លោក ទា គឹម​សុទ្ធ រង​ការរិះគន់​ពី​រឿង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​

លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប កំពុង​ត្រូវ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ ចូលមក​ក្រុង​សៀមរាប យ៉ាង​ពេញបន្ទុក​នោះទេ​។ ផ្ទុយទៅវិញ​លោក ទា គឹម​សុទ្ធ បាន​បើកដៃ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ស្វាយ​លើ ឃុបឃិត​ជាមួយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហេតុនេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​ខ្លះ​ផង ព្រោះ​ឈ្មួញ​មួយចំនួន​នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​យ៉ាង​គឃ្លើន​។

មន្ត្រីរាជការ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​២​នាក់​ឈ្មោះ តេង និង​ឈ្មោះ រ៉េត តែងតែ​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​ស្វាយ​លើ ហើយ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ម្តងណា​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ស្វាយ​លើ ដែលមាន​រហស្សនាម​១៩ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ តេង និង​ឈ្មោះ រ៉េត ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ក៏​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ផងដែរ​។ និយាយ​ឲ្យ​ងាយ​ស្ដាប់​គឺ​សមត្ថកិច្ច​តាម​ដងផ្លូវ​ក្នុងស្រុក​ស្វាយ​លើ ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ទា គឹម​សុទ្ធ ទេនោះ​គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ស្វាយ​លើ និង​ស្រុក​ដទៃទៀត មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​របស់​ថ្នាក់លើ​។ ដូច្នេះ​បទល្មើស​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ស្វាយ​លើ ក៏ដូចជា​ពី​ស្រុក​វ៉ារិន ចូល​ក្រុង​សៀមរាប យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ គឺមាន​ការបើក​ដៃ​ពី​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ប្រសិនបើ​គ្មាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជាមួយ​ក្រុម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ខេត្តសៀមរាប​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តសៀមរាប នៅតែ​កើតឡើង​ឥតឈប់ឈរ​៕

13263880_1714412162158808_4473707608426999984_nលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប srpe