ស្ថានទូត​ធំៗ ៨ នឹង​រួម​គ្នា​ប្រាប់​ពី​វិធី​ទទួល​បាន​អាហារូបករណ៍​

ថ្ងៃ​ទី៤ កញ្ញា នេះ ស្ថាន​ទូត​ធំៗ និង​ភ្នាក់ងារ​អាហារូបករណ៍​ចំនួន ៨ នឹង​រួមគ្នា​ចែក​រំលែក​គន្លឹះ​ក្នុង​ការ​ត្រៀម និង​ចាប់​យក​អាហារូបករណ៍​​ទៅ​កាន់​ប្រទេស​រៀងៗ​ខ្លួន ក្នុង​សន្និសីទ​អាហារូបករណ៍​លើក​ទី​៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

 

ក្រោម​របៀបវារៈ​សំខាន់ៗ​ពេញ​មួយ​ថ្ងៃ តំណាង​ស្ថាន​ទូត និង​ស្ថាប័ន​អាហារូបករណ៍​ទាំង ៨ នឹង​ជជែក​គ្នា​យ៉ាង​លម្អិត​លើ​មធ្យោបាយ​ស្វែង​រក​ព័ត៌មាន តម្រូវ​ការ និង​លក្ខខណ្ឌ​នៃ​អាហារូបករណ៍​ល្បីៗ ចាប់​ពី​កម្រិត​បរិញ្ញាបត្រ​ បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​វគ្គ​សិក្សា​ខ្លី ដែល​មាន​ដូចជា Fulbright, Chevening, Australian Awards, New Zealand ASEAN Scholar Awards, Erasmus+, KGSP, Monbukagakusho និង Eiffel Scholarships សម្រាប់​បន្ត​ការ​សិក្សា​នៅ​អាមេរិក អង់គ្លេស អូស្ត្រាលី នូវែលហ្សេឡង់ សហគមន៍​អឺរ៉ុប កូរ៉េ ជប៉ុន និង​បារាំង។

 

ស្ថានទូត​ធំៗ ៨ នឹង​រួម​គ្នា​ប្រាប់​ពី​វិធី​ទទួល​បាន​អាហារូបករណ៍​

សន្និសីទ​អាហារូបករណ៍​លើក​ទី​៤ កាល​ពី​ឆ្នាំ​២០១៥

 

វាគ្មិន​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​រូប នឹង​ជជែក​ពិភាក្សា​លម្អិត​លើ​​ផ្នែក​​សំខាន់​ទាំង ៣ នៃ​ដំណើរ​ការ​ស្នើ​សុំ​អាហារូបករណ៍ គឺ​សំណេរ​អំពី​ខ្លួន​ឯង គម្រោង​សិក្សា និង​ការ​សម្ភាស​ដែល​ជា​កត្តា​កំណត់​ពិន្ទុ​នៃ​បេក្ខជន​ម្នាក់ៗ។ ការ​ណែនាំ​ទាំង​នេះ​​នឹង​ជួយ​ឲ្យ​សិស្ស​និស្សិត​ដឹង​ថា​តើ​ ជំហាន​មួយ​ណា​ដែល​ខ្លួន​គួរ​រៀបចំ​ទៅ​មុខ​ទៀត និង​អាច​វាយ​តម្លៃ​សមត្ថភាព​របស់​ខ្លួន ហើយ​បំពេញ​បន្ថែម​ភាព​ខ្វះ​ចន្លោះ​ដែល​មាន​សារៈសំខាន់​ដល់​​ការ​ប្រកួត​ប្រជែង​ដណ្ដើម​យក​អាហារូបករណ៍។

 

សន្និសីទ ក៏​នឹង​ពិភាក្សា​លើ​អាហារូបករណ៍​បរទេស​មួយ​ចំនួន​ដែល​ផ្ដល់​ឲ្យ​សិស្ស​និស្សិត​នៅ​ ទូទាំង​សាកល​លោក និង​ដែល​ផ្ដល់​ដោយ​ផ្ទាល់​ពី​សាកល​វិទ្យាល័យ​នៅ​បរទេស។ អាហារូបករណ៍​ទាំង​នេះ​មិន​សូវ​មាន​​​អ្នក​ដឹង ​ហើយ​ងាយ​ស្រួល​នឹង​ត្រូវ​បាន​ជ្រើសរើស​ជាង​អាហារូបករណ៍​ល្បី​ឈ្មោះ​មួយ​ចំនួន​ដែល​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

 

ស្ថានទូត​ធំៗ ៨ នឹង​រួម​គ្នា​ប្រាប់​ពី​វិធី​ទទួល​បាន​អាហារូបករណ៍​

សន្និសីទ​អាហារូបករណ៍​លើក​ទី​៤ កាល​ពី​ឆ្នាំ​២០១៥

 

កម្មវិធី​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា នេះ ចាប់​ផ្ដើម​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៥ ល្ងាច។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង 012 230 140 / 010 911 776 ឬ​ចូល​ផេក​ហ្វេសប៊ុក Anussa Event Planner ៕

 

អត្ថបទ៖ ដៃ​គូ​សហការ