“ជំនឿ​មើល​ប្រផ្នូល​តាម​ក្អែក​បូល”

ក្អែក គឺជាឈ្មោះបក្សីមួយប្រភេទ សម្បុរខ្មៅសុទ្ធ ដំណើរលោតៗ ច្រើនបរិភោគសព ឬរបស់ស្អុយរលួយ ជាអាហារ ហើយចាស់ទុំបុរាណមានទំនាយមើលតាមរយៈសត្វនេះបូលទៅតាមថ្ងៃនីមួយៗ និងពេលនីមួយៗ។ តើជំនឿទំនាយក្អែកបូលមានអ្វីខ្លះ?

សៀវភៅលំអានទំនៀមខ្មែរបុរាណ រៀបរៀងដោយ លោក ញាណ ភឿន និងលោក ម៉ម ឆៃ បង្ហាញពីប្រពៃណីទំនៀមទម្លាប់ពាក់ព័ន្ធនឹងក្អែកបូលនេះថា ការបូលរបស់សត្វក្អែក គឺជាការឲ្យប្រផ្នូលអ្វីមួយល្អ ឬអាក្រក់ ដែលអាចកើតមានឡើង ដោយមើលតាមថ្ងៃនីមួយៗ ទិសនីមួយៗ ឬពេលវេលានៃសត្វក្អែកបូល ហើយជំនឿនេះកើតមានតៗគ្នាពីដូនតា។
“ជំនឿ​មើល​ប្រផ្នូល​តាម​ក្អែក​បូល”
ប្រភពដដែលបង្ហាញពីទំនាយក្អែកបូលទៅតាមថ្ងៃនីមួយៗថា៖
បើវាបូលនៅថ្ងៃអាទិត្យ នៅទិសបូព៌ វេលាព្រឹកឲ្យទាយថា នឹងមានភ្ញៀវមកកាន់ផ្ទះ។ បើថ្ងៃត្រង់ ត្រូវប្រយ័ត្ន ក្រែងមានគេធ្វើទោសឲ្យដល់យើង។ បើថ្ងៃរសៀលនឹងកើតមានលាភដល់យើង។ បើល្ងាចមានចោរលួច។

បើបូលក្នុងថ្ងៃច័ន្ទ ទិសអាគ្នេយ៍ ពេលព្រឹកទាយថា ឲ្យប្រយ័ត្នក្រែងមានចោរចូលមកលួច។ បើថ្ងៃត្រង់ត្រូវប្រយ័ត្ន ក្រែងគេមកឲ្យទោសដល់យើង បើថ្ងៃរសៀលនឹងមានបងប្អូនព្រាត់ប្រាសគ្នា បើថ្ងៃល្ងាចនឹងមានមិត្តសំឡាញ់មករកយើង។

បើវាបូលថ្ងៃអង្គារ ទិសទក្សិណពេលព្រឹក ឲ្យទាយថា មានគេបំរុងមកធ្វើទោសដល់យើង ពេលថ្ងៃត្រង់នឹងមានទុក្ខទោស ឲ្យប្រយ័ត្នក្រែងភ្លើងឆេះផ្ទះ ថ្ងៃរសៀលនឹងមានមិត្តសំឡាញ់មករកយើង ឬអ្នកផងមករកយើង។

បើវាបូលថ្ងៃពុធ ទិសនិរតីនាពេលព្រឹក ឲ្យទាយថា នឹងមានគេមកឲ្យលាភដល់យើង ថ្ងៃត្រង់នឹងកើតមានលាភដល់យើង ថ្ងៃរសៀលមានគេយករបស់ល្អឲ្យយើង ថ្ងៃល្ងាច នឹងមានមិត្តសម្លាញ់ នាំយកលាភយសសិរីសួស្តីឲ្យដល់យើង។

បើវាបូលក្នុងថ្ងៃព្រហស្បតិ៍ នៅទិសបស្ចឹមពេលព្រឹក ឲ្យទាយថា មានសត្រូវប៉ុនប៉ងបំរុងធ្វើទុកទោស ថ្ងៃត្រង់នឹងមានគេមកឲ្យលាភដល់យើង ថ្ងៃរសៀល យើងមានលាភមានជ័យឈ្នះអស់សត្រូវ ថ្ងៃល្ងាចនឹងមានឈ្លោះប្រកែកគ្នា ឬមានគេមកពីចម្ងាយមករកយើង។

បើវាបូលថ្ងៃសុក្រ ទិសពាយព្យ ពេលព្រឹកឲ្យទាយថា នឹងមានហេតុពុំជា ថ្ងៃត្រង់នឹងមានសត្រូវមកឲ្យទោស ថ្ងៃរសៀលនឹងមានភ្ញៀវមករកយើង ថ្ងៃល្ងាចនឹងមានអ្នកចម្ងាយមករកឲ្យដំណឹងផ្សេងៗ។

បើវាបូលថ្ងៃសៅរ៍ ទិសឧត្តរ ពេលព្រឹកទាយថា នឹងមានឮដំណឹងផ្សេងៗ ថ្ងៃត្រង់នឹងមានគេមកឲ្យលាភ ថ្ងៃរសៀល ត្រូវប្រយ័ត្នក្រែងមានសត្រូវមកឲ្យទោស ថ្ងៃល្ងាច នឹងមានគេនាំលាភមកប្រគល់ឲ្យដល់យើង។

ប្រភព ៖ express

 

  • “ជំនឿ​មើល​ប្រផ្នូល​តាម​ក្អែក​បូល”已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ចំនេះដឹង
Tags: