បុរសមានលក្ខណៈយ៉ាងម៉េចទៅ ទើបធ្វើឱ្យនារីៗពេញចិត្តស្ដូក ?

អ្នកខ្លះនិយាយថា ​ដើម្បីក្លាយជាបុរសម្នាក់ដែលធ្វើឱ្យនារីៗពេញចិត្តស្ដូកបាននោះ ​គេត្រូវតែជាបុរសដែលអ្នកមានទ្រព្យសម្បត្តិ! ​មានសម្ភារៈប្រើប្រាស់ឡូយឆាយទំនើប! ​ឧស្សាហ៍ប៉ាវនារីៗចូលញ៉ាំអី! ចិត្តរហ័សដៃហ៊ាន! ​ពូកែតុបតែងខ្លួន ឬប្រើទឹកអប់ម៉ាកល្បីៗ! ​ ឆ្លាត ឬរៀនពូកែជាដើម ។ ​អ្វីៗទាំង​នេះ វាពិតតែបង្កឱ្យមានភាពទាក់ទាញទៅកាន់នារីៗក៏ពិតមែន​ ប៉ុន្តែសម្រាប់ស្រ្តីៗវិញ គឺគេនឹងមិនសូវជាមើលឃើញចំណុចអស់ទាំងនេះពីប្រុសៗដែលមានលក្ខណៈដូចខាងលើនេះឡើយ ។​
សម្រាប់នារីៗ ​ភាគច្រើនគឺគេតែងតែប្រើអារម្មណ៍ជាជាងខួរក្បាល ​គឺតែងតែប្រតិកម្មរហ័ស និងបញ្ចេញអាការៈរបស់គេដើម្បីឆ្លើយតបភ្លាមៗ និងហ៊ានព្រមបើកភ្លើងខៀវទៅកាន់ប្រុសៗដែលចូលចិត្តប្រើលក្ខណៈទាំងប៉ុន្មានខាងលើដើម្បីទាក់ទាញកែវភ្នែករបស់នារីៗ ​ហើយការដាក់ចិត្ត​ងាយៗបែបនេះភាគច្រើនគឺជាចំណងមនោសញ្ចេតនាដែលមិននឹងនរ ឬមនោសញ្ចេតនាបែបក្មេងខ្ចី ឆាប់ៗដ៏ខ្លី ចំណងស្នេហាផ្លេកបន្ទោរបែបនេះនឹងត្រូវកាត់ផ្ដាច់ ។ ​
រីឯសម្រាប់ស្រ្តីវិញ ​គេមិនមែនចេះតែមើលប្រុសៗតាមតែលក្ខណៈសម្បកក្រៅសាមញ្ញៗដូចខាងលើនេះឡើយ ​ភាគច្រើននៃសន្ដាននិស្ស័យរបស់ស្រ្តីៗ​ គឺគេនិយមមើល និងដាក់ចិត្តទៅលើតែបុរសៗជំពូកណាដែលមានសន្ដានចិត្តល្អ មានចិត្តមេត្តា-ករុណា​ ចេះជួយសម្រាលទុក្ខលំបាករបស់អ្នក​ដទៃ​ និងជានិច្ចកាលតែងតែប្រឡូកក្នុងការងារសប្បុរសធម៌ ឬការងារជួយសង្គមជាដើម ។ បុរសៗជំពូកបែបនេះ គឺកម្រមានខ្លាំងណាស់នៅក្នុងសង្គមឡូយឆាយដូចសង្គមបច្ចុប្បន្ននេះ ផ្ទុយទៅវិញគឺសម្បូណ៌តែក្រុមកូនអ្នកមានឃ្លានក្រ​ ដែលនិយមសម្ញែងឫកពារក្រអឺតក្រទម​ ឫកពារបោកប្រាស់​បញ្ឆោតមនោសញ្ចេតនាក្មេងខ្ចីរបស់នារីៗ ​ឫកពារសម្ភារៈនិយមជាដើម ដែលការប្រើប្រាស់មធ្យោបាយសាមញ្ញៗដើម្បីទាក់ទាញចិត្តនារីៗ ឬស្រ្តីៗបែបនេះ គឺបានត្រឹមតែមួយខណៈពេលខ្លីប៉ុណ្ណោះ​ ដែលវាធ្វើឱ្យការដាក់អារម្មណ៍​ និងដាក់ចិត្តរបស់នារីៗ​ ឬស្រ្តីៗឆាប់សាប​ ឆាប់សាយ ។ ​
ដូច្នេះ​ មានតែជំពូកបុរសៗដែលមាននិស្ស័យប្រឡូកក្នុងការងារសង្គមប៉ុណ្ណោះ ​ទើបជាជំពូកបុរសគួរជាទីពេញចិត្តស្ដូករបស់មិត្តស្រ្តីៗ ប៉ុន្តែសម្រាប់នារីៗវិញ​ គេកម្រមើលឃើញបែបនេះណាស់ ៕​

បុរសមានលក្ខណៈយ៉ាងម៉េចទៅ ទើបធ្វើឱ្យនារីៗពេញចិត្តស្ដូក ?ដោយ៖ ឈូក ស
Cool FM 100.7 (BI)