ហេង សំ​ហៃ មេ​គយ​ច្រក​ផែ​កែវផុស ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​

រយៈពេល​ប្រមាណ​ជាង​១​ខែ​កន្លងទៅនេះ លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​កំពង់ផែ​កែវផុស បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាត់​បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​ខ្លះ​ផង ព្រោះ​កន្លងមក​មាន​ប្រភព​ខ្លះ​លើកឡើងថា ការនាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​កំពង់ផែ​កែវផុស ដែលជា​ផែ​ឯកជន​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ជាច្រើន​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ជាងនេះទៅទៀត​កំពង់ផែ​កែវផុស ត្រូវបាន​កម្មករ​បុគ្គ​លិ​ក​បម្រើ​ការងារ​មួយចំនួន​បង្ហើប​ឲ្យ​ដឹងថា មិនដែល​ឃើញ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចុះទៅ​ត្រួតពិនិត្យ​ម្តងណា​ឡើយ​។

​ឥឡូវនេះ​សេចក្ដីរាយការណ៍​ពី​បុគ្គលិក កម្មករ កំពង់ផែ​កែវផុស​បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក ហេង សំ​ហៃ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​កែវផុស ជំនួស​លោក នុត លី​ឆូ​យ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ គឺ​លោក ហេង សំ​ហៃ កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែខ្លាំង​លើស​មុន​ទៅទៀត​។ មានការ​សង្ស័យថា លោក ហេង សំ​ហៃ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​កែវផុស ទើប​ខំប្រឹង​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លោក ហេង សំ​ហៃ មិន​ចាត់វិធានការ​ទប់ស្កាត់​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​នោះទេ ហើយ​បែរជា​ឃុបឃិត​បិទបាំង​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ទាំងនោះ​យ៉ាង​រលូន​ថែមទៀត​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​កំពង់ផែ​កែវផុស បាន​បង្ហើប​ឲ្យ​ដឹងថា​ទំនិញគេចពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ​មានដូចជា ស៊ីម៉ងត៍ គ្រឿងសំណង់ ភេសជ្ជៈ ម៉ូតូ ចំណី​ជ្រូក ទំនិញ​ចាប់ហួយ គ្រឿង​ជ័រ និង​ស្ករស​ជាដើម​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ហេង សំ​ហៃ ទេនោះ​គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​កែវផុស​បាន​ដូច​សព្វថ្ងៃ​នេះឡើយ ហើយ​ទំនិញ​ទាំងនោះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ ប៉ុន្តែ​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​លោក ហេង សំ​ហៃ ទើប​ឈ្មួញ​ធំៗ​ដូចជា ឈ្មោះ ផាត់ ប៊ុន ឈ្មោះ ហ៊ា​ម៉េង ឈ្មោះ ចែ​ស៊ី និង​ចែ​រ៉ា អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​ភាពមិនប្រក្រតី​ដែល​កើតឡើង​នៅ​ច្រក​កំពង់ផែ​កែវផុស​ជាបន្ទាន់ ព្រោះ​កំពង់ផែ​នេះ​គឺជា​ប្រភព​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យូរ​ឆ្នាំ​មកហើយ​៕

IMG_9641 9567