ដាំ​ដើម​គុយ​មាន​ប្រយោជន៍​គ្រោង​ដាំ​ឱ្យ​បាន​ច្រើន​ក្នុង​ព្រៃ​តំបន់​អង្គរ

ខេត្តសៀមរាប ៖ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​ដាំ​ដើម​គុយ​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ផ្លែ​គុយ​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ។ គំនិត​ចង់​បង្កើត​គម្រោង​នេះ​ឡើង ដោយ​មើលឃើញ​នូវ​ផលប្រយោជន៍​ចម្ការ​ព្រៃ​គុយ​គំរូ​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ភូមិ​ថ្នល់​បណ្តោយ ឃុំ​ប្រដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

លោក​និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ការ​បង្កើត​គម្រោង​នេះ​ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចូលរួម​ជួយ​ថែរក្សា​ការពារ​ព្រៃឈើ​ផង ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ផង និង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក​និ​ន ចាន់​សា​មៀន ថ្លែង​ថា «​ដោយ​រយៈកាល​កន្លង​មក​បានឃើញ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​គាត់​បាន​កាប់​ព្រៃឈើ​ក្នុង​ចម្ការ​គាត់​ដែល​មាន​ផ្ទៃដី​៦​ហិ​កតា អស់​២​ហិ​កតា ដែល​គ្មាន​ដើម​គុយ​ដុះ​យក​ដី​ដាំ​ដើម​ស្វាយកែវ​ល្មៀត​វិញ ចំណែក​ដី​៤​ហិ​កតា​ទៀត​ដែល​មាន​ដើម​គុយ​ដុះ​គាត់​បាន​រក្សា​ទុក ។ នៅ​ពេល​ស្វាយ​ឲ្យ​ផល គាត់​បាន​បេះ​ផ្លែស្វាយ​មួយ​ហិ​កតា​យក​ទៅ​លក់​បាន​ប្រាក់​ត្រឹមតែ​៤០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ព្រៃឈើ​ដែល​មាន​ដើម​គុយ​ដុះ​វិញ ក្នុង​មួយ​ហិ​កតា​ដូច​គ្នា​គាត់​ប្រមូល​ផល​ផ្លែ​គុយ​លក់​បាន​ប្រាក់​ដល់​ទៅ​១០០០​ដុល្លារ​ឯណោះ ។ ដោយសារ​ព្រៃឈើ​ដែល​មាន​ដើម​គុយ​របស់​គាត់​ផ្តល់​ផលប្រយោជន៍​ច្រើន​ជាង​ចម្ការ​ស្វាយ ទើប​គាត់​ឈប់​កាប់​ដី​ព្រៃឈើ​យក​មក​ធ្វើ​ជា​ចម្ការ​ស្វាយ​តទៅ​ទៀត ។

ដោយ​មាន​គំរូ​ខាងលើ​នេះ ទើប​យើង​សាកល្បង​ដាំ​ដើម​គុយ​ក្នុង​ព្រៃ​នៅ​ផ្លូវ​៦០ ស្ថិត​នៅ​ភូមិ​ក្រវាន់ សង្កាត់​អង្គរធំ​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន​៣០០០​ដើម​លើ​ផ្ទៃដី​២០​ហិ​កតា ។ រយៈពេល​៣​ឆ្នាំ​ក្រោយមក យើង​ឃើញ​ថា​ដើម​គុយ​ចាប់ផ្តើម​ផ្តល់​ផល​ឲ្យ​ដោយ​មាន​ចេញ​ផ្លែផ្កា​ក្តឹប បណ្តើរ​ៗ​ហើយ ។ តាម​រយៈ​បទ​ពិសោធន៍​ដែល​យើង​ធ្វើ​សាកល្បង​ទទួល​បាន​ជោគជ័យ​នេះ យើង​នឹង​ស្នើ​សុំ​គម្រោង​នេះ​ទៅ​ថ្នាក់លើ ដើម្បី​ផ្សព្វផ្សាយ ណែនាំ​ពី​របៀប​បណ្តុះ​និង​ដាំ​ដើម​គុយ​» ។

លោក​និ​ន ចាន់​សា​មៀន យល់​ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​បាន ទាល់តែ​ពួក​គាត់​បាន​ទទួលផល​ប្រយោជន៍​ពី​ព្រៃឈើ​ដែល​មាននៅ​ក្បែរ​តំបន់​ពួក​គាត់​រស់នៅ​នោះ ។ ការ​រៀបចំ​បែប​នេះ​នឹង​ជម្រុញ​ឲ្យ​មានការ​ចូលរួម​ចំណែក​របស់​អ្នកស្រុក​ងាក​មក​ដាំ​ដើម​គុយ​ឲ្យ​បាន​ច្រើន​ដើម្បី​ថែរក្សា​ព្រៃឈើ​ផង និង​បង្កើន​ព្រៃឈើ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ឲ្យ​កាន់តែ​ច្រើន​ឡើង​ផង ព្រោះ​កាលណា​ព្រៃឈើ​មាន​ដើម​គុយ ពួក​គាត់​មិន​អាច​កាប់​ព្រៃឈើ​នោះ​បាន​ទេ ដោយសារ​ពួក​គាត់​ទទួល​បាន​ផលប្រយោជន៍​ពី​ដើម​គុយ​ដែល​វារ​ឡើង​តាម​ដើមឈើ​នោះ​ដែរ ៕