រឿងអាស្រូវ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​

ក្រោយពេល​បាន​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនបាន​ប៉ុន្មាន​ផង​ស្រាប់តែ​លោក វេ​ង សាខុន បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មន្ត្រី​ក្នុង​ក្រសួង​នេះ បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជ្រាប​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ មន្ត្រី​ក្រសួងកសិកម្ម​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក វេ​ង សាខុន ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ជំនួស​លោក អ៊ុក រ៉ាប៊ុន ទើប​ខំប្រឹង​ប្រើ​គ្រប់​វិធី​ដើម្បី​ស្រង់ដើម​វិញ​។ ជាក់ស្ដែង​រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន កំពុង​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក វេ​ង សាខុន មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

មន្ត្រីរាជការ​ក្នុង​ក្រសួងកសិកម្ម ក៏បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​អំពី​ទង្វើ​មិន​ប្រក្រតី​របស់លោក​រដ្ឋមន្ត្រី វេ​ង សាខុន ក្នុងការ​ផ្លាស់ប្ដូរ​មុខតំណែង ក៏ដូចជា​ដំឡើង​តួនាទី​មន្ត្រីរាជការ​ក្នុង​ក្រសួង​នេះ ហើយ​តាមរយៈ​វិធី​នេះ​លោក វេ​ង សាខុន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សម្រាប់​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ផងដែរ ព្រោះ​ការផ្លាស់ប្ដូរ​តំណែង​និង​ការដំឡើង​តួនាទី​មន្ត្រីរាជការ​ដោយមាន​ភាពមិនប្រក្រតី​កំពុង​រាលដាល​នៅក្នុង​ក្រសួងកសិកម្ម​។ ប្រភពពី​មន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ទៀតថា តំណែង​ចាប់ពី​ថ្នាក់​អគ្គនាយករង អគ្គនាយក​នៅក្នុង​ក្រសួងកសិកម្ម ត្រូវ​ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​ទើប​អាច​ទប់​ជាប់ ហើយ​តំណែង​ប្រធាន​មន្ទីរ​កសិកម្ម​តាម​បណ្ដា​ខេត្ត​នានា ក៏​ស្ថិតក្រោម​ការចាត់ចែងរ​ប​ស់លោក វេ​ង សាខុន ដែរ​គឺ​រឿង​លុយកាក់​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​ក្នុង​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា មានកូន​រដ្ឋមន្ត្រី​ម្នាក់​ដែល​បច្ចុប្បន្ន​បម្រើការ​ងា​រ​នៅក្នុង​ខុទ្ទកាល័យ​រដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​អនុប្រធាននាយកដ្ឋាន ស្រាប់តែ​ឥឡូវនេះ​ល្បី​ថា​ត្រូវ​ដំឡើង​ឋានៈ​ទៅជា​ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ​ក្នុងពេល​ឆាប់ៗ​។ ដូច្នេះ​ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ​បច្ចុប្បន្ន​ដែល​សកម្ម​ការងារ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ចៀស​មិន​ផុតពី​ត្រូវ​ផ្លាស់ប្ដូរ​មុខតំណែង​ឡើយ ព្រោះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ មន្ត្រី​នៅក្នុង​ក្រសួងកសិកម្ម​ជាច្រើនរូប​បាន​រិះគន់ថា កូន​រដ្ឋមន្ត្រី​ដែល​នឹង​ក្លាយទៅជា​ប្រធាន​នាយកដ្ឋាន​ការ​ផែនការ​ស្ថិតិ​នាពេល​ឆាប់ៗ​ខាងមុខ​នោះ កំពុង​ដើរតួ​ជា​រដ្ឋមន្ត្រី​យ៉ាង​ក្រអឺតក្រទម ព្រោះ​រាល់​ឯកសារ​ការងារ​ទាក់ទង​ទៅ​រដ្ឋមន្ត្រី គឺ​ត្រូវ​ឆ្លងកាត់​បុគ្គល​ម្នាក់​នោះ​ជាមុនសិន​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល​ភាពមិនប្រក្រតី​នៅក្នុង​ក្រសួងកសិកម្ម​ជាបន្ទាន់ ព្រោះ​លោក​រដ្ឋមន្ត្រី វេ​ង សាខុន កំពុង​ប្រើប្រាស់​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

image324លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ Ministry_of_algricuture_150908