សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​រឹងមាំ និង​តស៊ូ​ដូច​សកម្មជន​នៅក្នុង​ប្រទេស​

​បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ជា​គណបក្សជំទាស់​នៅឡើយ​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លទ្ធផល​បោះឆ្នោត​កាលពី​អាណត្តិ​ទី​៥ និង​ការធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​ភាពមិនប្រក្រតី​ក្រោយ​ការបោះឆ្នោត​នៅ​គ្រា​នោះបាន​បង្ហាញថា​ប្រជាប្រិយភាព និង​សន្ទុះ​នៃ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ ហើយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​គោលជំហរ​រឹងមាំ​ផងដែរ​។ ទន្ទឹមនឹងនេះ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជា​គណបក្សនយោបាយ​ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស ពិសេស​នៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​គាំទ្រ​ច្រើនជាងគេ ហើយ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​ផុសផុល​នៅ​ទីនោះ​។​

ជាក់ស្តែង​នៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​ជាន់ថ្នាក់​កំពុងតែធ្វើការ​តស៊ូ​យ៉ាង​សស្រាក់សស្រាំ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ក៏បាន​សម្តែង​ការកោតសរសើរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ថា បើទោះជា​ពួកគាត់​កំពុង​រស់នៅ​ឆ្ងាយ​ពី​ប្រទេស​កំណើត​ក៏ដោយ ក៏​ពួកគាត់​មាន​ឆន្ទៈ​រឹងមាំ និង​មនសិការ​ស្នេហា​ជាតិ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា បើ​យោងតាម​ការសង្កេត​រប​ស់លោក​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​បើទោះជា​បាន​ឃ្លាតឆ្ងាយ​ពី​ប្រទេស​កំណើត​យូរ​ឆ្នាំ​មកហើយ​ក៏ដោយ ក៏​ពួកគាត់​នៅតែមាន​ទឹកចិត្ត​ស្នេហា​ជាតិ ស្នេហា​យុត្តិធម៌ និង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ដូច​ប្រទេស​ដែល​ពួកគាត់​កំពុង​រស់នៅ​ផងដែរ​។  លោក សម រង្ស៊ី បាន​រំពឹងទុក​ថា​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​បានកើត​នៅលើ​ទឹកដី​ប្រទេស​រីកចម្រើន​ទាំងនោះ​នឹង​ជួយ​ជ្រោមជ្រែង​តាម​គ្រប់​មធ្យោបាយ​របស់​ពួកគាត់​ដែលមាន​ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ខណៈ​ពួកគាត់​សុទ្ធសឹងតែ​ជា​យុវជន​ដែលមាន​សមត្ថភាព​ខ្ពស់​។​

​គួរ​បញ្ជាក់ថា កន្លងមក​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ដែលមាន​ទាំង​នៅ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី ពលករ​នៅ​ប្រទេស​សៀម និង​ពលករ​នៅ​ប្រទេស​កូរ៉េ​ជាដើម តែងតែ​ផ្ញើ​ប្រាក់​យ៉ាងច្រើន​មក​ចូលរួម​វិភាគទាន​ដល់​កិច្ចការ​មនុស្សធម៌ និង​សង្គម​នៅ​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​ដឹកនាំ​ធ្វើបាតុកម្ម​ដោយ​អហិង្សា​នៅ​ទីនោះ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ដឹកនាំ​ប្រទេស​កម្ពុជា​តាម​មាគ៌ា​ត្រឹមត្រូវ​៕

13903352_1160333220690076_6195592203670868954_n 13939398_1160331924023539_5378334664674084332_n 13872981_1161105613946170_3276291382779206934_n