហើយ​កើត​ឡើង​ច្រើន​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​លើក​ដំបូង។

 

សំណួរ ៤៖ បើ​ដូច្នេះ រោគសញ្ញា​ទាំង​នោះ​មាន​អ្វីខ្លះ​ដែល​ស្ត្រី​គួរ​កត់​សម្គាល់​បាន?

ចម្លើយ៖ រោគ​សញ្ញា​មួយ​ចំនួន​ដែល​អាច​សម្គាល់​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​បាន មាន៖

– លើស​សម្ពាធ​ឈាម
– ហើម​ដៃ និង​ជើង
– ធ្លាក់​ជាតិ​សាច់​តាម​ទឹក​នោម
– ឈឺ​ក្បាល
– ស្រវាំង​ភ្នែក

 

សំណួរ ៥៖ តើ​ត្រូវ​បន្ថែម​បរិមាណ​កាល់ស្យូម​ប៉ុន្មាន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ដើម្បី​ជៀសវាង​រាល់​បញ្ហា និង​ជំងឺ​ទាំង​នោះ?

ចម្លើយ៖ យោង​តាម​សៀវភៅ​ណែនាំ​អំពី​ការ​ពពោះ​នៅ​អាមេរិក ដែល​មាន​ចំណង​ជើង​ថា “ការ​មាន​ផ្ទៃ​ពោះ និង​កំណើត​ទារក” ឲ្យ​ដឹង​ថា មាន​ការ​ស្រាវជ្រាវ​ចំនួន ១៣ ផ្សេង​គ្នា​នៅ​ឆ្នាំ​២០១៤ ដែល​មាន​អ្នក​ចូលរួម​ជា​ស្ត្រី​ចំនួន ១៥ ៧៣០ នាក់ បាន​បង្ហាញ​ថា​ការ​បន្ថែម​កាល់ស្យូម ១០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ មាន​អត្ថប្រយោជន៍​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​បាន​ពី ៣១% ទៅ ៦៥% ជា​ពិសេស​ចំពោះ​ស្ត្រី​ដែល​ទទួល​ទាន​អាហារ​ដែល​ពុំ​សូវ​សម្បូរ​កាល់ស្យូម។

 

យោង​តាម​អត្ថបទ​ផ្សព្វផ្សាយ​របស់ National Academy Press របស់​អាមេរិក​ក្នុង​ឆ្នាំ​២០១០ បង្ហាញ​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ ឬ​កំពុង​បំបៅ​ដោះ​កូន​គួរ​ទទួល​ទាន​សារធាតុ​កាល់ស្យូម​ឲ្យ​បាន ១៣០០ មីលីក្រាម ក្នុង​មួយ​ថ្ងៃ។ ដូចនេះ ស្ត្រី​ជា​មាតា​គ្រប់​រូប​ត្រូវ​ទទួល​ទាន​អាហារ​ដែល​សំបូរ​សារធាតុ​កាល់ស្យូម ឬ​សារធាតុ​បំប៉ន​កាល់ស្យូម​បន្ថែម។

 

សំណួរ ៦៖ អ្នក​ម្ដាយ​គ្រប់​រូប​គួរ​ធ្វើ​បែប​ណា​ដើម្បី​ប្រាកដ​ថា​ខ្លួន​ទទួល​បាន​សារធាតុ​កាល់ស្យូម​គ្រប់​គ្រាន់?

ចម្លើយ៖ ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​ស្ត្រី​បំបៅ​ដោះ​កូន​ទាំង​ឡាយ​អាច​ទទួល​ទាន​អាហារ​មួយ​ចំនួន​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​រាល់​ថ្ងៃ មាន៖

– តៅហ៊ូ ២ ដុំទម្ងន់ ៥៦ ក្រាម មាន​កាល់ស្យូម​ចំនួន ៤៥ មិល្លីក្រាម
– ទឹកដោះ​គោ​ជូរ​លាយ​ផ្លែ​ឈើ ១ កំប៉ុង​តូច​ទម្ងន់ ១៣០ ក្រាម មាន​កាល់ស្យូម​ចំនួន ១៣០ មិល្លីក្រាម
– ទឹកដោះ​គោ​គ្មាន​ជាតិ​ខ្លាញ់ ១ ពែង មាន​កាល់ស្យូម ៣០០ មិល្លីក្រាម

 

ការ​ទទួល​ទាន​អាហារ​ទាំង​នេះ​ជា​ប្រចាំ នឹង​អាច​ផ្ដល់​សារធាតុ​កាល់ស្យូម​ចាំបាច់​ដល់​សុខភាព​មាតា និង​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ។

 

សំណួរ ៧៖ ចុះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​ដែល​មិន​បាន​ទទួល​ទាន​អាហារ​ទាំង​នេះ​ជា​ប្រចាំ ឬ​មិន​ចូលចិត្ត​អាហារ​ទាំង​នេះ តើ​ពួកគាត់​ត្រូវ​ធ្វើ​ដូចម្ដេច?

ចម្លើយ៖ ក្រៅពី​អាហារ​ដែល​បាន​រៀបរាប់​ខាង​លើ ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​អស់​អាច​ជ្រើស​រើស​យក​ផលិត​ផល​សារធាតុ​បំប៉ន​កាល់ស្យូម ដើម្បី​បំពេញ​បន្ថែម​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទ្រទ្រង់​សុខភាព​របស់​ខ្លួន និង​ទារក​ក្នុង​ផ្ទៃ​ឲ្យ​មាន​ការ​លូតលាស់​បាន​ល្អ​ប្រសើរ៕

 

ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​ល្អ និង​ម្ដាយ​មាន​សុខភាព​ល្អ ត្រូវ​ធ្វើ​ដូចម្ដេច?

 

អត្ថបទ៖ ពាណិជ្ជកម្ម