Vj Alaskoo ហក់​ចូល​សម្ដែង​ភាពយន្ត

Vj Alaskoo ដែល​មាន​អតីតភាព​ជា​ពលករ​បម្រើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ទទួល​ឱកាស​សម្ដែង​ភាពយន្ត​លើក​ទី​១ ចាប់​តាំង​ពីធ្វើ​មាតុភូមិ​និវត្តន៍​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ចុង​ឆ្នាំ ២០១៥។

 

Vj Alaskoo ហក់​ចូល​សម្ដែង​ភាពយន្ត

 

អៀង សំអាត ហៅ Vj Alaskoo ជាមួយ ទេព រិនដារ៉ូ(រូបភាព៖​ផ្ដល់​ដោយ Vj Alaskoo)

 

ភាពយន្ត​ទី១ អតីត​ប្រធាន​ក្រុម​តារា​ចម្រៀង​ពលករ​នៅ​កូរ៉េ​ i-Star ទទួល​បាន​ឱកាស​នេះ​ មាន​ចំណង​ជើង​ថា ““យាយស្ទាវ ចៅស្ទើរ “​ ​របស់​ផលិតកម្ម SKR Entertainment ដែល​ទើប​ក្រុង​ពាលី​ចុង​សប្ដាហ៍​មុន​នេះ។

 

“ទើប​សម្ដែង​ដំបូង​បំផុត​ក្នុង​ភាពយន្ត​បង ដឹង​ម៉េច​ម៉ា តែ​អ្នក​ដឹកនាំ​គាត់​សរសើរ​ដែរ​ថា សម្ដែង​បាន​គ្រាន់​បើ…មិន​ត្រឹម​ប៉ុណ្ណឹង​ គាត់​ច្រឡំ​ថា​ខ្ញុំ​មិន​មែន​ខ្មែរ ថា​ស្រីលង្កា​ឯណា​ណោះ​វិញ(សើច)!”។ Vj Alaskoo ថ្លែង។

 

តាម​សាមី​ខ្លួន ក្នុង​ខ្សែ​វីដេអូ​ភាគ​​ខាង​លើ លោក​ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង តម្រូវ​ឲ្យ​សម្ដែង​ជា​អង្គប្រជែង​តួ​ប្រុស​ ស្រឡាញ់​តួ​ស្រី ក្នុង​នោះ​លោក​មាន​ប្លង់​ជា​ច្រើន​សម្រាប់​វីដេអូ​ដែល​មាន​ទាំង​អស់ ៣៥​ភាគ​នេះ។ Vj Alaskoo ដែល​មាន​ឈ្មោះ​ពិត​ថា អៀង សំអាត ថ្លែងឲ្យ​ដឹង​ទៀត​ថា លោក​មោទនភាព ចាប់​តាំង​ពី​វិល​ត្រឡប់​ពី​ធ្វើ​ការនៅ​ប្រទេស​កូរ៉េ​រួច​មក ការងារ​សិល្បៈ​ចាប់​ផ្ដើម​មាន​ផ្លែ​ផ្កា។

 

Vj Alaskoo ហក់​ចូល​សម្ដែង​ភាពយន្ត

 

“ដំបូង​ឡើយ ខ្ញុំ​នឹក​ស្មាន​មិន​ដល់ ពេល​មក​ដល់​មាន​មិត្តភក្ដិ​សិល្បៈ​រាប់​អាន​ច្រើន ហើយ​ឥឡូវ​ទទួល​បាន​ការងារ​សិល្បៈ​បន្ត​បន្ទាប់​ទៀត។ អីចឹង​ហើយ ខ្ញុំ​នឹង​ខំ​ពុះពារ​បន្ថែម​ទៀត ហើយ​មាន​មោទនភាព​មែន​ទែន”។

 

អៀង សំអាត គឺ​ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ក្រោយ​បាន​ចាក​ចេញ​ពី​កម្ពុជា​តាំង​ពី​ឆ្នាំ ២០០៨។ រយៈ​ពេល​នោះ លោក​ក៏​បាន​បង្កើត​ក្រុមចម្រៀង​មួយ​ឈ្មោះ i-Star ដែល​ប្រមូល​ផ្ដុំ​ដោយ​ពលករ​ខ្មែរ​នៅ​កូរ៉េ ហើយ​លោក​គឺ​ជា​អ្នក​និពន្ធបទ​ចម្រៀង​សម្រាប់​ក្រុម និង​ដឹកនាំ​ផង។ ក្រៅ​ពី​នេះ ជា​ពិធី​ករ ជា​អ្នក​សម្រប​សម្រួល​កម្មវិធី និង​ដឹក​នាំ​កម្មវិធី​មួយ​ចំនួន​ផង។

 

ពាក់​ព័ន្ធ​នឹង​ការងារ​ចុង​ក្រោយ​នេះ Vj Alaskoo បង្ហើប​ថា មាន​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន កំពុង​ទាក់​ទង​លោក​ឲ្យ​កាន់​តំណែង​ជា​ពិធីករ​កម្មវិធី​របស់​គេ តែ​អ្វី​ៗ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា៕

 

អត្ថបទ៖ ទារិកា