មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈ្មោះ ស៊ុន សុធា ឈរជើង​លើផ្លូវ​ជាតិ​លេខ​៤​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​លោក ស៊ុន សុធា មន្ត្រីនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ទទួលបាន​លិខិត​បេសកកម្ម​ជា​ប្រធាន​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ឈរជើង​លើផ្លូវ​ជាតិ​លេខ​៤​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ស៊ុន សុធា និង​បក្ខពួក​កំពុង​ប្រើ​លិខិត​បេសកកម្ម​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​យ៉ាង​រលូន​។ បញ្ហា​នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​លោក ស៊ុន សុធា កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។

តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក ស៊ុន សុធា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​អាង​អំណាច​ឪពុក​ខ្លួន​ជា​តំណាងរាស្ត្រ និង​មាន​ខ្នងបង្អែក​ជា​ឧបនាយករដ្ឋមន្ត្រី​មួយរូប​ដែលមាន​អំណាច​ខ្លាំង​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។ ហេតុនេះហើយ​ទើប​ក្រោយពេល​ទទួលបាន​លិខិត​បេសកកម្ម​ឈរជើង​លើផ្លូវ​ជាតិ​លេខ​៤ គឺ​លោក ស៊ុន សុធា បើកដៃ​ឲ្យ​កូនចៅ​ក្រោយ​ឱវាទ​ប្រមូល​លុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ទាំងយប់​ទាំង​ថ្ងៃ​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​មួយខែៗ​លោក ស៊ុន សុធា និង​កូនចៅ​ក្រោម​ឱវាទ​ប្រមូល​លុយ​បាន​មិនតិចជាង​៣​ម៉ឺន​ដុល្លារ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​នោះទេ ដូច្នេះ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ស៊ុន សុធា និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ​។

ប្រភពពី​មន្ត្រីនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ទៀតថា​កាល​ឈរជើង​នៅក្នុង​ខេត្តស្ទឹងត្រែង ក៏​លោក ស៊ុន សុធា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ ជាពិសេស​ការប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ឥឡូវនេះ​ពេល​ទទួលបាន​លិខិត​បេសកកម្ម​ជា​ប្រធាន​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ឈរជើង​លើផ្លូវ​ជាតិ​លេខ​៤ គឺ​លោក ស៊ុន សុធា កាន់តែ​ល្បីឈ្មោះ​ថែមទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​មានការ​ខ្លាចរអា​យ៉ាងខ្លាំង​។ ហេតុនេះហើយ​ទើប​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ស៊ុន សុធា និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​សូម្បីតែ​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុតពី​ការបង់​លុយ​ឲ្យ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​លើផ្លូវ​ជាតិ​លេខ​៤​ដែរ​៕

image901លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ